ពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុង​ ១ខ្សែ​ ប្រវែង ៧៥០ម៉ែត្រ ទទឹង ៥ម៉ែត្រ ក្រោមជំនួយឧបត្ថម្ភឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូច-សន្តិសុខមនុស្សជាតិ(គូសាណូណ៌) របស់រដ្ឋាភិបាលជប៉ុន

ខេត្តកោះកុង៖ ពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុង​ ១ខ្សែ​ ប្រវែង ៧៥០ម៉ែត្រ ទទឹង ៥ម៉ែត្រ ក្រោមជំនួយឧបត្ថម្ភឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូច-សន្តិសុខមនុស្សជាតិ(គូសាណូណ៌) របស់រដ្ឋាភិបាលជប៉ុន នៅភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ​ ខេត្ត​កោះកុង​។
ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យឯកជនជាដៃគូ មិនអាចខ្វះបាន ក្នុងការរួមចំណែកវិនិយោគលើវិស័យនានា សំដៅធ្វើអោយប្រទេសជាតិយើង មានការអភិវឌ្ឍជាបន្តបន្ទាប់។ ដោយឡែកទឹកដីកោះកុង ក៏មានឱកាសដ៏ប្រពៃ ពីសន្តិភាព ស្ថេរភាព នយោបាយ ដោយមានក្រុមហ៊ុនជាច្រើន ចូលមក ដាក់ទុនវិនិយោគ ដូចជា វារីអគ្គិសនី រោងចក្រស្ករស ផលិតពីអំពៅ តំបន់សេដ្ឋកិច្ច ពិសេសនាងកុក-កោះកុង។
នាពេលថ្មីៗនេះ ព្រះរាជាណាចក្រកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ ១ លើពិភពលោក ក្នុងការទប់ស្កាត់ជំងឺ​កូវីដ-១៩ គឺដោយមានការដឹកនាំដ៏ត្រឹមត្រូវ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយនឹងជោគជ័យដ៏ធំធេង និងសមិទ្ឋផលជាច្រើន កំពុងត្រូវបានកសាង ជាបន្តបន្ទាប់ដូចជា ផ្លូវ សាលារៀន អាគាររដ្ឋបាល ហេដ្ឋារចនាសម្ព័ន្ឋនានា ដោយឡែកពេលនេះ បានទទួលនូវគម្រោងសាងសង់ផ្លូវបេតុងមួយខ្សែ ដែលមានប្រវែង ៧៥០ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ នៅក្នុងភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ក្រោមជំនួយឧបត្ថម្ភឥតសំណង សម្រាប់​គម្រោងទ្រង់ទ្រាយ តូច-សន្តិសុខមនុស្សជាតិ (កូសាណូណ៌)របស់រាជរដ្ឋាភិបាលជប៉ុន។
ដូចដែល លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ចូនខេត្ត បានលើកឡើងថា ដើម្បីទទួលបានគម្រោង​ទ្រង់ទ្រាយតូច-សន្តិសុខមនុស្សជាតិ(កូសាណូណ៌)របស់រាជរដ្ឋាភិបាលជប៉ុន នេះ គឺបានការគាំទ្រយ៉ាងពេញទំហឹង ពីគ្រប់អាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ ជាពិសេសលោកប្រធានមន្ទីរជំនាញ​តែម្តង ក្នុងការទំនាក់ទំនងរហូត បានទទួលជោគជ័យនាពេលនេះ។
ការសាងសង់ផ្លូវបេតុងនេះ ជាការសាសងសង់សម្រាប់បងប្អូន ដែលស្ថិតនៅ អមសងខាងផ្លូវ និងបងប្អូនទាំងអស់ ដែលធ្វើដំណើរឆ្លងកាត់អោយកាន់តែងាយស្រួល និងឆាប់រហ័សផងដែរ។
ពីមុនផ្លូវ មិនស្អាត ធ្វើដំណើរពិបាក បន្តិចទៀតនេះ ផ្លូវនេះប្រាកដជាស្អាត រឹងមាំល្អ ខ្ញុំសូមអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលនៅទីនេះ មេត្តាជួយថែរក្សានូវសមិទ្ឋិផលនេះ អោយបានគង់វង្សទុកជាប្រយោជន៍​សាធារណៈរបស់រដ្ឋ និងទុកជារបស់បងប្អូនផ្ទាល់ផង ព្រមទាំងជួយថែរក្សា អនាម័យ បរិស្ថាន លើកំណាត់ផ្លូវ និងជុំវិញគេហដ្ឋាន អោយបានកាន់តែល្អប្រសើរបន្ថែមទៀត។
កន្លងមក ខ្ញុំបានឃើញលោកអភិបាលស្រុក បានបំផុសចលនាបំពាក់ ភ្លើងបំភ្លឺតាមមុខផ្ទះ ក្រោយពីផ្លូវ​សាងសង់រួចរាល់ ខ្ញុំសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋ ពិតជាចូលរួម ក្នុងការបំពាក់ដាក់ភ្លើងនៅមុខផ្ទះ ដើម្បី​សោភណ្ឌភាពផង ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរផង និងដើម្បីទប់ស្កាត់ការបាត់បង់ទ្រព្យសម្បត្តិបងប្អូនផង។
ជាមួយគ្នានេះផងដែរ ខ្ញុំសូមបងប្អូនទាំងអស់យកចិត្តទុកដាក់ តាមគោលការណ៍ណែនាំ របស់រាជរដ្ឋា​ភិបាលក្រសួងសុខាភិបាល និងអាជ្ញាធរមានសត្ថកិច្ច ក្នុងការចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ យើងទាំងអស់គ្នាត្រូវតែរស់នៅ ប្រកបដោយអនាម័យ ក្នុងគន្លងថ្មី ក្នុងវិបត្តិកូវីដ យើងសង្ឃឹមថា ក្នុងភូមិ ក្នុឃុំ ក្នុងស្រុក ក្នុងខេត្តរបស់យើង ពិតជាអាចចៀសផុតពីកូវីដ១៩ និងមានសុខភាពល្អគ្រប់ៗគ្នា៕
អត្ថបទដែលជាប់ទាក់ទង