គន្លឹះ 3 យ៉ាង ថែរក្សារសុខភាពល្អប្រសើរ ដោយចំណាយលុយតិច
ការថែរក្សាសុខភាពអោយនៅល្អនិងមាំមួន មិនមែនជារឿងងាយស្រួលឡើយ។ ជារឿយៗនៅពេលដែលអ្នកចង់រស់នៅដោយមានសុខភាពល្អ អ្នកប្រហែលជាត្រូវចំណាយពេលច្រើន មានការខិតខំប្រឹងប្រែងខ្លាំង និងអាចត្រូវចំណាយថវិកាច្រើនផងដែរ។
សម្រាប់មនុស្សមួយចំនួន នេះបានន័យថា ត្រូវចំណាយពេលវេលា និងថវិកាក្នុងការជ្រើសរើសម្ហូបអាហារ ឬសម្ភារៈសម្រាប់សុខភាពនៅហាងនានា ដោយព្យាយាមយល់ពីផលប្រយោជន៍សុខភាពមិនច្បាស់លាស់របស់ផលិតផលមួយចំនួនដូចជា កៅអីល្អសម្រាប់ការងារការិយាល័យ គ្រែគេង និងឧបករណ៍ផ្សេងៗ ឬរកមើលអ្វីសកម្មភាពណាមួយឲ្យបានធ្វើនឹងគេនៅពេលទៅកន្លែងហាត់ប្រាណ។
ដើម្បីជាការលើកទឹកចិត្តដល់អ្នក យើងបានរៀបចំវិធីសាមញ្ញចំនួន ៣ ដែលអ្នកអាចកែប្រែរបៀបរស់នៅរបស់អ្នកឱ្យកាន់តែប្រសើរ មានសុខភាពល្អ ព្រមទាំងសន្សំប្រាក់បានក្នុងពេលតែមួយ។
1. ការរៀបចំបញ្ជីរាយមុខម្ហូប
ប្រាកដណាស់ ការដែលត្រូវអង្គុយរៀបបញ្ជីរាយមុខទំនិញ គឺត្រូវចំណាយពេលបន្ថែម។ ប៉ុន្តែធ្វើអញ្ចឹង គឺអាចមានផលប្រយោជន៍ច្រើន។ ផលប្រយោជន៍ជាបឋម គឺការចំណេញពេលជាជាងដើរទិញទំនិញដោយឥតគោលដៅ។
បន្ថែមពីនេះទៀត នៅពេលដែលអ្នករាយបញ្ជីទិញទំនិញល្អចំពោះសុខភាព អ្នកអាចសម្រេចដកចេញនូវអាហារ និងភេសជ្ជៈមិនល្អបាន ព្រោះថាផលិតផលទាំងនោះ ទូទៅជាអ្វីដែលមិនយើងទិញដោយមិនបានព្រាងទុក។ ដូចនេះនៅពេលដែលអ្នកទៅហាងទំនិញ អ្នកគ្រាន់តែកំហិតការទិញរបស់អ្នក ជាមួយនឹងបញ្ជីដែលអ្នកបានធ្វើនោះជាការស្រេច។
ការធ្វើបញ្ជីនេះ ក៏មានន័យថាអ្នកមានផែនការយ៉ាងច្បាស់លាស់សម្រាប់របបអាហារប្រចាំថ្ងៃ និងសប្តាហ៍ទុកជាមុន។ ដូច្នេះអ្នកអាចនឹងមានទំនោរចង់ចំអិនម្ហូបអាហារនៅផ្ទះញឹកញាប់ជាមុន។ វិធីនេះក៏ជួយអោយអ្នកសន្សំថវិកាបានច្រើនដោយមិនចំណាយថវិកាទៅបរិភោគអាហារនៅតាមភោជនីយដ្នានខាងក្រៅ ហើយថែមទាំងទទួលបានជម្រើសអាហារល្អសម្រាប់សុខភាពទៀតផង។
2. អភិវឌ្ឍទម្លាប់គេងអោយបានល្អ
សម្រាប់អ្នកដែលមិនបានដឹង អ្នករស់នៅភ្នំពេញអាចក្រោកពីគេងពីព្រលឹមដើម្បីជិះរថយន្តក្រុងទៅធ្វើការនិងសាលារៀនបានទាន់ពេល។ ហើយបើទោះបីជាអ្នកចូលចិត្តធ្វើដំណើរដោយប្រើប្រាស់យានជំនិះផ្ទាល់ខ្លួនក្តី អ្នកក៏គួរក្រោកពីគេងឲ្យបានលឿនផងដែរ ព្រោះថាវាមានផលប្រយោជន៍ល្អចំពោះសុខភាព។
