តារាចម្រៀង ព្រាប សុវត្ថិ ចេញលិខិតបំភ្លឺពាក់ព័ន្ធករណីវិវាទដីធ្លី នៅខេត្តមណ្ឌលគិរី
តារាចម្រៀងលោក ព្រាប សុវត្ថិ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញលិខិតបំភ្លឺ ចំពោះការផ្សព្វផ្សាយដែលបានធ្វើឲ្យសាធារណជនភាន់ច្រឡំ ក្នុងករណីវិវាទដីធ្លីរវាងរូបលោក និងឯកឧត្តម ម៉ៅ ធនារក្ស ដោយបានបញ្ជាក់ថាករណីនេះត្រូវបានលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានធ្វើការសម្របសម្រួលបញ្ចប់ ជាព័ត៌មានមិនពិតនោះទេ។ ប៉ុន្តែជាក់ស្ដែងការបញ្ចប់វិវាទដីធ្លីដែល លោកជំទាវកិត្តិសង្គហបណ្ឌិត ធ្វើការសម្របសម្រួលនោះគឺរវាងរូបលោក និងឯកឧត្តម យឹម លុច្ស ក្រុមប្រឹក្សាខេត្តមណ្ឌលគិរីលើផ្ទៃដីទំហំ ១៥,៦៣៤ ហិកតានៅភូមិពូទ្រូ ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ពុំមែនជាករណីវិវាទជាមួយឯកឧត្តម ម៉ៅ ធនារក្ស នោះឡើយ។
ដូច្នេះសូមបងប្អូនសាធារណជននិងសារព័ត៌មានមេត្តាជ្រាប និងកុំបន្តការភាន់ច្រឡំទៀត។