ស្ងាត់ៗ បែកធ្លាយលេចឮ មន្ត្រីនគរបាលម្នាក់ក្នុងខេត្តរតនគិរី លួងលោមក្មេងស្រីអាយុ១៣ឆ្នាំទៅផ្ទះសំណាក់បានសម្រេច
ខេត្តរតនគិរី៖ ពិតជាក្រដាសមិនអាចខ្ចប់ភ្លើងបានមែន ប្រភពបែកធ្លាយចេញពី មន្ត្រី ស្រលាញ់យុត្តិធម៌មួយ បានអោយដឹងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា រឿងអាស្រូវ មន្ត្រីនគរបាលមួយរូបល្បួងលួងលោមក្មេងស្រីជាអនិតិជនក្រោមអាយុ១៥ឆ្នាំ យកទៅផ្ទះ សំណាក់រួមភេទបានសម្រេច តែត្រូវបានគេលាក់បិតបាំងបានយ៉ាងជិតឈឹងអស់រយៈ ពេលជិតមួយខែកន្លងមកហើយ ។
បើតាមប្រភពបានបញ្ជាក់ថា ក្មេងស្រីរងគ្រោះមានឈ្មោះ ម.ល អាយុ១៣ឆ្នាំ ជនជាតិខ្មែរ មានកំណើត កើតថ្ងៃទី៣ ខែមីនា ឆ្នាំ២០០៧ នៅភូមិចងរា ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី បច្ចុប្បន្នរស់នៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ត្រូវបានមន្ត្រីនគរបាលមួយរូបមានឈ្មោះ ទួន មេសា តួនាទីជានាយប៉ុស្តិ៍ ច្រករបៀងភូមិភិ បានលួងលោមចូលផ្ទះសំណាក់មួយកន្លែងក្នុងក្រុងបានលុង រួមភេទបានសម្រេច កាលពី វេលាម៉ោងប្រហែល១០.០០នាទីយប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។
ប្រភពដដែលបានបង្ហើបឲ្យដឹងទៀតថា ក្រោយពីកើតហេតុអាណាព្យាបាលក្មេងរងគ្រោះ បានស្វះស្វែងរកជំនួយផ្នែកច្បាប់ ដើម្បីដាក់ពាក្យបណ្តឹងជនកំហូចរូបនោះ ប៉ុន្តែក្នុងរឿងនេះត្រូវបានលោកនាយប៉ុស្តិ៍ នគរបាល ភិតភ័យស្លន់ស្លោ សុំការសម្រួលជាមួយអាណាព្យាបាលក្មេងស្រីរងគ្រោះ ដោយសុំសងសំណងជាប្រាក់ដើម្បីបញ្ចប់រឿង។ ប្រភពបន្តថា ក្នុងរឿងហេតុខាងលើ ជនល្មោបកាម អាងខ្លួនជាមន្ត្រីនគរបាល ព្រមទាំងមានខ្សែធំនៅក្នុងស្នងការនគបាលខេត្តរតនគិរី ទៀតផងនោះ ការសន្យាគឺត្រូវគេមិនគោរពអោយសច្ចៈនោះឡើយ ទើបនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ក្រុមគ្រួសារក្មេងរងគ្រោះមកដាក់ពាក្យបណ្តឹងសារជាថ្មី ទៅលើមន្ត្រីនគរបាលរូបនោះ ជាហេតុធ្វើអោយជនសង្ស័យ កាន់តែភ័យសាជាថ្មីម្តងទៀត ដោយលើកទីពីរនេះ ត្រូវបានប្រភពទម្លាយប្រាប់អោយដឹងថា មានការចេញមុខជួយចរចាដោយសម្ងាត់ពីមន្ត្រីនគរបាលថ្នាក់ធំនៅក្នុងស្នងការដ្ឋាននគរបាលខេត្តរតនគិរី ព្រមសងសំណងជាលុយ ដោយមិនអោយអាណាព្យាបាលក្មេងរងគ្រោះទម្លាយរឿងចេញទៅខាងក្រៅឡើយ ។
ប្រភពមួយទៀតដែលស្និទ្ធនឹងក្មេងស្រី បានបង្ហើបអោយដឹងថា ក្មេងស្រីរងគ្រោះទទួលបានលុយចំនួន ៦លានរៀល ។
ពាក់ព័ន្ធរឿងនេះអ្នកសាព័ត៌មានយើង បានខលទូរស័ព្ទសុំការបំភ្លឺ ពីលោក ទួន មេសា ដោយលោកបញ្ជាក់ថា នេះជារឿងចោទប្រកាន់ទេ ពីព្រោះគេស្រលាញ់លោក ហើយលោកមិនព្រមស្រលាញ់ ទើបគេប្ដឹងចោទប្រកាន់លោកតែម្ដងទៅ ។
ចំណែកលោកស្រី ឧត្តមសេនីយ៍ត្រី កែវ ដាវី ស្នងការរងទទួលផែនជួញដូរ ការពារអនិត្តិជន និងយិនឌ័រ បានបញ្ជាក់ថា ជនរងគ្រោះបានដាក់បណ្តឹងដែរ តែដាក់បានប៉ុន្មានម៉ោងអាណាព្យាបាលក៏ដកវិញ ហើយមិនពាក់ព័ន្ធនឹងការរំលោភអីនោះទេ ដោយគាត់ខឹងក៏ធ្វើអញ្ចឹងទៅដោយខាងម្តាយគេមកដកវិញ។
ដោយឡែកលោក ឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី បានមានប្រសាសន៍ថា ករណីនេះមានពិតមែន តែខាងជំនាញកំពង់អនុវត្តតាមនិតិវិធី។
ជុំវិញករណី លោកនាយប៉ុស្តិ៍នគរបាល ប្រចាំច្រករបៀងភូមិភិ លួងលោមក្មេងស្រីអាយុ ១៣ឆ្នាំ រួមភេទបានសម្រេចខាងលើនេះ ក្រុមអ្នកសារព័ត៌មានយើង នឹងខិតខំស្រាវជ្រាវ បំភ្លឺបន្ថែម ឲ្យកាន់តែច្បាស់នៅលេខក្រោយទៀត៕ by Heang Rath