រាជរដ្ឋាភិបាលអនុញ្ញាតឱ្យក្រសួងអប់រំបើកដំណើរការអាជីវកម្មក្លឹបហាត់ប្រាណ និងលេងកីឡាឡើងវិញ
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យក្រសួងអប់រំ យុវជន និងកីឡា បើកដំណើរការឡើងវិញនូវអាជីវកម្មក្លឹបហាត់ប្រាណ និងលេងកីឡា ដើម្បីសុខភាព ការប្រកួតលីគ និងការប្រមូលផ្ដុំរបស់ក្រុមជម្រើសជាតិជាជំហានៗ។នេះបើយោងតាមចំណារយល់ព្រមរបស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី៣០ខែធ្នូឆ្នាំ២០២០។
ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានស្នើសុំគោលការណ៍អនុញ្ញាតពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបើកដំណើរការឡើងវិញនូវអាជីវកម្មក្លឹបហាត់ប្រាណ និងលេងកីឡា ដើម្បីសុខភាព ការប្រកួតលីគ និងការប្រមូលផ្ដុំរបស់ក្រុមជម្រើសជាតិជាជំហានៗដើម្បីលើកកម្ពស់សុខភាព និងការហាត់ហ្វឹកហ្វឺនពង្រឹងបច្ចេកទេស និងគុណផលរបស់កីឡាករ កីឡាការិនីសម្រាប់ត្រៀមលក្ខណៈឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម និងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ។
ឯកឧត្តម រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានថា នៅក្នុងការបើកដំណើរការឡើងវិញនេះ ក្រសួងនឹងបន្តណែនាំ និងគោរពតាមវិធានសុវត្ថិភាពសុខភាពរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់ ដោយ៖
១ ត្រូវធ្វើអនាម័យជាប្រចាំ សម្អាតដៃនឹងសាប៊ូ ទឹកអាល់កុល ដែលសម្លាប់មេរោគ ពាក់ម៉ាស់និងវាស់កម្តៅ។
២. រក្សាគម្លាតសុវត្ថិភាពបុគ្គល ១.៥ម៉ែត្រ
៣. ទីកន្លែងហ្វឹកហាត់ ហាត់ប្រាណ និងកន្លែងលេងកីឡាត្រូវបាញ់ថ្នាំសម្លាប់មេរោគ និងធ្វើអនាម័យជាប្រចាំ។
៤. ទីកន្លែងហ្វឹកហាត់ ហាត់ ប្រាណ និងកន្លែងលេងកីឡា ត្រូវណែនាំឱ្យអ្នកចូលហាត់ ប្រាណ និងលេងកីឡាចុះឈ្មោះ ផ្តល់លេខទូរសព្ទ និងអាសយដ្ឋានច្បាស់លាស់សម្រាប់ទំនាក់ទំនង និង
៥. ត្រូវធានាថាកន្លែងហ្វឹកហាត់ ហាត់ប្រាណ និងលេងកីឡា មិនមែនជាកន្លែងឆ្លងកូវីដ-១៩៕