ដើម្បីទទួលបានអត្ថប្រយោជន៍បែបនេះ អ្នកត្រូវរៀបចំពេលវេលាគេងឲ្យបានទៀងទាត់។ ធ្វើដូចនេះមិនត្រឹមតែអាចសន្សំសំចៃក្នុងការធ្វើដំណើរតែប៉ុណ្ណោះទេ វាថែមទាំងជួយអ្នកអោយមានទម្លាប់ល្អ ដែលវាអាចជំរុញអោយសារពាង្គកាយអ្នកទទួលបានដំណើរការជីវសាស្ត្រដ៏ទៀងទាត់មួយ។ តាមការសិក្សាជាច្រើនបានអោយដឹងថា ការក្រោកពីគេងពីព្រលឹមជារៀងរាល់ព្រឹកអាចនាំអោយអ្នកទទួលលទ្ធផលវិជ្ជមានជាបន្តបន្ទាប់នៅពេលថ្ងៃ ដូចជាភាពសកម្មជាងមុន មាននិន្នាការគិតវិជ្ជមាន និងព្រមទាំងអាចមានស្មារតីបង្កើតគម្រោងល្អជាច្រើនថែមទៀត។
ការគេងមិនបានគ្រប់គ្រាន់ ឬមិនទៀងទាត់ អាចបង្កឲ្យមានផលប៉ះពាល់ និងហានិភ័យជាច្រើនដល់សុខភាពរបស់អ្នក។ បើអ្នកយកចិត្តទុកដាក់លើការរៀបចំកាលវិភាគដំណេករបស់អ្នកឲ្យបានដិតដល់ អ្នកនឹងមានទម្លាប់គេងល្អជាងមុន ដែលជាទូទៅមានចន្លោះពេលពី 7 ទៅ 8 ម៉ោងក្នុងមួយថ្ងៃ។
3. ចូលរួម ឬបង្កើតក្រុមហាត់ប្រាណជាមួយគ្នា
យើងម្នាក់ៗប្រហែលជាធ្លាប់ប្រាប់ខ្លួនឯងថា ពេលណាមួយយើងនឹងធ្វើលំហាត់ប្រាណអោយច្រើន ឬរស់នៅឲ្យបានប្រសើរជាងមុន។ ប៉ុន្តែមានមនុស្សតិចណាស់ដែលអាចតាំងចិត្តធ្វើដូចនោះបាន។ វាពិតជាងាយស្រួលណាស់ដែលយើងគ្រាន់តែនិយាយ ឬគិតថានឹងចូលរួមហាត់ប្រាណដើម្បីអោយមានអារម្មណ៍ថាយើងជំរុញខ្លួនឯងក្នុងទិសដៅត្រឹមត្រូវ។ ធ្វើអញ្ចឹងប្រហែលជាបានតែមួយរយៈពេលខ្លី។ យូរៗទៅ អ្នកអាចនឹងបោះបង់ផែនការនោះចោល នៅពេលដែលការងារអ្នកកាន់តែរវល់។
វិធីសាស្ត្រដ៏ល្អមួយដើម្បីលើកទឹកចិត្តអោយខ្លួនអ្នកធ្វើលំហាត់ប្រាណជាទៀងទាត់ គឺអ្នកគួរតែមានដៃគូហាត់ជាមួយ ឬហាត់ជាក្រុម ព្រោះថានៅពេលដែលអ្នកហាត់ម្នាក់ឯងគឺអាចលុបចោលផែនការហាត់ប្រាណបានយ៉ាងស្រួល ប៉ុន្តែយើងនឹងខ្លាចចិត្តមិត្តភក្តិ ឬក្រុមរបស់យើង ដែលយើងបានសន្យាថានឹងហាត់ប្រាណរួមគ្នានោះ។
បន្ថែមពីនោះទៀត ការធ្វើលំហាត់ប្រាណជាក្រុមអាចជាផ្នែកមួយជំរុញអោយមានភាពសប្បាយរីករាយ ភាពប្រាស្រ័យទាក់ទងគ្នាដែលធ្វើអោយកាត់បន្ថយភាពខ្ជិលរបស់យើង។ ដូច្នេះ ហៅមិត្តភក្តិ ឬបងប្អូនអ្នកឲ្យបានហាត់ប្រាណជាគ្នា ដើម្បីអ្នកអាចមានពេលវេលាស្និទ្ធស្នាលផង និងបានថែរក្សាសុខភាពផង។
ប្រកាន់ភ្ជាប់ទៅនឹងផែនការដែលបានរៀបចំរួច
រឿងចាំបាច់បំផុតដែលធ្វើអោយរបៀបនៃការរស់នៅរបស់យើងកាន់តែប្រសើរនិងមានសុខភាពកាន់តែល្អ គឺត្រូវធានាថាអ្នកចំណាយពេលដើម្បីអនុវត្តផែនការដែលអ្នកបានរៀបចំ។ គន្លឹះគឺថាអ្នកមិនគួរចាប់ផ្តើមជាមួយគោលដៅធំហួសនោះទេ។ ត្រូវធ្វើម្តងបន្តិចម្តងៗរហូតដល់ពេលដែលអ្នកអាចលៃលកបង្កើនពេលវេលា ថវិកា ឬកម្លាំងបន្ថែមឲ្យឈានទៅមុខមួយកម្រិតទៀត។By AIA
សម្របសម្រួលផ្សាយដោយ លោក ឆេង សេងសេង
ឯកសារយោង
[1] Forbes – Benefits of Early Risers – https://www.forbes.com/pictures/lmj45hjhj/benefits-of-early-risers/#b873def58800