កសិករខេត្តសៀមរាបប្រមូលផលស្រូវរដូវវស្សារួចរាល់មួយរយភាគរយហើយ
ខេត្តសៀមរាប៖ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ដោយសារឆ្នាំនេះ មានទឹកភ្លៀងធ្លាក់គ្រប់គ្រាន់ ពីដើមរដូវធ្វើឱ្យការបង្កបង្កើនផលដំណាំស្រូវវស្សារបស់ ប្រជាពលរដ្ឋ ក្នុង ឆ្នាំ២០២០នេះ សម្រេចបាន១០០ភាគរយ លើផ្ទៃដីសរុប ១៩០ ៧០៤ហិកតា ស្មើនឹង ១០២ ២២ភាគរយនៃផែនការ ១៨៦ ៥៦០ហិកតា លទ្ធផលនេះ បើធៀបទៅនឹងឆ្នាំ២០១៩ លទ្ធផលបញ្ចប់ដូចគ្នា តែអនុវត្តបានច្រើន ជាងចំនួន ៤ ១៧៩ហិកតា។
លោកបានបន្តថា ការច្រូតប្រមូលផលស្រូវ លើផ្ទៃដីសរុបចំនួន ជាង១០ម៉ឺនហិកតានេះ ទទួលបានបរិមាណផលសរុប ៥២៨ ៣៤៧តោន ដោយទទួលបានទិន្នផលជាមធ្យម ២ ៧៧១គីឡូក្រាមក្នុង១ហិកតា ក្នុងនោះ រួមមាន៖ ស្រូវស្រាលចំនួន ៤១ ៦៣៤ហិកតា ស្រូវចម្ការចំនួន ១ ៧០០ហិកតា ស្រូវកណ្តាលចំនួន ១០៥ ៤៦០ហិកតា ស្រូវធ្ងន់ចំនួន ៣៥ ៥៦០ហិកតា និងស្រូវឡើង ទឹកចំនួន ៦ ៣៥០ហិកតា ដោយប្រភេទស្រូវទាំងអស់នេះ អាចលក់ចេញក្នុងតម្លៃចាប់ពី ៧៥០រៀល ទៅ ១ ១៥០រៀល ក្នុងមួយគីឡូក្រាម ដែលតម្លៃស្រូវឆ្នាំនេះ វាប្រហាក់ប្រហែលនិងឆ្នាំមុនៗ មិនមានអ្វីគួរឱ្យព្រួយបារម្ភនោះឡើយ។
លោកប្រធានមន្ទីរ ក៏បានអំពាវនាវដល់ប្រជាកសិករទាំងអស់ ត្រូវអនុវត្តការងារកសិកម្មឱ្យបានល្អ ទៅតាមបច្ចេកទេសថ្មីដែលធន់និងបម្រែបម្រួលអាកាសធាតុ ដើម្បីទទួលបានទិន្នផលខ្ពស់ ជាពិសេសត្រូវឧស្សាហ៍ចុះមើលស្រែចម្ការ ដើម្បីបង្ការការពារពីការបំផ្លាញពីសត្វល្អិតផ្សេងៗ និងត្រូវប្រញាប់រាយការណ៍ទៅមន្ត្រីជំនាញកសិកម្ម នៅពេលមានបញ្ហាមិនប្រក្រតីមួយចំនួនលើដំណាំរបស់ខ្លួន ដើម្បីចុះអន្តរាគមន៍បានទាន់ពេលវេលា៕ by AKP អរគុណសន្តិភាព