ដើម្បីការពារការឆ្លងជំងឺកូវីដ.១៩ រាជរដ្ឋាភិបាល អំពាវនាវដល់ពលករកម្ពុជាដែលធ្វើការនៅថៃ ឱ្យបន្តស្នាក់នៅតាមកន្លែងរៀងៗខ្លួនសិន

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្ដីអំពាវ​នាវដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ សូមស្នាក់នៅក្នុង​ប្រទេស​ថៃបន្តទៀត ចៀសសវាងការចល័តពីកន្លែងមួយទៅកន្លែងមួយទៀត ដើម្បីរួមគ្នា​បង្ការ ទប់ស្កាត់ ការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដែលកំពុងផ្ទុះឡើងនៅ​ទូទាំង​ប្រទេសថៃ។

គណៈកម្មការផ្ដល់ភាពស្របច្បាប់ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅ​ប្រទេសថៃ ក៏បានបញ្ជាក់ដែរថា ក្នុងពេលមានការរាតត្បាតជំងឺកូវីដ-១៩ នៅប្រទេសថៃ​នោះ អាជ្ញាធរថៃនឹងមិនមានវិធានការច្បាប់ប្រឆាំងនឹងនិយោជក ក៏ដូចជាពលករបរទេស​ដែលកំពុងធ្វើការ និងស្នាក់នៅមួយកន្លែងនោះឡើយ។ ផ្ទុយទៅវិញ ប្រសិនបើពលករ​បរទេស​ដែលចល័តពីកន្លែងមួយទៅកន្លែងមួយទៀត ឬមានបំណងចង់វិលត្រលប់​ទៅ​ស្រុក​កំណើតវិញនោះ នឹងត្រូវអាជ្ញាធរមានសមត្ថកិច្ចថៃចាប់ឃាត់ខ្លួន ហើយក៏អាច​ប្រឈម​នឹងការឆ្លងជំងឺកូវីដ-១៩ ថែមទៀតដែរ។

ដូច្នេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាគណៈកម្មការផ្ដល់ភាពស្របច្បាប់ដល់​ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ អំពាវនាវយ៉ាងទទូចដល់​ពលករ​កម្ពុជា​ទាំងឡាយដែលកំពុងស្នាក់នៅប្រទេសថៃស្រាប់ សូមរក្សាភាពនឹងនរ និង​បន្តស្នាក់នៅមួយកន្លែងសិន ដោយកុំទាន់ឆ្លងដែនចូលមកប្រទេសកម្ពុជាវិញឱ្យសោះ ហើយសូមជឿទុកចិត្តលើសមត្ថភាព និងលទ្ធភាពទប់ស្កាត់ ការព្យាបាលជំងឺកូវីដ-១៩ របស់អាជ្ញាធរថៃ។

សូមជម្រាបថា ក្នុងចំណោមពលករកម្ពុជាដែលចេញពីប្រទេសថៃត្រលប់មកកម្ពុជាវិញ ត្រូវបានរកឃើញមានអ្នកឆ្លងជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ តួយ៉ាងនៅថ្ងៃទី១៤.១៥និង​១៦នេះ ក្រសួង​សុខាភិបាលបានប្រកាសរកឃើញថា មានអ្នកឆ្លងថ្មីចំនួន ជាង១០នាក់​ក្នុងមួយថ្ងៃ ប៉ុន្តែក៏មានអ្នកជាសះស្បើយជាបន្តបន្ទាប់ផងដែរ។

ខាងក្រោមនេះជាសេចក្ដីអំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជា៖

អត្ថបទដែលជាប់ទាក់ទង