អភិបាលខេត្តព្រះវិហារ អំពាវនាវដល់ប្រជាពលរដ្ឋ និងមន្រ្តីរាជការចូលរួមថែរក្សា​ការពារ​សុខសន្តិភាពដែលស្វែងរកដោយលំបាកក្រោមការដឹកនាំរបស់សម្តេចតេជោ

ខេត្តព្រះវិហារ៖ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បាន​ថ្លែង​អំពាវនាវអោយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនិងបងប្អូនប្រជាពលរដ្ឋ ត្រូវូចូល​រួមថែរក្សាការពារសុខសន្តិភាពអោយបាន ទោះក្នុងតម្លៃណាក៏ដោយ ៤២ឆ្នាំមុន ប្រទេស​កម្ពុជារបស់យើង ប្រជាពលរដ្ឋរបស់យើងបានឆ្លងកាត់ បានជួបប្រទះ​ហើយ គឺមហាសែន​លំបាកវេទនាខ្លោចផ្សារណាស់ ។

ថ្លែងក្នុងពិធីចែកអំ​ណោយ​ជូន​ប្រជាពលរដ្ឋចំនួន ៣០គ្រួសារ ដែលមានជីវភាពខ្វះខាត​រួមមាន៖ ស្ត្រីមេម៉ាយ ក្មេងកំព្រា ជនពិការ ចាស់ជរាគ្មានទីពឹង នៅឃុំស្រអែម ស្រុកជាំ​ក្សាន្ត នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្តម អភិបាលខេត្តព្រះវិហារ​ថា៖​«៤២ឆ្នាំមុន ថ្ងៃនេះជាថ្ងៃកំណើតទី២​របស់យើងទាំងអស់គ្នា»​ដែលបានរួចផុតពី​សម័យ​ខ្មៅងងឹត ៣ឆ្នាំ៨ខែ២០ថ្ងៃ ដែលបងប្អូនជាច្រើន បាត់បង់ឪពុកម្តាយ បងប្អូន កូនចៅនិង​ញាតិសណ្តានគួរអោយសង្វេគ និងអាឡោះអាល័យបំផុត។

ឯកឧត្តម ប្រាក់ សុវណ្ណ បានថ្លែងយ៉ាងដូច្នេះទៀតថា៖បងប្អូនជនរួមជាតិយើង ជាស្ត្រី​មេម៉ាយ ជាចាស់ជរាគ្មានទីពឹង ជាកូនកំព្រា ជាជនពិការរាប់ម៉ឺនសែននាក់ ដ៍គួរអោយ​អាណិតអាសូរ ដែលយើងមិនអាចទុកបងប្អូនចោលនោះទេ គឺយើងត្រូវតែមើលថែ​ទំនុក​បម្រុង ទោះបីតិចក្តីច្រើនក្តីគឺមិនឲ្យបងប្អូនស្លាប់ដោយសារអត់បាយនោះឡើយ ស្របតាម​ការណែនាំដ៍ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​កម្ពុជា និងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាល​សម្តេចទាំងទ្វេរតែងគិតគូរ យកចិត្តទុកដាក់ ពីសុខទុក្ខនិងការរស់នៅ​របស់បងប្អូន​ប្រជា​ពលរដ្ឋគ្រប់ទិសទី។

ឯកឧត្តម ប្រាក់ សុវណ្ណ បានថ្លែងជម្រាបជូនបងប្អូនប្រជាពលរដ្ឋទៀតថា៖​រាជរដ្ឋាភិបាល​កម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ មិនត្រឹមតែអាចការពារកម្ពុជា អោយឆ្លងផុតពីការរីករាលដាលនៃជំងឺកុវីដ.១៩ប៉ុណ្ណោះទេ ប៉ុន្តែអាចគ្រប់គ្រងសេដ្ឋកិច្ច​ដោយមានប្រសិទ្ធិភាពទៀតផង ដោយកម្ពុជានៅតែមានលទ្ធភាពបើកប្រាក់​បៀវត្សរ៍​ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនិងផ្តល់ជំនួយសង្គមតាមគ្រប់រូបភាពដូចជាការឧបត្ថម្ភចាស់ជរា កម្មករ កម្មការនី ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ​និងរងគ្រោះក្នុងកំឡុងពេលជំងឺ​កូវីដ​នេះ​ផងដែរ។

ឯកឧត្តម អភិបាលខេត្តព្រះវិហារ ក៍បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋ សម្រាប់កាដូ​ឆ្នាំថ្មី​២០២១នេះ គឺដំណក់ប្រេងដំបូងបំផុតដែលកម្ពុជាទទួលបាន សម្រាប់ជាប្រភពទុន​វិនិយោគ​ក្នុងស្រុក ឆ្ពោះទៅរកការអភិវឌ្ឍន៍និងភាពរុងរឿងតកូនតចៅ ដែលទាំងអស់នេះ​កើតចេញពីនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលបានស្វែងរក​ដោយ​​លំបាក នូវសុខសន្តិភាពមួយនេះជូនជាតិមាតុភូមិ។ ដែលកត្តានេះយើងទាំងអស់គ្នា ត្រូវចូលរួមថែរក្សាការពារសុខសន្តិភាពអោយបានទោះក្នុងតម្លៃណាក៏ដោយ ដើម្បីអោយ​ប្រទេសកម្ពុជាយើង កាន់តែមានការអភិវឌ្ឍន៍រីកចម្រើនតទៅទៀត។

ក្រោយចប់ពិធីសំនេះសំនាលរួច ឯកឧត្តម ប្រាក់ សុវណ្ណ ក៏បន្តដឹកនាំក្រុមការងារខេត្ត ស្រុក និងសមត្ថកិច្ចពាក់ពន្ធ័ អញ្ជើញទៅធ្វើពិធីបួងសួងនៅមុខរួបសំណាកលោកតាឌី នៅលើកំពូលភ្នំប្រាសាទព្រះវិហារ ដើម្បីបួងសួងសុំសេចក្តីសុខ​សេចក្តីចម្រើន​ដល់ថ្នាក់​ដឹកនាំ ប្រទេសនិងបងប្អូនប្រជាពលរដ្ឋខ្មែរ។ និងបានឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខ័ន យុទ្ធជន យុទ្ធនារីក្លាហានរបស់យើង ដែលបានលះបង់សាច់ស្រស់ ឈាម​ស្រស់​ ក្នុងបុព្វ​ហេតុរំដោះប្រទេសជាតិអោយរួចផុតពីរបបខ្មៅងងឹត៣ឆ្នាំ៨ខែនិង២០ថ្ងៃ៕ ប្រភព៖ រដ្ឋបាលខេត្ត

អត្ថបទដែលជាប់ទាក់ទង