អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​ប្រចាំ​នៅ​ស្រុក​សៀម​ប៉ាង បង្កើន​ការផ្តល់​ចំណី​បន្ថែម ដល់​សត្វ​ត្មាត បន្ទាប់ពី​មិនមាន​ចំណី​គ្រប់គ្រាន់​កន្លងមក​

ខេត្តស្ទឹងត្រែង៖ ​សត្វ​ត្មាត​ចំនួន​បី​ប្រភេទ​សរុប​ប្រមាណ​ជិត ១០០​ក្បាល រស់នៅ​តំបន់​ក្នុង​ដែនជម្រកសត្វព្រៃសៀម​ប៉ាង ក្នុងភូមិ​សាស្ត្រ​ឃុំ​ព្រែ​កមាស និង​ឃុំ​ថ្មកែវ ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង ត្រូវបាន​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ ក្រុមហ៊ុន​រ៉ា​យ​ស៊ី​ង​ហ្វី​នី​ក ប្រចាំ​នៅ​ស្រុក​នេះ បង្កើន​ការដាក់​ចំណី​ឱ្យ​ស៊ីក្នុង​មួយខែ​៤​លើក ដើម្បី​អភិរក្ស​តុល្យ ភាព​ចំណីអាហារ ជំនួស​អាហារ​ក្នុងព្រៃ​ធម្មជាតិ ដែល​បន្ត​ថយចុះ​ជា​លំដាប់​។​
​​លោក​លាង ប៊ុន​ប៉ែង បុគ្គលិក​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​ប្រចាំ​នៅ​ស្រុក​សៀម​ប៉ាង បានឱ្យដឹងថា បច្ចុប្បន្ន​ការផ្តល់​ចំណី​បន្ថែម យើង​ធ្វើឡើង​ក្នុង​មួយខែ ៤​លើក ជា​រៀងរាល់ខែ​នៅ​ថ្ងៃ​ដើម​សប្តាហ៍ ដើម្បីឱ្យ​សត្វ​ត្មាត​វា​មក​ស៊ី ព្រោះ​ចំណី​ធម្មជាតិ ក្នុងព្រៃ​បច្ចុប្បន្ន​មិន​សម្បូរបែប​ទេ​។ បន្ទាប់ពី​ពួកវា​ត្រូវបាន​អត់​អាហា​ជាច្រើន​សប្ដាហ៍​កន្លងមក​នោះ​ផងដែរ ។
​​ក្នុង​សកម្មភាព​ផ្តល់​ចំណី​សត្វ​ត្មាត កាលពី​ថ្ងៃ​១​រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ពុធ ទី​៣០ ខែធ្នូ ឆ្នាំ​២០២០ លោក ដួង ពៅ អភិបាលរង​ខេត្តស្ទឹងត្រែង បាន​បញ្ជាក់ថា ការធ្វើ​បែបនេះ​ដើម្បី​ថែទាំ​សត្វ​ត្មាត​ឱ្យនៅ​គង់វង្ស​ក្នុង​ដែន​ជម្រក កុំឱ្យ​ផុត​ពូជ​ពី​តំបន់​នេះ ព្រោះ​ពួកវា​ជា​សត្វ​កម្រ​បំផុត នៅលើ​ពិភពលោក ។ នៅពេលដែល​ពពួកសត្វ​ស្លាប​នេះ​រស់នៅ​បន្ត​ពូជ​បាន​ច្រើន អាជ្ញាធរ​ពាក់ព័ន្ធ​នឹង​បង្កើតជា​រមណីយដ្ឋាន​ទេសចរណ៍​សម្រាប់​បម្រើឱ្យ​វិស័យ​ទេសចរណ៍ នៅក្នុង​ស្រុក​ជាប់​ព្រំដែន​មួយ​នេះ ដើម្បី​បង្ខិត​ភាពស្និទ្ធស្នាល រវាង​ភ្ញៀវទេសចរ និង​សម្បត្តិ​ធម្មជាតិ​។​
​​លោក​អភិបាលរង​ខេត្ត​បាន​បញ្ជាក់ថា ប្រជាពលរដ្ឋ​នៅ​ឃុំ​ព្រែ​កមាស និង​ឃុំ​ថ្មកែវ បាននាំគ្នា​ដាំ​ដុះ​ស្រូវ​មិត្តភាព​សង្គ្រោះ​សត្វព្រៃ ហៅ​កាត់​ថា​ត្រ​យ៉ង ដែលជា​យន្តការ​បង្កើន​ជីវភាព​សហគមន៍ និង​កាត់បន្ថយ​ការចូល​ព្រៃ​បរបាញ់​សត្វ​គ្រប់​ប្រភេទ និង ការកាប់​រានទន្ទ្រាន​ដីព្រៃ​ខុសច្បាប់​។​
​​លោក សំ ប៊ុនធិន អភិបាលរង​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង បាន​ទទួលស្គាល់ថា នេះ​ជា​យន្តការ​មួយ ជំ​រុញឱ្យ​ប្រជាពលរដ្ឋ បញ្ឈប់​ការចូល​ព្រៃ​បរបាញ់​សត្វ និង​កាត់បន្ថយ​ការពឹង​ផ្អែកលើ​ផល​អនុផល​ព្រៃឈើ​បាន​ច្រើន​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។​
​​លោក​បន្ថែមថា ការអភិរក្ស​សត្វ​ស្លាប ប្រជាពលរដ្ឋ​បានភ្ញាក់រឭក​ចូលរួម ព្រោះ​បងប្អូន បាន​ចាត់ទុកថា ពពួកសត្វ​ទាំងនេះ នឹង​ជួយ​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យមក​ទស្សនា និង ចង់ឃើញ​ពពួកសត្វ​ត្មាត​នេះ​។ សូមបញ្ជាក់ថា សត្វ​ត្មាត​បច្ចុប្បន្ននេះ​ពេល​ក្រុមការងារ​ដាក់​ចំណី​ឱ្យ​ម្ដងៗ​សង្កេតឃើញ មាន​ចំនួន​ចន្លោះ​ចាប់ពី​៦០​ទៅ​៩០​ក្បាល តែប៉ុណ្ណោះ ដែលជា​ចំនួន​ច្រើន​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា​។ ក្រៅពីនេះ​យើង​ក៏​ឃើញ​មាន​សត្វ​ត្រ​យ៉ង​យក្ស​២៥​ភាគរយ​, ត្រយង​ចង្កំ​ក ស​៤០​ភាគរយ​, ត្រដក់​តូច ត្រដក់​ធំ ក្រៀល អង្កត់ខ្មៅ កុក​ពាក់​អំបោះ និង​ថនិកសត្វ​ជាច្រើន​ទៀត បាននិងកំពុង​មា​នវ​ត្ត​មាន នៅ​ទំនប់​ដែនជម្រកសត្វព្រៃ សៀម​ប៉ាង ខេត្តស្ទឹងត្រែង ចម្ងាយ​ពី​ទី​រួម​ខេត្ត​ប្រមាណ​ជាង ​១០០​គីឡូម៉ែត្រ ៕​ AKP
អត្ថបទដែលជាប់ទាក់ទង