រដ្ឋាភិបាលជប៉ុនផ្តល់ជំនួយឥតសំណងចំនួន២គម្រោងដើម្បីលើកកម្ពស់គុណភាពនៃជីវភាពរបស់ប្រជាជនកម្ពុជានៅកម្រិតមូលដ្ឋាន

រដ្ឋាភិបាលជប៉ុនបានឯកភាពផ្ដល់ថវិកាសរុបចំនួន ១៨៧,៦៨២ដុល្លារអាមេរិក ដល់អង្គភាពទទួលជំនួយចំនួន២ ក្រោមគម្រោងការជំនួយឧបត្ថម្ភឥតសំណងសម្រាប់គម្រោងទ្រទ្រង់តូចសន្តិសុខមនុស្សជាតិជំនួយ គូសាណូណិ ជាភាសាជប៉ុន ប្រែថា “មូលដ្ឋាន”។ កិច្ចសន្យាផ្ដល់ជំនួយត្រូវបានចុះហត្ថលេខាក្រោមអធិបតីភាពឯកឧត្តម មីកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងតំណាងអង្គភាពទទួលជំនួយទាំងពីរ។
ឯកឧត្តម មីកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាជាមួយគម្រោងទ្រទ្រង់តូចសន្តិសុខមនុស្សជាតិថាចាប់តាំងពីឆ្នាំ១៩៩១ បន្ថែមលើគម្រោងឥណទាននិងជំនួយឥតសំណងខ្នាតធំរបស់រដ្ឋាភិបាលជប៉ុនបានកំពុងអនុវត្តកម្មវិធី គូសាណូណិ នៅកម្ពុជាដើម្បីជួយដល់អាជ្ញាធរមូលដ្ឋាននិងអង្គការក្រៅរដ្ឋាភិបាលក្នុងការអនុវត្តគម្រោងរបស់ពួកគាត់។ គូសាណូណិ មានន័យថា មូលដ្ឋានក្នុងភាសាជប៉ុន។ នៅក្នុងរយៈពេល៣០ ឆ្នាំចុងក្រោយនេះស្ថានទូតជប៉ុនប្រចាំកម្ពុជាបានចូលរួមចំណែកក្នុងគម្រោងជាង ៦០០ តាមរយៈជំនួយឥតសំណងគូសាណូណិ ។ យើងមានសេចក្តីសោមនស្សរីករាយ ដែលគម្រោងទាំងនេះបានចូលរួមចំណែកដោយផ្ទាល់ក្នុងការលើកកម្ពស់គុណភាពនៃជីវភាពរបស់ប្រជាជនកម្ពុជានៅកម្រិតមូលដ្ឋាន។
ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពបានបញ្ជាក់អំពីគម្រោងនីមួយៗដែលបានចុះហត្ថលេខា ថា នៅក្នុងគម្រោងទី ១ សម្រាប់សមាគមទឹកកម្ពុជារដ្ឋាភិបាលជប៉ុនបានផ្ដល់ថវិកាចំនួន៩៦,៧៧៥ដុល្លារ ដើម្បីធានាការទទួលបានទឹកស្អាតនិងសេវាកម្មអនាម័យគ្រប់គ្រងដោយសុវត្ថិភាពតាមរយៈការសាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកនឹងដំឡើងបណ្ដាញចែកចាយទឹកនៅកោះពាមរាំងខេត្តព្រៃវែង។ យើងរំពឹងថា ប្រជាជនប្រមាណ១៣០០ នាក់នឹងទទួលបានទឹកស្អាតប្រើប្រាស់និងមានតម្លៃសមរម្យតាមរយៈគម្រោងនេះហើយខ្ញុំសង្ឃឹមយ៉ាងមុតមាំថា គម្រោងនេះនឹងនាំទៅរកអនាម័យល្អប្រសើរនិងការកែលម្អជីវភាពរស់នៅរបស់ពួកគាត់។
ចំណែកគម្រោងទី ២ សម្រាប់មន្ទីរអប់រំយុវជននិងកីឡាខេត្តព្រះវិហាររដ្ឋាភិបាលជប៉ុនផ្ដល់ថវិកា៩០៩០៧ ដុល្លារសម្រាប់ការសាងសង់អគារសិក្សាមួយខ្នង ៥ បន្ទប់សិក្សានិង ៤ បន្ទប់ទឹក កន្លែងលាងដៃមួយ និងធុងស្តុកទឹកមួយនៅអនុវិទ្យាល័យខ្យងខេត្តព្រះវិហារ។ យើងរំពឹងថាជំនួយនេះនឹងផ្ដល់អត្ថប្រយោជន៍ដល់សិស្ស២១០ នាក់ និងគ្រូ ៩ នាក់ តាមរយៈការលើកកម្ពស់គុណភាពអប់រំនិងបរិយាកាសសិក្សារៀនសូត្រក៏ដូចជាចូលរួមចំណែកដល់ការធំលូតលាស់ប្រកបដោយសុខភាពល្អរបស់សិស្សផងដែរ។
