ចាប់មេខ្លោងម្នាក់ជួលឃាតករ៣នាក់រិតករសម្លាប់ចៅអធិការវត្តចេតិយ៍ថ្មី ក្នុងតំលៃ១មុឺនដុល្លារ
ខេត្តកណ្ដាល៖ សមត្ថកិច្ចប៉ូលីសជំនាញ ប្រើពេលមួយសប្តាហ៍បំបែកសំណុំរឿង ករណីឃាតកម្មសម្លាប់ព្រះសង្ឃចៅអធិការវត្តចេតិយ៍ថ្មី នៅស្រុកពញាឮ ខេត្តកណ្ដាល បានជោគជ័យ ដោយ ចាប់ខ្លួនជនសង្ស័យជាមេខ្លោងបានម្នាក់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ម្សិលមិញនេះ។
តាមប្រភពមន្ត្រីនគរបាលខេត្តកណ្ដាលបានឲ្យដឹងថា៖ជនសង្ស័យរូបនេះមានឈ្មោះ ឡៅ ទ្រី ហៅឃាង ភេទប្រុស អាយុ៥១ឆ្នាំ មុខរបររកស៊ីពុះដីឡូតិ៍លក់ មានទីលំនៅភូមិផ្សារដែក ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាល ។
ចំណែកព្រះសង្ឃរងគ្រោះព្រះនាម ភោគ ធារិទ្ធ ហៅតាតឿ ហៅតាតុប មានព្រះជន្ម៥៣ព្រះវស្សា ជាចៅអធិការវត្តចេតិយ៍ថ្មី។
សូមរំលឹកថា កាលពីវេលាម៉ោង៨និង២០នាទីព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ មានការភ្ញាក់ផ្អើលមួយកើតឡើងនៅវត្តចេតិយ៍ថ្មី ក្នុងភូមិចេតិយ៍ថ្មី ឃុំវិហារហ្លួង ស្រុកពញ្ញាឮ ខេត្តកណ្តាល ដោយគេឃើញព្រះចៅអធិការវត្ត ត្រូវបានគេធ្វើគត់ដោយរឹត.ករ ហើយទុកនៅលើគ្រែក្នុងបន្ទប់ដែលព្រះអង្គសឹង ។
បន្ទាប់សមត្ថកិច្ចទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចក៏បានចុះដល់កន្លែងកើតហេតុ រួចធ្វើការពិនិត្យកោសល្យវិច្ច័យឃើញថា នៅលើផ្ទៃព្រះភក្ត្រព្រះអង្គមានស្នាមឈាមហូរ និងលៀនអណ្តាត នៅត្រង់.ករ មានខ្សែនីឡុងពណ៌សរឹតជុំវិញ និងស្នាមរលាត់ទ្រូងខាងស្តាំ និងស្នាមរលាត់សើស្បែកនៅកញ្ចឹង.ករ ផងដែរ ។ បើតាមរយៈការពិនិត្យ និងធ្វើកោសល្យវិច័យ ព្រះសពព្រះអង្គ សមត្ថកិច្ចសន្និដ្ឋានថា ព្រះចៅអធិការសុគតដោយសារប្រើប្រាស់ខ្សែរឹត.កបណ្តាលឲ្យថប់ដង្ហើម ហើយករណីនេះសមត្ថកិច្ចបានសហការជាមួយកម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌ ធ្វើការស៊ើបអង្កេត ដើម្បីវែកមុខជនសង្ស័យតែម្តង ។
លុះបានមួយសប្តាហ៍ក្រោយមក គឺនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ កិច្ចប្រត្តិបត្តិការ និងស្រាវជ្រាវរបស់សមត្ថកិច្ចនគរបាលខេត្តកណ្តាល បានឈានទៅដល់ការឃាត់ខ្លួនជនផ្តើមគំនិតក្នុងអំពើផ្តាច់ជីវិតទៅលើព្រះចៅអធិការវត្តចេតីយថ្មីនេះ ។ក្រោមការបញ្ជាដឹកនាំរបស់លោកស្នងការនគរបាលខេត្តកណ្តាល និងមានការសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល ក្នុងរយៈពេល ៧ថ្ងៃ ក៏ឈានដល់ការកំណត់បានមុខសញ្ញាមេខ្លោងផ្ដើមគំនិតជួលជនសង្ស័យឲ្យទៅធ្វើឃាតព្រះសង្ឃ នោះគឺឈ្មោះ ឡៅ ទ្រី ហៅ ឃាង យកមកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។
នៅចំពោះមុខសមត្ថកិច្ច មេក្លោងផ្តើមគំនិតរូបនេះបានសារភាពនៅចំពោះមុខសមត្ថកិច្ចថា នៅថ្ងៃមិនចាំខែតុលា ឆ្នាំ២០២០ វេលាម៉ោងប្រហែល១១ថ្ងៃត្រង់ ឈ្មោះ ស្រេង ស្រ៊ុន បានទូរស័ព្ទមកជនសង្ស័យឈ្មោះ ឡៅ ទ្រី ហៅឃាង ណាត់ជួបគ្នានៅហាងម្លប់ស្វាយ ជិតផ្លូវចូលប៉ុស្តិ៍នគរបាលរដ្ឋបាល វិហារលួង ។ ពេលជួបគ្នាជនសង្ស័យបាននិយាយរឿងឈ្លោះគ្នាជាមួយចៅអធិការវត្តចេតតិយ៍ថ្មី ហើយបានសួររកអ្នកស្មាត់ (អ្នកផ្តាច់ជីវិត) ។ ពេលនោះឈ្មោះ ស្រេង ស្រ៊ុន ថា រឿងហ្នឹងកុំភ័យឲ្យតែលុយម៉ោ ទើបឈ្មោះ ឡៅ ទ្រី ហៅឃាង សួរថាប៉ុន្មាន? ឈ្មោះ ស្រេង ស្រ៊ុនឆ្លើយថា ៧ ០០០ដុល្លារ ហើយខ្លួន (ឡៅ ទ្រី) បានយល់ព្រម ។
មេក្លោងផ្តើមគំនិតរូបនេះសារភាពបន្តរថា រំលងបានប្រហែល២០ថ្ងៃ ក្រោយមកវេលាម៉ោងប្រហែល៤រសៀល ឈ្មោះស្រេង ស្រ៊ុន (ជនដៃដល់) បានទូរស័ព្ទហៅខ្លួនឲ្យទៅជួបនៅហាងម្លប់ត្នោត ដោយប្រាប់ថា ១០ ០០០ដុល្លារ ទើបបានធ្វើកើត ព្រោះទាល់តែគ្នា៣នាក់បានធ្វើឈ្នះ ពេលនោះខ្លួនក៏បានយល់ព្រម ហើយបានប្រគល់លុយឲ្យមុន ៣ ០០០ដុល្លារ រួចក៏បែកគ្នាចេញមកមុន។ លុះមកដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៦និង៤០នាទីល្ងាច ឈ្មោះ ស្រេង ស្រ៊ុន បានទូរស័ព្ទមកប្រាប់ខ្លួនថា «ប្លង់រឹង» (ភាសាដាក់ម៉ូធ្វើសកម្មភាព) ធ្វើរួចហើយ ខ្លួនក៏ថា ធ្វើរួចក៏រួចទៅ ។
