ផែនការ សន្តិភាព៦ចំណុច ដែលធ្វើឱ្យកម្ពុជា មានការបង្រួបបង្រួមជាតិ និងមានសុខសន្តិភាពរហូតមកដល់សព្វថ្ងៃ

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍ថា ជំនួបដំបូងរវាងសម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា  និងព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៨៧ នៅប្រទេសបារាំង គឺផ្តោតសំខាន់ពាក់ព័ន្ធនឹងការផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ និង សន្តិភាព។
ឯកឧត្តមបន្តថា ការប៉ុនប៉ងឱ្យមានការកើតឡើងនៃជំនួបនេះ គឺមានតាំងពីឆ្នាំ១៩៨២ មកម៉្លេះ ប៉ុន្តែពេលនោះសភាពការណ៍មិនទាន់ទុំជោរ ហើយក៏មានឧបសគ្គច្រើន ធ្វើឱ្យជំនួបនោះមិនបានកើតឡើង ប៉ុន្តែក្រោយពេលតែ ២ខែប៉ុណ្ណោះ គឺក្រោយសម្តេចតេជោ បានក្លាយជានាយករដ្ឋមន្រ្តីនៅឆ្នាំ១៩៨៥ សម្តេចបានធ្វើសំណើមួយពាក់ព័ន្ធទៅនឹងការផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ និងជាផែនការ សន្តិភាពនេះតែម្ដង។

«ជាលើកទី២ ដែលសម្តេចលើករូបមន្តច្បាស់លាស់ ពាក់ព័ន្ធផែនការសន្តិភាពនេះ គឺនៅខែសីហាឆ្នាំ១៩៨៧ នៅពេលដែល ជំនួបរបស់សម្តេចតេជោ ហ៊ុន សែន និង ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ កាន់តែច្បាស់ឡើង ព្រោះផែនការនេះមានយូរហើយ ។ ពេលនោះសម្តេចបានធ្វើសំណើជា ៦ចំណុច ទី១.ពាក់ព័ន្ធទៅនឹងការរំលាយចោលកម្លាំងប្រដាប់អាវុធរបស់ខ្មែរក្រហម ទី២.ជាចំណុចនៃការដកកងទ័ពវៀតណាមទាំងស្រុងពីកម្ពុជា ទី៣.ការចាត់តាំងឱ្យមានការបោះឆ្នោតជាសកល ទី៤.ការកំណត់នូវនយោបាយសន្តិសហវិជ្ជមានជាមួយប្រទេសជិតខាង ពីព្រោះថា បើយើងបោះឆ្នោត យើងត្រូវការរស់នៅសុខសាន្តជាមួយអ្នកជិតខាង ទី៥.គឺការបញ្ឈប់ការជ្រៀតជ្រែកពីខាងក្រៅចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ព្រោះសោកនាដកម្មរបស់កម្ពុជា បើនិយាយទៅ គឺកើតចេញមក​ភាគច្រើនពីកត្តាខាងក្រៅ ការជ្រៀតជ្រែកពីខាងក្រៅ ធ្វើឱ្យខ្មែរនិងខ្មែរច្បាំងគ្នា ហើយចំណុច ទី៦.ជាចំណុចដែលនាំរហូតដល់មានកិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅឆ្នាំ១៩៩១នេះ គឺការរៀបចំឱ្យមានកិច្ចព្រមព្រៀងដោយមានសន្តិភាពមួយដោយមានការធានាពីអន្តរជាតិ »

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បញ្ជាក់ថា ចាប់តាំងពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ការបោះឆ្នោតឆ្នាំ១៩៩៣ ការរៀបចំរាជរដ្ឋាភិបាលចម្រុះ រហូតមកដល់ឆ្នាំ១៩៩៨ ចុងបញ្ចប់នៃនយោបាយឈ្នះ ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យកម្ពុជាបង្រួបបង្រួមប្រទេសជាតិទាំងស្រុងឡើងវិញ  បញ្ចប់សង្គ្រាមផ្ទៃក្នុង ប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ប្រជាពលរដ្ឋរស់នៅដោយភាពសប្បាយរុងរឿងរហូតមកដល់ សព្វថ្ងៃនេះ៕​by AKP

អត្ថបទដែលជាប់ទាក់ទង