Updating ចាប់បានជនសង្ស័យម្នាក់ករណីបាញ់សម្លាប់នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតសា្រល
ភ្នំពេញ៖ សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យមា្នក់ ទាក់ទងករណីបាញ់សម្លាប់នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតសា្រល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ការចាប់ខ្លួននេះបានធ្វើឡើង នៅចំណុចផ្ទះជួលជិតប៉ាឆាវត្តទួលតាឯក ស្ថិតក្នុងភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២១។
ប្រតិបត្តិការតាមប្រមាញ់ជនសង្ស័យនេះ បានធ្វើឡើងដោយកម្លាំងសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនឈ្មោះ កែ ចាន់មាន ជាអ្នកបើកបររថយន្ត។ ចំណែកជនដៃដល់ដែលជាខ្មាន់កាំភ្លើងឈ្មោះ រ៉េន នៅមិនទាន់ចាប់បាននៅឡើយទេ ដោយសមត្ថកិច្ចកំពុងតែតាមស្វែងរក។
ជនសង្ស័យឈ្មោះ កែ ចាន់មាន បានសារភាពថា កាលពីយប់ថ្ងៃ២៩ ខែធ្នូ ឆ្នាំ២០២០ ខ្លួនបានចេញពីផឹកស៊ី ហើយបើកករថយន្តខាងលើជូនឈ្មោះ រ៉េន ទៅផ្ទះនៅម្តុំកំបូលទាំងស្រវឹង។ ពេលមកដល់កន្លែងកើតតហេតុ ខ្លួនបានបើករថយន្តបុកគូទរថយន្តជនរងគ្រោះពីក្រោយ បន្ទាប់មកជនរងគ្រោះ បានបើករថយន្កកាក់រថយន្តរបស់ខ្លួន និងបានយកកាំភ្លើងខ្លីភ្ជង់មកលើខ្លួនដើម្បីឱ្យអែបគៀន ព្រមទាំងប្រើពាក្យសម្តីជេរប្រមាថមកលើខ្លួនទៀតផង ទើបបឈ្មោះ រ៉េន មានកំហឹង ហើយប្រាប់ខ្លួនឱ្យនៅស្ងៀម ចាំធ្វើតែតាមគេប្រាប់បានហើយ ។ ពេលកំពុងចរចាគ្នារឿងគ្រោះថ្នាក់ចរាចរណ៍នេះ ដោយឃើញជនរងគ្រោះធ្វេសប្រហែស ឈ្មោះ រ៉េន ក៏បានដកកាំភ្លើងខ្លីដែលសៀតនៅនឹងចង្កេះបាញ់ទៅលើជនរងគ្រោះ រួចប្រាប់ឲ្យខ្លួនបើករថយន្តគេចពីកន្លែងកើតហេតុតែម្តង។
សូមជម្រាបថា ករណីបាញ់សម្លាប់លោក រ៉េត ស៊ីណែត (ញ៉ក់) នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតសា្រល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកើតឡើងកាលពីវេលាម៉ោងជាង ១២រំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ៕