ប្រភពដដែលបានបន្តទៀតថា លុះដល់ម៉ោងប្រហែល១០យប់ថ្ងៃដដែល ឈ្មោះ ស្រេង ស្រ៊ុន ជាជនដៃដល់ បានឆាតតាម Telegram ថា បានផ្តាច់ជីវិតចៅអធិការរួចហើយ ដោយរឹត.ករួចលើកដាក់លើគ្រែគ្របភួយ ពេលនោះឈ្មោះ ស្រេង ស្រ៊ុន បានទារលុយពីខ្លួនបង្គ្រប់ តែខ្លួនថា ចាំស្អែកទៅ។ លុះស្អែកឡើងវេលាម៉ោង១០និង៣០នាទី ខ្លួន (ឡៅ ទ្រី មេក្លោងផ្តើមគំនិត) បានបើករថយន្តម៉ាកព្រូស យកលុយទៅឲ្យឈ្មោះ ស្រេង ស្រ៊ុន ជាជនដៃដល់ នៅជិតរោងចក្រស្រែចិន្តា ។ ពេលទៅដល់ឃើញឈ្មោះ ស្រេង ស្រ៊ុន ជិះម៉ូតូម៉ាកវ៉េវអាល់ហ្វា អត់ផ្លាកលេខចាំនៅទីនោះ ហើយក៏ហុចលុយ ៧ ០០០ដុល្លារតាមកញ្ចក់ឡានឲ្យទៅឈ្មោះ ស្រេង ស្រ៊ុន រួចហើយឈ្មោះ ស្រេង ស្រ៊ុន បានប្រាប់ថា ពេលប៉ូលិសសួរ កុំឆ្លើយអ្វីទាំងអស់ និយាយតែមិនដឹងៗទៅប៉ូលិសមិនអាចធ្វើអ្វីកើតទេ និងឲ្យលុបលេខទូរស័ព្ទ និងរូបភាពពាក់ព័ន្ធទាំងអស់ចោល រួចក៏បែកគ្នាទៅ ។
តាមចម្លើយរបស់មេខ្លោងផ្តើមគំនិតរូបនេះបន្តថា មូលហេតុដែលខ្លួន (ឡៅ ទ្រី) បានរៀបចំផែនការធ្វើឃាតព្រះសង្ឃជាជនរងគ្រោះ ព្រោះបានយកផ្ទះ និងតូបផ្សារនៅផ្សារម៉ាន់អាំង រាជធានីភ្នំពេញ និងដី២ឡូតិ៍នៅផ្សារត្រាច ខេត្តកំពង់ឆ្នាំង ដោយបានយកលុយពីលោកចំនួន ១១ ៥០០ដុល្លារ ថាទៅសង់ផ្ទះ តែមិនបានសង់ទេ ព្រមទាំងយកទ្រព្យសម្បត្តិរបស់លោក(ចៅអធិការ) ដែលជនរងគ្រោះឲ្យខ្លួនឈរឈ្មោះជំនួស យកទៅលក់អស់ទៀតផង ហើយចុងក្រោយនេះ ខ្លួនបានលេចឮព័ត៌មានថា ព្រះចៅអធិការលោកជិតសឹកនៅដំណាច់ឆ្នាំនេះ ដើម្បីទៅកាន់កាប់ និងគ្រប់គ្រងទ្រព្យសម្បត្តិ និងផ្ទះសម្បែងទាំងអស់របស់លោកវិញ ទើបខ្លួនរៀបចំផែនការធ្វើគត ដើម្បីបំបិទមាត់ព្រះអង្គឲ្យបានសម្រេចនៅថ្ងៃទី១៩ ខែធ្នូ នេះតែម្ដង ក្នុងគោលបំណងប្រមូល និងកាន់កាប់លុយកាក់ និងទ្រព្យសម្បត្តិរបស់ព្រះចៅអធិការទាំងអស់។
ក្រោយបញ្ចប់ការសួរយកចម្លើយ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យនៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីបន្តតាមស្វែងបក្សពួក ដែលជាជនដៃដល់បន្តទៀត ៕
ក្រោយបញ្ចប់ការសួរយកចម្លើយ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យនៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីបន្តតាមស្វែងបក្សពួក ដែលជាជនដៃដល់បន្តទៀត ៕