Detail Top Banner

ការធ្វើកសិកម្មតាមបែបប្រពលវប្បកម្ម ហៅកាត់ថា ASPIRE បាននិងកំពុងនាំកសិករចេញពីធ្វើកសិកម្មតាមបែបយថាផល

ខេត្តត្បូងឃ្មុំ៖ អាជ្ញាធរខេត្តត្បូងឃ្មុំ អះអាងថា កម្មវិធី ASPIRE បាននិងកំពុងនាំកសិករចេញពីការធ្វើកសិកម្មតាមបែបយថាផល មកធ្វើកសិកម្មតាមបែបប្រពលវប្បកម្មវិញ ដោយសារមានផែនការផលិតកម្មច្បាស់លាស់ មាន​ចងក្រងបណ្តុំផលិតកម្ម ដែលឈានដល់ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ។

លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា ការអនុវត្តកម្មវិធីឈ្មោះថា ការផ្សព្វផ្សាយបច្ចេកវិទ្យាកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ ដែល​ហៅ​កាត់ថា ”ASPIRE” បាននិងកំពុងចូលរួមចំណែកយ៉ាងសកម្ម ដើម្បីប្រែក្លាយវិស័យកសិកម្មកម្ពុជាឱ្យ​ទៅ​ជាកសិកម្មទំនើប មានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និរន្តរភាព នវានុវត្តន៍ បង្កើនប្រាក់ចំណូល ធានាសន្តិសុខស្បៀង និងផលិតកម្មឆ្លើយតបតាមតម្រូវការទីផ្សារ (បរិមាណ គុណភាព សុវត្ថិភាព និងនិរន្តរភាពនៃការផ្គត់ផ្គង់) ដោយប្រើប្រាស់បច្ចេកទេស និងគ្រឿងយន្ត​សមស្រប ដែលអាចជួយបង្កើនផលិតភាពផលិតកម្ម ចំណេញពេលវេលា និងពលកម្ម ។

លោកបន្តថា កម្មវិធីនេះ បានជួយផ្លាស់ប្តូរផ្នត់គំនិតរបស់ប្រជាកសិករដែលធ្លាប់តែធ្វើកសិកម្មតាមបែបបុរាណ​ឱ្យងាកមកប្រើប្រាស់បច្ចេកទេសថ្មីដែលអាចបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុនាពេលបច្ចុប្បន្ន។

នៅក្នុងកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី បាននាំមកនូវបច្ចេកទេសមួយ ដែលអាចបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុបានល្អប្រសើរប្រសិនបើកសិករអនុវត្តបានខ្ជាប់ខ្ជួនតាមការណែនាំរបស់មន្ត្រីជំនាញ។លោកប្រធានមន្ទីរបានបន្ថែមទៀតថា តាមរយៈកម្មវិធីនេះ មន្ទីរបានជួយសម្របសម្រួល ក្នុងការរៀបចំចង
ក្រងកសិករជាក្រុមផលិត មានដូចជា៖ បន្លែ មាន់ ត្រី ដើម្បីផ្តល់ឱកាសឱ្យពួកគាត់ជួបប្រាស្រ័យទាក់ទងជាមួយឈ្មួញ ឬជាមួយអ្នកបញ្ជាទិញផលិតផលដោយត្រង់តែម្តង ។

សូមបញ្ជាក់ថា មន្ទីរកសិកម្មខេត្តត្បូងឃ្មុំ បានចុះណែនាំក៏ដូចជាបង្រៀនពីការអនុវត្តកម្មវិធី ASPIRE ទៅដល់ប្រជាកសិករចាប់តាំងពីឆ្នាំ២០១៩មកម្លេះ ដែលមកដល់បច្ចុប្បន្នបានចងក្រងជាបណ្តុំអាជីវកម្មកសិកម្មមានចំនួន៤៩បណ្តុំ ក្នុងនោះមានសមាជិកចំនួន២,០៨៦គ្រួសារចូលរួម ៕ by AKP

អត្ថបទដែលជាប់ទាក់ទង