ឯកឧត្តម គួច ចំរើន អភិបាលនៃ គណៈអភិបាលខេត្តព្រះសីហនុអញ្ជើញផ្តល់រថយន្តពន្លត់អគ្គីភ័យចំនួន ៣គ្រឿង ជូនស្នងការនគរបាលខេត្ត

ខេត្តព្រះសីហនុ៖ រសៀលថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃ គណៈអភិបាលខេត្តព្រះសីហនុអញ្ជើញផ្តល់រថយន្តពន្លត់អគ្គីភ័យចំនួន ៣គ្រឿង ជូនស្នងការនគរបាលខេត្តព្រះសីហនុ ដែលជាអំណោយរបស់ទីក្រុងឆាំងវ៉ុន (Changwon City) សាធារណរដ្ឋកូរ៉េ ដោយមានការចូលរួមទទួលពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទីក្រុងឆាំងវ៉ុន (Changwon City) ជាទីក្រុងមេត្រីភាពជាមួយខេត្តព្រះសីហនុ ដែល បានចែករំលែកនូវសម្ភារៈប្រើប្រាស់នូវមធ្យោបាយរថយន្តពន្លត់អគ្គីភ័យចំនូន ៣គ្រឿងនេះ ។ ក្នុងនាមប្រជាជន និងថ្នាក់ដឹកនាំខេត្តព្រះសីហនុ សូមថ្លែង អំណរ គុណ និងជូនពរថ្នាក់ដឹកនាំ និងប្រជាជនទីក្រុងឆាំងវ៉ុន (Changwon City) ដែលបានផ្ដល់នូវអំណោយរថយន្តនេះ សម្រាប់ជួយកាត់បន្ថយហានិភ័យនានាបង្កឡើងដោយអគ្គីភ័យក្នុងខេត្តព្រសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បានថ្លែងអំណរគុណឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំនៅប្រទេសកូរ៉េខាងត្បូង ដែលបានខិតខំប្រឹងប្រែង និងចំណាយពេលវេលាកៀងគររកជំនួយជារថយន្តពន្លត់អគ្គីភ័យជួយដល់ខេត្តព្រះសីហនុ និងបានទទួលរថយន្តពន្លត់អគ្គីភ័យចំនួន ០៣គ្រឿង ពីទីក្រុងឆាំងវ៉ុន (Changwon City) និងបានរៀបចំដឹកជញ្ជូនមកកាន់ខេត្តព្រះសីហនុ។ ហើយថ្ងៃនេះយើងក៏បានធ្វើការប្រគល់រថយន្តពន្លត់អគ្គីភ័យទាំង ០៣គ្រឿងនេះ ជូនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីយកទៅប្រើប្រាស់ក្នុងការជួយពន្លត់បង្ការអគ្គីភ័យនៅក្នុងខេត្តព្រះសីហនុរបស់យើង។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថាមកដល់ពេលនេះស្នងការនគរបាលខេត្តព្រះសីហនុ មានរថយន្តពន្លត់អគ្គីភ័យចំនួន ១១គ្រឿង ៕

អត្ថបទដែលជាប់ទាក់ទង