Detail Top Banner

រាជរដ្ឋាភិបាលក្រើនរំឭកឱ្យពលរដ្ឋប្រុងប្រយ័ត្នពីគ្រោះថ្នាក់ចរាចរណ៍​ក្នុងឱកាស​ឆ្លងឆ្នាំសកល

រាជរដ្ឋាភិបាល ក្រើនរំឭកពីគ្រោះថ្នាក់ចរាចរណ៍ ដែលអាចនឹងកើនឡើងខ្ពស់ ក្នុងឱកាស​ប្រជាពលរដ្ឋធ្វើដំណើរកម្សាន្តទៅតាមគោលដៅនានា នៅចុងសប្តាហ៍នៃដំណាច់​ឆ្នាំ​២០២០ ឆ្លងចូលឆ្នាំ២០២១នេះ។

លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួង សាធារណការ និងដឹកជញ្ជូន និងជា​អគ្គលេខាធិការគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក  ព្រមានថា ក្នុងឱកាសនេះ កំណើនគ្រោះថ្នាក់ចរាចរណ៍ និងការកកស្ទះចរាចរណ៍ អាចនឹងកើនឡើងខ្ពស់ខុសប្រក្រតី ដែលកត្តានេះទាមទារឱ្យអ្នកបើកបរយានយន្ត ត្រូវប្រុងប្រយ័ត្ន និងមានការទទួលខុស​ត្រូវ​ខ្ពស់។

ក្នុងឱកាសចុះផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ផ្លូវគោក និងចែកមួកសុវត្ថិភាពដល់អ្នក​ធ្វើ​ដំណើរ​តាមម៉ូតូនៅតាមបណ្តោយផ្លូវជាតិលេខ៦A  នាព្រឹកថ្ងៃទី៣១ ខែធ្នូនេះ លោកជំទាវ បានណែនាំឱ្យអ្នកបើកបរយានយន្តទាំងអស់ប្រតិបត្តិនូវច្បាប់ចរាចរណ៍​ឱ្យបាន​ខ្ជាប់ខ្ជួនដូចជា ពាក់មួកសុវត្ថិភាពក្នុងពេលបើកបរ​ មិនត្រូវប្រើប្រាស់ទូរស័ព្ទ​ក្នុងពេលបើកបរ មិន​ត្រូវ​ប្រលែងគ្នាក្នុងពេលកាន់ដៃចង្កូត មិនត្រូវបើកបរក្នុងស្ថានភាព​ស្រវឹង​  និងមិន​ត្រូវបើក​បរលើសល្បឿនកំណត់ ជាដើម។

លោក គឹម បញ្ញា នាយក​ប្រតិបត្តិ​អង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា គាំទ្រការ​លើក​កម្ពស់សុវត្ថិភាព​ចរាចរណ៍នៅកម្ពុជា តាមរយៈការជំរុញការឣនុវត្តសកម្មភាពរួមគ្នា ការពង្រឹងការ​អនុវត្ត​ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ការផ្សព្វផ្សាយអប់រំឱ្យបានទូលំទូលាយ និងវិធានការ​ផ្សេងៗ​ទៀត។

លោកមានប្រសាសនថា ការរួមចំណែករបស់បណ្តាញ និង​ដៃគូពាក់ព័ន្ធ នឹងជួយ​ដល់​ប្រទេសកម្ពុជាបន្តសម្រេចបាន​នូវគោលដៅរបស់ខ្លួន​ក្នុងការ​កាត់​បន្ថយចំនួនអ្នក​ស្លាប់ និងអ្នករងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍​បានច្រើនចាប់ពី​ឆ្នាំ២០២០នេះ និង​ឆ្នាំជាបន្តបន្ទាប់ទៀត។ យោងតាមប្រព័ន្ធព័ត៌មានជនរងគ្រោះ និងគ្រោះថ្នាក់ចរាចរណ៍​ផ្លូវគោកនៅកម្ពុជា បាន​បង្ហាញថា អ្នកស្លាប់ក្នុងឱកាសពិធីបុណ្យសំខាន់ៗ ដោយ​សារ​គ្រោះ​ថ្នាក់ចរាចរណ៍ តែង​មាន​និន្នាការកើនឡើងខុសពីថ្ងៃធម្មតា ដោយសារការ បើកបរ ហួសល្បឿនកំណត់ ការ​បើកបរក្នុងពេលស្រវឹង ការបើកបរមិន គោរពសិទ្ធិអាទិភាព​នៅលើ​ដងផ្លូវនិងការជែង​ក្នុងស្ថានភាពគ្រោះថ្នាក់ បើកបរប្រើប្រាស់ទូរស័ព្ទដៃ និង​ប្រើប្រាស់​គ្រឿងស្រវឹងក្នុងពេល​បើកបរ ជាដើម៕​ by AKP

អត្ថបទដែលជាប់ទាក់ទង