Detail Top Banner

អភិបាលខេត្ត​ឧត្ដរមានជ័យ អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​រួមគ្នា​ការពារ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ កុំឱ្យ​មានការ​ចម្លង​ដល់​បងប្អូន​ក្នុង​ក្រុមគ្រួសារ ក៏ដូចជា​នៅក្នុង​សហគមន៍​

ខេត្តឧត្ដរមានជ័យ៖ ​នៅ​ព្រឹក​ថ្ងៃ​១០​កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ ខែធ្នូ ឆ្នាំ​២០២០​ ឯកឧត្ដម ស៊ី ប្រា​សិទ្ធ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្ដម ប៉ែន កុស​ល្យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩​ខេត្តឧត្ដរមានជ័យ ឯកឧត្ដម នាយ​ឧត្ដមសេនីយ ហ៊ូ សា​គុណ អគ្គ​ស្នងការរង នៃ​អគ្គស្នងការ​នគរបាល​ជាតិ និង​លោក ហុក គឹម​ចេង អគ្គនាយក​បច្ចេកទេស​ក្រសួង​សុខាភិបាល បាន​បន្ត​ដឹកនាំ​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ​ការវិលត្រឡប់​របស់​ព​លករ​ខ្មែរ​ចេញ​​មកពី​ប្រទេស​ថៃ​ចូល​ប្រទេស​កម្ពុជា តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់​។​

​ឯកឧត្ដម ប៉ែន កុស​ល្យ បាន​មានប្រសាសន៍ថា ខណៈ​ពេលនេះ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ចំនួន​៧ ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ត្រូវបាន​ពេញ ចំពោះ​ពលករ​ដែល​ធ្វើដំណើរ​ពី​ប្រទេស​ថៃ ​ចូល​មក​ប្រទេស​កម្ពុ​ជានា​ព្រឹក​នេះ​ត្រូវបាន​បញ្ជូន​ទៅតាម​មណ្ឌល​ច​ត្តា​ឡី​ស័ក​ក្នុង​ខេត្ត​នីមួយៗ​។​លើកលែងតែ​ពលករ​ដែល​ធ្វើដំណើរ​មកពី​តំបន់​ប្រឈម​មួយចំនួន​ត្រូវបាន​ដាក់​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅក្នុង​ខេត្តឧត្ដរមានជ័យ​។ ឯកឧត្តម បាន​បញ្ជាក់ថា គិត​ត្រឹម​ថ្ងៃ​ដែលមាន​ព្រឹត្តិការណ៍​ផ្ទុះ​ជំងឺ​កូ​វីដ​-១៩​ក្នុង​សហគមន៍​នៅក្នុង​ប្រទេស​ថៃ មកដល់​ថ្ងៃនេះ ពលករ​ខ្មែរ​ដែល​ត្រូវយក​សំណាក​មាន​ចំនួន​១៤១​នាក់ តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់​។​
​ឯកឧត្តម បានលើកឡើង​ទៀតថា ការធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ ចំពោះ​បងប្អូន​ពលករ​ខ្មែរ​នាពេលនេះ ធ្វើឡើង​តាម​ការណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​គោលបំណង​បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់បំផុត ដើម្បី​ទប់ស្កាត់​ការចម្លង​ជំងឺ​កូ​វីដ​-១៩ ចូលក្នុង​សហគមន៍ ។ ចំពោះ​ការធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃនេះ រដ្ឋបាលខេត្ត​បាន​យកចិត្ត​ទុក ដាក់​មានការ​ផ្គត់ផ្គង់​នូវ​ការ​ស្នាក់នៅ មាន​ចំណីអាហារ និង​សម្ភារ​ប្រើប្រាស់​មួយចំនួន​ជូន​បងប្អូន​ពលករ​ផងដែរ​។

​ឯកឧត្ដម ក៏បាន​អំពាវនាវ​ឱ្យ​បងប្អូន​ពលករ​រួមគ្នា​ការពារ​ជំងឺ​កូ​វីដ​-១៩ កុំឱ្យ​មានការ​ចម្លង​ដល់​បងប្អូន​ក្រុមគ្រួសារ ក៏ដូចជា​នៅក្នុង​សហគមន៍​។ ឯកឧត្ដម បន្តថា ប្រសិនបើ​បុគ្គល​ណា​មិន​គោរព​តាម​វិធានការ​របស់​ក្រសួងសុខាភិបាល​ដោយ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ ឬ​រត់ចេញ ឬ​គេចវេស​ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក នឹងត្រូវ​ផាកពិន័យ​ចាប់ពី​២០​ម៉ឺន​រៀល ទៅ​១​លាន​រៀល និង​ទោស​ព្រហ្មទណ្ឌ​ទៀតផង ។​
​សូមបញ្ជាក់ថា គិត​ត្រឹម​ម៉ោង ១១:០០​នាទី​ព្រឹក​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០២០​នេះ ពលករ​ខ្មែរ​ដែល​ធ្វើ​ចំណាកស្រុក​ចេញពី​ប្រទេស​ថៃ ចូលមក​ប្រទេស​កម្ពុជា តាមរយៈ​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់​មាន​ចំនួន ១០២​នាក់ ៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង