របាយការណ៍បង្ហាញថា នៅឆ្នាំ២០២០នេះគ្រោះថ្នាក់ចរាចរណ៍បានថយចុះចំនួន ៩៤២លើក ស្មើនឹង ២៣ភាគរយ

ពោលគឺនៅឆ្នាំ២០២០ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួនសរុប ៣ ១៧៩លើក ខណៈកាលពីឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុបចំនួន ៤ ១២១លើក។
ការថយចុះជាង ២០ភាគរយ នៃចំនួនគ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០២០ បានធ្វើឱ្យចំនួន អ្នកស្លាប់ ថយចុះ ៣៣៥នាក់ ស្មើ ១៧ភាគរយ កាលពីឆ្នាំ២០១៩គ្រោះថ្នាក់ចរាចរណ៍បានផ្ដាច់យកអាយុជីវិតអ្នកដំណើរ ១ ៩៨១នាក់ ប៉ុន្តែឆ្នាំ២០២០ ចំនួនអ្នកស្លាប់បានថយមកនៅត្រឹមតែ ១ ៦៤៦នាក់ ប៉ុណ្ណោះ។
ចំណែកអត្រាអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ក៏មានការថមថយដូចគ្នាដែរ គឺថយ ចុះចំនួន ១ ៤៥៥​នាក់ ស្មើនឹង ២៤ភាគរយ ដ្បិតនៅឆ្នាំ២០២០ មានអ្នករងរបួស ៤ ៦៨៦នាក់ នៅគ្រាដូចគ្នាកាលពីឆ្នាំ​២០១៩ មានអ្នករបួសចំនួន ៦ ១៤១​នាក់។
ផ្អែកលើលទ្ធផលនេះ ក្នុងនាមគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវដ៏ច្រើនលើស​លប់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។
សម្តេចក្រឡាហោម ស ខេង ក្នុងនាមគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏សូមអំពាវនាវនគរបាលចរាចរណ៍ទូទាំងប្រទេស សូមបន្តប្រកាន់ខ្ជាប់នូវការអនុវត្តតួនាទីភារកិច្ច ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ និងសូមបងប្អូនជនរួមជាតិទាំងអស់បន្តចូលរួមគោរពច្បាប់ និងបើកបរប្រកបដោយស្មារតីប្រុងប្រយ័ត្នដើម្បីយើងអាចឈានទៅកាត់បន្ថយចំនួនអ្នកស្លាប់ និងរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ឱ្យមកនៅកម្រិតកាន់តែទាបជាងនេះ៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង