ផ្លូវចំនូន៧ខ្សែនៅ ខណ្ឌ ទួលគោកកំពុងជួសជុលឡើងវិញ
លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោកបានឲ្យដឹងថា៖ផ្លូវលេខ២៨៥មានប្រវែង៤៩០ម៉ ទទឹង៨ម៉កន្លះ តភ្ជាប់ពីផ្លូវលេខ៥១៦ទៅផ្លូវលេខ៦០៨ ក្នុងសង្កាត់បឹងកក់ទី១ខណ្ឌទួលគោកក្នុងចំណោមផ្លូវទាំង៧ខ្សែក្នុងខណ្ឌ ដែល ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានសម្រេចឲ្យធ្វើការជួសជុលកែលម្អឡើងវិញជាបន្ទាន់ក្រោយទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀងដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ក្នុងនាមប្រជាពលរដ្ឋក្នុងខណ្ឌទួលគោក លោក ឯក ឃុនដឿន បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តម ឃួង ស្រេង ដែលបានអនុវត្តតាមអនុសាសន៏ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជាដែលបានណែនាំឲ្យមានការជួសជុល និងស្តារឡើងវិញ រាល់ហេដ្ឋារចនាសម្ពន្ធ័ដែលខូចខាតក្រោយជំនន់ទឹកភ្លៀងតាមបណ្តាខណ្ឌក្នុងរាជធានីភ្នំពេញ។
លោក ឯក ឃុនដឿន បានឱ្យដឹងទៀតថា៖ផ្លូវលេខ២៨៥ដែលត្រូវធ្វើការជួសជុលនាពេលនេះ គឺយើងកាយគ្រឹះចាស់ដែលខូចចេញ ធ្វើគ្រឹះជាថ្មីមុននឹងអ៊ុតកៅស៊ូទៅតាមស្តង់ដារបច្ចេកទេស។លោកអភិបាលខណ្ឌក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវដែលកំពុងតែដំណើរការជួសជុលនេះ សូមមានការចូលរួមសហការ ដើម្បីទុកលទ្ធភាពឲ្យដំណើរការការដ្ឋានប្រព្រឹត្តទៅដោយរលូន
និង បានរួចរាល់តាមការគ្រោងទុក។ ម៉្យាងទៀតកំណាត់ផ្លូវនេះក៏ជាផ្លូវសំខាន់ក្នុងការរំដោះចរាចរណ៍ពីផ្លូវលេខ៧០ (ទំនប់ទួលគោក)និងផ្លូវតំបន់អភិវឌ្ឍន៏បឹងកក់ផងដែរ។
លោក ឯក ឃុនដឿន ក៏បានសុំការយោគយល់ពីសំណាក់បងប្អូនប្រជាពលរដ្ឋអ្នកដំណើរចំពោះការបិទផ្លូវនៅទីតាំងជួសជុលផ្លូវរយ:ពេលពេលខ្លីដើម្បីឲ្យគ្រឿងចក្រងាយស្រួលក្នុងការចល័តកៀរឬកាយដី៕