Detail Top Banner

CAMSOC ប្រកាសថា ចាប់ពីឆ្នាំ២០២១តទៅ នឹងចាប់ផ្តើមធ្វើការសម្រុកឆ្ពោះទៅស៊ីហ្គេម ២០២៣

ភ្នំពេញ៖ ចាប់ពីឆ្នាំ២០២១តទៅ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា​អាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដែលមានគណៈកម្មការជំនាញចំនួន១៤ ក្រោមឱវាទ​របស់ខ្លួន នឹងត្រូវចាប់ផ្តើមធ្វើសកម្មភាពការងារសម្រុកយ៉ាងសកម្ម ដើម្បីសម្រួចគោលដៅ​ឱ្យបានរួចរាល់ ក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្កេម (កីឡាជនពិការ) លើកទី១២ ឆ្នាំ២០២៣។ នេះជាការលើកឡើង របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC ក្រោយបញ្ចប់​កិច្ចប្រជុំ ក្រោមការដឹកនាំអង្គប្រជុំ ប្រចាំសប្តាហ៍ពីឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធាន​អចិន្ត្រៃយ៍ CAMSOC នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ នៅទីស្នាក់ការគណៈកម្មាធិការ​ជាតិ​អូឡាំពិកកម្ពុជា ក្រោយពីសម្រាកមួយរយៈដោយសារវិបត្តិជំងឺកូវីដ-១៩។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC មានប្រសាសន៍ថា ឆ្នាំ២០២១ គឺជាឆ្នាំចាប់​ផ្តើមឆ្ពោះទៅទទួលរៀបចំស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេម លើកទី​១២ ឆ្នាំ២០២៣ ដែលយើងមានផែនការច្បាស់លាស់ក្នុងការរៀបចំ ការហ្វឹកហាត់ក្រុម​កីឡាករ កីឡាការិនីជម្រើសជាតិ ក្នុងឋានៈជាម្ចាស់ផ្ទះ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ឱ្យទទួលបានជោគជ័យ។

ឯកឧត្ដមបញ្ជាក់ថា គណៈកម្មការជំនាញទាំង១៤នៃCAMSOCនឹងចាប់ផ្តើមធ្វើការងារ ចាប់ពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ តាមផែនការរបស់ខ្លួន ដើម្បីឱ្យទាន់ពេលវេលា។ ជាមួយគ្នានេះ ចាប់ពីពេលនេះតទៅ គ្រប់គណៈកម្មការជំនាញទាំងអស់​ត្រូវធ្វើការ​យ៉ាងសកម្ម ដើម្បីឱ្យប្រាកដប្រជាថា ដល់ឆ្នាំស៊ីហ្គេម ២០២៣ អ្វីៗទាំងអស់ត្រូវរួចរាល់​គ្រប់ជ្រុងជ្រោយទាំងអស់ ដូចជាកម្មវិធីរត់ភ្លើងគុបនៅកម្ពុជា និងនៅបណ្តាប្រទេស​អាស៊ាន, ការហ្វឹកហាត់របស់ក្រុមជម្រើសជាតិ, ការប្រកួតមុនស៊ីហ្គេមជាដើម ដោយ​ឆ្នាំ២០២១ និងឆ្នាំ២០២២ គឺជាឆ្នាំពិសេសក្នុងការត្រៀមខ្លួនឱ្យបានរួចរាល់។

ឯកឧត្តមអគ្គលេខាធិការបន្ថែមថា នៅក្នុងកិច្ចប្រជុំថ្ងៃនេះក៏ទទួលបានលទ្ធផលល្អប្រសើរ ដោយគណៈកម្មការជំនាញទាំងអស់បានយល់ច្បាស់ពីផែនការយុទ្ធសាស្ត្ររៀងៗខ្លួន ដើម្បីសម្រុកធ្វើសកម្មភាពការងារទៅតាមដំណាក់កាលនីមួយៗប្រកបដោយភាពច្បាស់លាស់ ការទទួលខុសត្រូវខ្ពស់ ស្របតាមការការចង្អុលបង្ហាញរបស់ឯកឧត្តមបណ្ឌិត ថោង ខុន ហើយយើងនឹងធ្វើរបាយការណ៍ជូនសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC។ ក្រោយបញ្ចប់កិច្ចប្រជុំ ថ្នាក់ដឹកនាំ​ក្នុង​គណៈកម្មការជំនាញទាំងអស់ បានដើរពិនិត្យការិយាល័យនានា ក៏ដូចជាបានទៅមើល​ការិយាល័យទូរទស្សន៍ឯកទេសកីឡា CSTV ដែលជាទូរទស្សន៍ជំនាញ ក្នុងការផ្សព្វផ្សាយ​រួម​ដំណើរឆ្ពោះទៅស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា​យើងផងដែរ៕​ by AKP

អត្ថបទដែលជាប់ទាក់ទង