ឯកឧត្ដម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្ដិធម៌បានគូសបញ្ជាក់ជូន៣ចំណុច អំពីទិដ្ឋភាពច្បាប់នៃការចេញអធិបញ្ជារបស់រដ្ឋមន្រ្តីយុត្តិធម៌ នាពេលថ្មីៗនេះ
ឯកឧត្ដម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្ដិធម៌បានគូសបញ្ជាក់ជូន៣ចំណុច អំពីទិដ្ឋភាពច្បាប់នៃការចេញអធិបញ្ជារបស់រដ្ឋមន្រ្តីយុត្តិធម៌ នាពេលថ្មីៗនេះ បន្ទាប់ពីមានការស្នើសុំឱ្យព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់ និងតឹងរឹងបំផុតលើឈ្មោះ សម រង្ស៊ី ចំពោះករណីប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះអង្គព្រះមហាក្សត្រ។
នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០នេះ ឯកឧត្ដម ជិន ម៉ាលីន បានលើកឡើងនូវ៣ចំណុច អំពីទិដ្ឋភាពច្បាប់នៃការចេញអធិបញ្ជារបស់រដ្ឋមន្រ្តីយុត្តិធម៌ ដែលរួមមាន
១. ការប្រមាថដល់អង្គព្រះមហាក្សត្រ មិនមែនជាការអនុវត្តសិទ្ធិសេរីភាពនៃការបញ្ចេញមតិនោះទេ តែជាបទល្មើសព្រហ្មទណ្ឌដែលមានចែងនិងផ្តន្ទាទោសតាមបញ្ញតិនៃមាត្រា៤៣៧ស្ទួន នៃក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា និងជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរផងដែរលើស្មារតីមាត្រា៧នៃរដ្ឋធម្មនុញ្ញកម្ពុជា។
២. ការចេញអធិបញ្ជារបស់រដ្ឋមន្រ្តីយុត្តិធម៌ មិនមែនជាការធ្វើតាមការបង្គាប់បញ្ជារបស់ស្ថាប័ន ឬឥស្សរជនណានោះទេ តែគឺជាការអនុវត្តតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនក្នុងនាមជារដ្ឋមន្រ្តីយុត្តិធម៌ និងស្របតាមបញ្ញត្តិមាត្រា២៩ នៃក្រមនីតិវិធិព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅការពារសេចក្តីថ្លៃថ្នូរ និងព្រះកិត្តិនាមរបស់អង្គព្រះមហាក្សត្រ ដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាជាតិខ្មែរ។
៣. គឺការចេញអធិបញ្ជារបស់រដ្ឋមន្រ្តីយុត្តិធម៌ដល់ស្ថាប័នអយ្យការ មិនមែនជាការរំលោភបំពានលើអំណាចតុលាការនោះទេ ព្រោះថារដ្ឋមន្រ្តីយុត្តិធម៌ជាប្រធានថានានុក្រមនៃស្ថាប័នអយ្យការដែលតំណាងឱ្យស្ថាប័ននីតិប្រតិបត្តិ ក្នុងការអនុវត្តនយោបាយព្រហ្មទណ្ឌរបស់រាជរដ្ឋាភិបាល ក្នុងគោលដៅការពារនិងថែរក្សាសន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ និងផលប្រយោជន៍ជាតិ៕