អភិបាលរាជធានីឆ្លើយតបនឹងការរិះគន់មិនសមហេតុផល ខណៈកាលពីម្សិលមិញមានការឃាត់ខ្លួនមនុស្ស ១៣នាក់បន្ទោរបង់នៅតាមសួនច្បារសាធារណៈ
ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំមួយនៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នេះ បានលើកឡើងថា សាសារាជធានីភ្នំពេញ បានសាងសង់បង្គន់អនាម័យសាធារណៈច្រើនហើយ តែដោយសារតែចរិក មារយាទមនុស្សមួយចំនួន ដែលតែងតែបត់ជើងតូច ឬធំនៅតាមទីសាធារណៈលើសួនច្បារ ឬដើមឈើ ពាសវាលពាសកាលមិនត្រឹមត្រូវ ខណៈនៅបរទេស ក៏គ្មានប្រទេសណាសង់បង្គន់ ១០០ម៉ែត្រមួយដែរ។
ឯកឧត្តម បានមើលឃើញ គេចូលបញ្ចេញមតិ (ខមមិន) ច្រើននៅក្នុងហ្វេសប៊ុកផេកកាលពីថ្ងៃទី១៩ ខែមករា ដោយអ្នកខ្លះ ហាក់រិះគន់មិនអាចទទួលយកបាន តែមានអ្នកគាំទ្រយ៉ាងលើសលប់ យើងមិនខ្វល់ចំពោះអ្នករិះគន់ប៉ុន្មាននាក់នោះទេ ។ ឯកឧត្តម អភិបាលរាជធានីបានមានប្រសាសន៍ថា «គ្មានប្រទេសណាធ្វើបង្គន់ ១០០ម៉ែត្រមួយនោះទេ អត់មានទេ អស់លោក ។ គេមានផែនការច្បាស់ណាស់ ចេញពីផ្ទះត្រូវបត់ជើងបត់ដៃតែម្តង ទាំងអាតូច អាធំ ឲ្យហើយតែម្តង… នេះជាចរិកអ្នកនៅទីក្រុង ។ មិនមែនរបៀប អ៊ីចឹងទេ ហើយ ៤ ឬ ១០គីឡូ (ម៉ែត្រ) គឺមាន ១(បង្គន់)ហ្នឹង ហើយមានមួយហ្នឹង គឺនៅក្រោមដីមើលមិនឃើញទៀត ទាល់តែអ្នកស្គាល់ » ។ អ៊ីចឹងឲ្យច្បាស់ផង កុំចេះតែខមមិន មានមាត់ មានអណ្តាតចេះតែរលាស់» ។
ឯកឧត្តម បានបន្តថា បញ្ហានេះ មានមន្ត្រីរបស់យើងចូលខមមិនតប បញ្ជាក់អំពីបញ្ហានេះដល់អ្នករិះគន់មួយចំនួន ហើយបានផ្តាំផ្ញើថា តិចគេទៅនោមលិចផ្ទះអ្នកឯងទៅ។ ឯកឧត្តម បានបន្តថា រឿងបង្គន់សាធារណៈនេះ យើងមានច្រើនហើយ បង្គន់យើងមានគ្រប់កន្លែងឲ្យគាត់បទជើង តែគាត់អត់ព្រមចូល។ អាជ្ញាធរក៏មានការយោគយល់ខ្លះដែរ បើសិនជាបងប្អូនខ្លះនៅជាយក្រុង ដូចជានៅខណ្ឌព្រែកព្នៅ ឬស្សីកែវ ដែលមានកំពតព្រៃអី គឺអាចបត់ជើងតូចអីនោះ គឺអនុគ្រោះដែរ «ប៉ុន្តែនេះនៅ (ខណ្ឌដូនពេញ ចំការមន បឹងកេងកង ៧មករា អី ទទួលយកម្តេចកើត ទទួលយកមិនបានទេ» ។
ឯកឧត្តម បានបន្តទៀតថា «នេះជាសារជាតិមួយ គឺថាអត់មាយាទ» សម្រាប់អ្នកដែលតែងតែបត់ដៃជើង នៅតាមទីសួនច្បារសាធារណៈ ។
កាលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ម្សិលម៉ិញរដ្ឋបាលខណ្ឌដូនពេញបានឃាត់ខ្លួនអ្នកមកបន្ទោរបង់នៅតាមសួនច្បារសាធារណៈ តាមគល់ឈើ និងនៅទីតាំងសាធារណៈផ្សេងៗទៀត បានចំនួន១៣នាក់ ដែលធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ របៀបរៀបរយ និង បង្ករអោយមានក្លិនឆ្អេះឆ្អាបដល់អ្នកធ្វើដំណើរ យកមកអប់រំណែនាំនៅសាលាខណ្ឌដូនពេញ ៕ កម្ពុជាថ្មី