កងទ័ពជើងទឹកមូលដ្ឋានសមុទ្រទទួលរថយន្តស៊ីរ៉ែន ១គ្រឿង និងគ្រឿងឧបភោគបរិភោគ និងថវិកាពីលោកឧកញ៉ា លឹម ហ៊ុយឡេង
ខេត្តព្រះសីហនុ៖ លោកឧកញ៉ា លឹម ហ៊ុយឡេង និងលោកជំទាវ បានអញ្ជើញសួរសុខទុក្ខនាយនាវី ពលនាវីកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ នាឱកាសឆ្លងឆ្នាំសកល ២០២០-២០២១ ព្រមទាំងនាំយករថយន្ត ភីអាប់ CHEVROLET ផលិតឆ្នាំ២០១៩ មួយគ្រឿង មី ២០កេស ទឹកក្រូច ២០កេស ទឹកបរិសុទ្ធ ២០កេស និងថវិកា ៦ ០០០ដុល្លារអាមេរិក ឧបត្ថម្ភដល់កងទ័ពជើងទឹកមូលដ្ឋានសមុទ្រ ដើម្បីប្រើប្រាស់សម្រាប់កងអន្តរាគមន៍ថ្មើជើងនៃមូលដ្ឋានសមុទ្រ ។
ពិធីប្រគល់ និងទទួលរថយន្តស៊ីរ៉ែន ភីអាប់ CHEVROLET និងគ្រឿងឧបភោគបរិភោគ និងថវិកា បានធ្វើឡើងនៅទីបញ្ជាការដ្ឋានមូលដ្ឋានសមុទ្រ ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃ១រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃពុធ ទី៣០ ខែធ្នូ ឆ្នាំ២០២០ ។
ឯកឧត្តម ឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ បានទទួលស្វាគមន៍ និងថ្លែងអំណរគុណលោកឧកញ៉ា លឹម ហ៊ុយឡេង និងលោកជំទាវ ដែលបានឧបត្ថម្ភរថយន្តភីអាប់ បំពាក់ស៊ីរ៉ែនមួយគ្រឿង ព្រមទាំងគ្រឿងឧបភោគបរិភោគ និងថវិកាមកដល់កងទ័ពជើងទឹកមូលដ្ឋានសមុទ្រ នេះគឺជាសកម្មភាពមនុស្សធម៌ជួយដល់មូលដ្ឋានសមុទ្រ។ តាងនាមឱ្យនាយនាវី និងពលនាវិកមូលដ្ឋានសមុទ្រទាំងអស់ សូមថ្លែងអំណរគុណចំពោះទឹកចិត្ដសប្បុរសធម៌របស់លោកឧកញ៉ា និងក្រុមគ្រួសារ ស្របពេលដែលមូលដ្ឋានសមុទ្រកំពុងខ្វះរថយន្តស៊ីរ៉ែនសម្រាប់នាំផ្លូវ ក៏ដូចជាការចូលរួមអន្តរាគមន៍ហើយរថយន្តនេះ អង្គភាពយកមកប្រើប្រាស់ក្នុងការអន្តរាគមន៍ជួយសង្គ្រោះមហន្តរាយនានា ក៏ដូចជាមធ្យោបាយនាំផ្លូវជាដើម។ ឯកឧត្តម ឧត្តមនាវីឯក អ៊ុក សីហា បន្តថា កន្លងមកអង្គភាពមូលដ្ឋានសមុទ្របានចូលរួមការងារសង្គមជាច្រើនដូចជា ការងារកាកបាទក្រហម Covid-១៩ និងមូលនិធិគន្ធបុប្ផាជាដើម ពិសេសជួយដល់គ្រួសារទ័ពដែលមានជីវភាពខ្វះខាត ។ ម្យ៉ាងទៀតមូលដ្ឋានសមុទ្របានពង្រឹងវិន័យចំពោះនាយនាវី និងពលនាវិក មិនត្រូវប្រើប្រាស់គ្រឿងញៀន ប្រសិនបើរកឃើញប្រព្រឹត្តគ្រឿងញៀនត្រូវបណ្តេញចេញ និងមិនអនុញ្ញាតឱ្យលេងល្បែងស៊ីសងគ្រប់ប្រភេទ ។
លោកឧកញ៉ា លឹម ហ៊ុយឡេង មានប្រសាសន៍ថា ដោយមើលឃើញនូវការខ្វះខាតរថយន្តស៊ីរ៉ែននាំផ្លូវ ទើបលោកឧកញ៉ាបានឧបត្ថម្ភរថយន្តនេះ ដើម្បីឱ្យអង្គភាពមូលដ្ឋានសមុទ្រមានរថយន្តស៊ីរ៉ែននាំផ្លូវ ដើម្បីប្រើជាប្រយោជន៍ក្នុងមូលដ្ឋានសមុទ្រ ក៏ដូចជាប្រយោជន៍សម្រាប់ការពារសន្តិសុខ សុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រោះតំបន់រាម ជាតំបន់ដែលមានសក្តានុពលខាងវិស័យទេសចរណ៍ និងវិនិយោគនៅពេលខាងមុខ ។
ក្នុងឱកាសនោះលោក ហ៊ិន ត្រឹង ហៅ ហេង សុវណ្ណា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកព្រៃនប់ និងលោកស្រី ហួត ស៊ីថា បាននាំយកម៉ាស៊ីនស្កេនវាស់កម្ដៅ មួយគ្រឿង ជែលលាងសម្អាតដៃមួយចំនួន និងថវិកាចំនួន ៥០ម៉ឺនរៀល ជូនកងអន្តរាគមន៍នៃកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ ផងដែរ ៕ by AKP