សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានរៀបចំប្រារព្ធធ្វើពិធីសំណេះសំណាល និងចែក អំណោយ មនុស្សធម៌ដល់ អ្នករស់នៅជាមួយ មេរោគអេដស៍ ជំងឺអេដស៍ និង កុមារកំព្រាដោយសារមេរោគអេដស៍
ខេត្តស្វាយរៀង៖ នៅថ្ងៃចន្ទ ៦រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ ២០២១នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានរៀបចំប្រារព្ធធ្វើពិធីសំណេះសំណាល និងចែក អំណោយ មនុស្សធម៌ដល់ អ្នករស់នៅជាមួយមេរោគអេដស៍ ជំងឺអេដស៍ និងកុមារកំព្រាដោយសារមេរោគអេដស៍ នៅក្នុងកម្រិត ក្រ១ មកពី ៧ ឃុំ ក្នុងស្រុកស្វាយទាប ចំនួន ២២ គ្រួសារ និង ៦ សង្កាត់ក្នុង ក្រុងស្វាយរៀង និងបុគ្គលិកបណ្តាញចំនួន ២០គ្រួសារ សរុបចំនួន ៤២គ្រួសារ ស្ថិតនៅអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្វាយទាប និងនៅអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងស្វាយរៀង ក្រោមអធិបតីភាពឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ក្នុងនាមគណៈកម្មាធិការសាខា និអនុសាខាមួយចំនួនទៀត។
មានប្រសាសន៍ សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម ម៉ែន វិបុល បានពាំនាំនូវ ប្រសាសន៍របស់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និង មនោសញ្ចេតនាអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះប្រជាពលរដ្ឋទាំងអស់ ព្រមទាំងបានផ្តាំផ្ញើឲ្យយកចិត្តទុកដាក់ គិតគូរថែទាំសុខភាពទាំងផ្លូវកាយ-ផ្លូវចិត្ត ឲ្យបាន រឹងមាំ លេបថ្នាំតាមវេជ្ជបញ្ជារ ហើយទម្លាប់រស់នៅធម្មតា តាមបែប គន្លងថ្មី ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងចូលរួមទាំងអស់គ្នា ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ ក្នុង ទិសដៅបញ្ចប់បញ្ហាអេដស៍ដែលជាការគម្រាមកំហែងដល់សុខភាពសាធារណៈនៅឆ្នាំ២០២៥ ។
ឯកឧត្តមក៍បានថ្លែងំណរគុណដល់សប្បុរសជនទាំងក្នុង និងក្រៅខេត្តដែលជានិច្ចជាកាលតែងតែបានឧបត្ថម្ភជា សម្ភារៈថវិកា ដល់សាខា ដើម្បីមានលទ្ធភាពដោះស្រាយបញ្ហានានាដល់ជនងាយរងគ្រោះ និងរងគ្រោះផ្សេងៗបាន ទាន់ពេលវេលា ហើយសម្ភារៈដែលបានចែកជូននាពេលនេះមានចំនួនតិចតួច មិនអាចឆ្លើយតបទៅនឹងតម្រូវការ របស់បងប្អូននោះទេ ប្រការសំខាន់គឺត្រូវខិតខំប្រកបរបរបន្ថែមតាមជំនាញរៀងខ្លួន តាមរយៈការដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីលើកស្ទួយជីវភាពគ្រួសារបានមួយកម្រិត ហើយត្រូវណែនាំកូនចៅឲ្យគោរពច្បាប់ចរាចរណ៍ និងជៀសឲ្យឆ្ងាយពីគ្រឿងញៀន ។ ជាមួយគ្នានោះ ឯកឧត្តម បានពាំនាំនូវសារអំពាវនាវរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវពង្រីកសកម្មភាពផ្សព្វផ្សាយ អប់រំផ្សព្វផ្សាយ លើកកម្ពស់ ការយល់ដឹងពីបញ្ហាអេដស៍ និងជំងឺកូវីដ-១៩ ឱ្យបានដល់សហគមន៍ជនបទ ឲ្យបានទូលំទូលាយ ។
អំណោយ និងសម្ភារៈដែលសាខាបានផ្តល់ជូនទាំង ៤២ គ្រួសារ ក្នុង ១ គ្រួសារ ទទួលបាន អង្ករ ៣០គ.ក្រ មី ១ កេស ត្រីខកំប៉ុង ១០កំប៉ុង ទឹកស៊ីអ៊ីវ ៦ដប សាប៊ូដុំ ៤ដុំ ទឹកដោះគោខាប់ ៥កំប៉ុង មុង១ ភួយ១ សារ៉ុង១ ក្រម៉ា១ អាវយឺត២ ថវិកាធ្វើដំណើររបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ៥០ ០០០រៀល ដោយមានការអាណិតស្រលាញ់បងប្អូនដែលជាជនរងគ្រោះ ឯកឧត្តម បានឧបត្ថម្ភបន្ថែម ទាំង ៤២គ្រួសារ ក្នុង ១គ្រួសារ ថវិកា ៣០ ០០០រៀល៕