ថ្នាក់ដឹកនាំនិងមន្ត្រីរាជបណ្ឌិត្យសភាកម្ពុជា ចូលរួមពិធីសែនក្រុងពាលី និងប្រគល់ផ្ទះជូនប្រជាការពារ

ខេត្តតាកែវ៖ នាថ្ងៃទី៧ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យ​សភាកម្ពុជា និងសហការី ចំនួន៣១នាក់ បានអញ្ជើញចូលរួមពិធីសែនក្រុងពាលី អភិសេករូបសំណាកលោកតាគល់ លោកយាយលក្ខណ៍ និងពិធីចែកអំណោយសប្បុរសជនជូនពលរដ្ឋក្រីក្រ ៣០គ្រួសារ ក្រោមអធិបតីឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន និងលោកជំទាវ សុខ កែវ ច័ន្ទសារុន នៅវត្តមង្គលមានលក្ខណ៍។
បើតាមប្រសាសន៍ព្រះមង្គលបញ្ញា សៅរ៍ តារាវី ព្រះចៅអធិការវត្តមង្គលមានលក្ខណ៍នេះ សាងសង់ឡើងដើម្បីរំឭកដល់លោកតាគល់ និងលោកយាយលក្ខណ៍ ដែលជាចាស់ស្រុកនៅឃុំត្រពាំងធំខាងជើង ហើយព្រះតេជគុណ ចង់ឱ្យសាធារណជនដឹងថា នៅពេលនិយាយពីរូបសំណាកលោកតាគល់ និងលោកយាយលក្ខណ៍ នោះនឹងនឹកឃើញដល់ឃុំត្រពាំងធំខាងជើង។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត យង់ ពៅ បានសំណេះសំណាលជាមួយអជ្ញាធរភូមិឃុំត្រពាំងធំខាងជើង និងបានផ្ដាំផ្ញើ ក៏ដូចជាសំណូមពរដល់ក្រុមប្រឹក្សាឃុំ បន្តខិតខំក្នុងការបំពេញភារកិច្ចរបស់ខ្លួនឱ្យស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល និងបន្តប្រុងប្រយ័ត្ន ពន្យល់ណែនាំប្រជាពលរដ្ឋឱ្យចេះការពារសុខភាពពីជំងឺកូវីដ-១៩។
បន្ទាប់មកនៅពេលរសៀល ឯកឧត្តមបណ្ឌិត យង់ ពៅ និងក្រុមការងារបានបន្តចូលរួមកម្មវិធីប្រគល់ផ្ទះ១ខ្នង ដែលអំណោយសប្បុរសជនតាមរយៈព្រះអង្គសៅរ៍ តារាវី សង់ជូនដល់ប្រជាការពារភូមិព្រៃស្បាត ក្រោមអធិបតីឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន និងលោកជំទាវ សុខ កែវ ច័ន្ទសារុន។ សូមបញ្ជាក់ដែរថា នៅពេលរសៀលនោះដែរពលរដ្ឋក្រីក្រ ចំនួន ១២គ្រួសារ បន្ថែមទៀតក៏បានទទួលអំណោយ មានអង្ករនិងគ្រឿងឧបភោគបរិភោគផងដែរ៕
អត្ថបទដែលជាប់ទាក់ទង