ឯកឧត្តម មីកាមិ ម៉ាសាហ៊ីរ៉ូ បានបន្ថែមថា ទោះបីជាយ៉ាងណាក៏ដោយខ្ញុំក៏ទទួលស្គាល់ថា នៅតែមានបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយដើម្បីលើកកម្ពស់គុណភាពនៃជីវភាពរស់នៅរបស់ប្រជាជន។បញ្ហាសុខភាពនិងអនាម័យក៏កាន់តែមានសារៈសំខាន់ផងដែរជាពិសេសនៅពេលដែលជំងឺកូវីដ១៩ មានការគំរាមកំហែងនៅលើទូទាំងពិភពលោក ហើយប្រទេសជប៉ុននឹងបន្តចូលរួមចំណែកក្នុងការជួយដោះស្រាយបញ្ហាប្រឈមទាំងនោះតាមរយៈគម្រោងការសហប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ផ្សេងៗរួមទាំងគូសានេះផងដែរ។
ទន្ទឹមនឹងនោះ លោក ម៉ិល គារី មេឃុំកោះចេកក៏បានថ្លែងថាចាប់ពីឆ្នាំ២០១៨ មក ដោយមានការគាំទ្រពីលោកអៀង សុធារ៉ា ប្រជាជនបានចាប់ផ្ដើមធ្វើកសិកម្មសេរីរាង្គដែលបានរួមចំណែកលើកកម្ពស់សុខភាពសាធារណៈនិងលើកកម្ពស់ជីវភាពប្រជាជនកោះពាមរាំងបានកើនឡើងមួយកម្រិតតាំងនាមឲ្យប្រជាជននៃកោះពាមរាំងទាំងអស់ខ្ញុំបាទសូមថ្លែងអំណរគុណចំពោះឯកឧត្តមឯកអគ្គរាជទូតមីកាមីងម៉ាសាហ៊ីរ៉ូ និង លោក កាន់ដា យ៉ូហ្គោ ដែលបានផ្ដល់ជំនួយថវិកាសាងសង់គម្រោងទឹកស្អាតសម្រាប់ជាប្រយោជន៍របស់ប្រជាជនកោះពាមរាំងទាំងមូល ។
ជាមួយគ្នានោះដែរលោក ចេង លឹម ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តព្រះវិហារក៏បានលើកឡើងថា បច្ចុប្បន្ននៅខេត្តព្រះវិហារមានអាគារសិក្សាសង់អំពីឈើចំនួន១៣៧ ខ្នងស្មើនឹង៤១១បន្ទប់ ដែលមានសភាពទ្រុឌទ្រោមត្រូវរុះរើចេញហើយមួយចំនួនទៀតជាអាគាររោងដោល និងជាសំណង់បណ្ដោះអាសន្ន។ ម្យ៉ាងទៀតចំនួនសិស្សានុសិស្សនៅតាមតំបន់ប្រជុំជនមួយចំនួនមានការកើនឡើងដោយប្រជាពលរដ្ឋមួយចំនួនបានផ្លាស់ទីលំនៅពីខេត្តផ្សេងៗទៅរស់នៅតាមបណ្ដាក្រុងស្រុកមួយចំនួនដោយប្រកបរបរកសិកម្មចំការនិងប្រជាពលរដ្ឋមួយចំនួនពង្រីកភូមិថ្មីដែលនាំឲ្យមានការខ្វះអគារសិក្សានឹងក្លាយជាបញ្ហាប្រឈមចំពោះមុខក្នុងការប្រមូលសិស្សចូលរៀន។
ដោយមើលឃើញពីការលំបាកខាងលើស្ថានទូតជប៉ុនតែងតែផ្ដល់ជំនួយឥតសំណងសម្រាប់សត្សបានទាន់ពេលវេលានិងចំគោលដៅសាលាដែលជួបការលំបាកដល់ខេត្តព្រះវិហារនេះជាសក្ខីភាពបញ្ជាក់ឲ្យឃើញច្បាស់នូវមនោសញ្ជេតនាយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាលនិងប្រជាជនជប៉ុនចំពោះរាជរដ្ឋាភិបាលនិងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា ។ យើងខ្ញុំសង្ឃឹមនិងជឿជាក់ថារាជរដ្ឋាភិបាលជប៉ុនជាពិសេសស្ថានទូតជប៉ុននិងមិនតបខំគាំទ្ររាល់ការអភិវឌ្ឍវិស័យអប់រំយុវជននិងកីឡាក្នុងខេត្តព្រះវិហារជាបន្តថែមទៀត៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង