ការស្ថាបនាកែលម្អផ្លូវជាតិលេខ២ សម្រេចបានលទ្ធផលជាង ២០ភាគរយហើយ នឹងអាចចប់តាមផែនការដែលបានគ្រោងទុក
លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា មកដល់ពេលនេះ ការស្ថាបនាកែលម្អផ្លូវជាតិលេខ២ សម្រេចបានលទ្ធផលជាង ២០ភាគរយហើយៗតាមល្បឿននៃការសាងសង់នេះនឹងអាចចប់តាមផែនការដែលបានគ្រោងទុក។
លោកបានបញ្ជាក់ថា ក្រុមហ៊នទទួលការសាងសង់កំពុងមមាញឹកអនុវត្តការងាររបស់ខ្លួន តាមផែនការកំណត់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បើទោះបីការអភិវឌ្ឍត្រូវបានរំខានដោយជំងឺរាតត្បាតកូវីដ-១៩ និងបញ្ហាទឹកជំនន់ដែលធ្វើឱ្យប៉ះពាល់ផ្នែកខ្លះនៃកំណាត់ផ្លូវ កាលពីពេលកន្លងទៅនេះក៏ដោយ។ លោកបន្តថា តាមល្បឿននៃការសាងសង់ក្នុងពេលបច្ចុប្បន្ន រំពឹងថា ផ្លូវនេះនឹងរួចរាល់ជាស្ថាពរនៅត្រីមាសទី១ ឆ្នាំ២០២២ ប្រសិនជាមិនមានឧបសគ្គមករាំងស្ទះ។
រាជរដ្ឋាភិបាល បានចាប់ផ្តើមកែលម្អកំណាត់ផ្លូវជាតិលេខ២ ពីក្រុងតាខ្មៅ ដល់ក្រុងដូនកែវ និងកំណាត់ផ្លូវជាតិលេខ២២ ពីរង្វង់មូលអូរចំបក់ ក្រុងដូនកែវដល់ផ្លូវជាតិលេខ៣ ត្រង់ផ្សារអង្គតាសោម កាលពីខែកុម្ភៈ ឆ្នាំ២០២០ ក្នុងគម្រោងសម្បទានពីធនាគារនីហរ័ណអាហរ័ណកូរ៉េ នៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលមានទឹកប្រាក់សរុបជាង ៥៦លានដុល្លារអាមេរិក ដោយផ្តល់សិទ្ធិទៅឱ្យក្រុមហ៊ុន Hanshin Engineering & Construction Co., Ltd របស់កូរ៉េជាអ្នកសាងសង់។
គម្រោងកែលម្អផ្លូវជាតិទាំងពីរខ្សែនេះ នឹងត្រូវធ្វើការពង្រីកលើផ្លូវចាស់ដោយក្រាលកៅស៊ូ AC (Asphalt Concrete) សាងសង់ស្ពានថ្មីចំនួន ១១កន្លែង និងស្ថាបនាលូរំដោះទឹកភ្លៀង មានលូជ្រុងកាត់ទទឹងថ្នល់ ៥៦កន្លែង និងលូមូលកាត់ទទឹងថ្នល់ ១៧កន្លែង។
ការស្ថាបនានេះ បែងចែកជាបីកំណាត់ផ្លូវធំៗ ដោយកំណាត់ទី១ ចាប់ផ្តើមចេញពីរង្វង់មូលតាខ្មៅ ដល់រង្វង់មូលស្ត្រីបីកួរស្រូវ មានប្រវែង ៨,៧៤គីឡូម៉ែត្រ ត្រូវពង្រីកពី ២គន្លង ទៅ ៤គន្លង ដោយនៅតំបន់ទីប្រជុំជនមានទទឹងផ្លូវ ១៥ម៉ែត្រ និងក្រៅតំបន់ទីប្រជុំជនមានទទឹងផ្លូវ ២០,៥ម៉ែត្រ។
កំណាត់ទី២ ចាប់ផ្តើមចេញពីរង្វង់មូលស្រ្តីបីកួរស្រូវ ដល់រង្វង់មូលអូរចំបក់ដែលមានប្រវែង ៥៣,៨១៩គីឡូម៉ែត្រ ដែលផ្លូវស្ថិតក្នុងតំបន់ជនបទដោយរៀបចំមាន ២គន្លង ក្នុងទំហំផ្លូវទទឹង ១៣ម៉ែត្រ។
កំណាត់ទី៣ ចាប់ផ្តើមពីរង្វង់មូលអូរចំបក់ ដល់ផ្សារអង្គតាសោម(ផ្លូវជាតិលេខ ២២) ដែលមានប្រវែង ៩,៦១១គីឡូម៉ែត្រ ដែលស្ថិតក្នុងតំបន់ជនបទ ដោយកំណាត់ ផ្លូវនេះមានទំហំទទឹងផ្លូវសរុប ១៣ម៉ែត្រ៕