សម្តេចវិបុលសេនាភក្តី សាយ ឈុំ ជួបសំណេះសំណាលជាមួយមន្ត្រី និងអាជ្ញាធរសង្កាត់មិត្តភាព
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខមន្ត្រី កងកម្លាំង និងអាជ្ញាធរសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។
មានប្រសាសន៍នាឱកាសនោះ សម្តេចបានជម្រាបសួរសុខទុក្ខ អំពីស្ថានភាព ការងារ និងជីវភាពរស់នៅប្រចាំថ្ងៃ របស់បងប្អូនជាមន្ត្រី និងប្រជាពលរដ្ឋនៅមូលដ្ឋាន។ សម្តេចបានសម្តែងការកោតសរសើរលើកទឹកចិត្ត និងវាយតម្លៃខ្ពស់ចំពោះមន្ត្រី កងកម្លាំង និងអាជ្ញាធរសង្កាត់ដែលកន្លងមកបានប្រឹងប្រែងដោះស្រាយរាល់បញ្ហាលំបាកស្មុគស្មាញនៅក្នុងភូមិសាស្រ្តសង្កាត់បានយកចិត្តទុកដាក់ចំពោះការងារបម្រើសេវាសាធារណៈជូនប្រជាជន ការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅក្នុងមូលដ្ឋានបានល្អ និងប្រកបដោយសុខសុវត្ថិភាព។
ក្នុងឱកាសនោះដែរ សម្តេចវិបុលសេនាភក្តី ក៏បានជម្រាបជូនផងដែរ អំពីវឌ្ឍនភាពការងារក្នុងវិស័យជាច្រើនរបស់រាជរដ្ឋាភិបាល សមិទ្ធផលថ្មីៗរបស់សង្គមជាតិ និងសក្តានុពល ធនធានធម្មជាតិជាច្រើនដែលកំពុងជំរុញរួមចំណែកយ៉ាងសកម្មក្នុងកំណើនសេដ្ឋកិច្ចជាតិនាពេលបច្ចុប្បន្ន ជាពិសេសក្នុងបរិបថដែលប្រទេសជាតិកំពុងទទួលរងនូវផលប៉ះពាល់ជាច្រើនដោយសារវិបត្តិនៃជំងឺរាតត្បាត កូវីដ ១៩។
សម្តេចប្រធានព្រឹទ្ធសភាបានក្រើនរំលឹកឲ្យបងប្អូនយកចិត្តទុកដាក់បន្តអនុវត្តការងារតាមតួនាទីភារកិច្ច ដើម្បីការពារថែរក្សាសុខសុវត្ថិភាពជួនប្រជាពលរដ្ឋ ខិតខំចួលរួមអនុវត្តន៍នូវវិធានការកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល និងសកម្មរួមចំណែកឲ្យខ្លាំងក្លាក្នុងការកាត់បន្ថយភាពអសកម្មឲ្យស្ថិតនៅក្នុងកំរិតអប្បបរមាបំផុត។
សម្តេចបានបន្ថែមទៀតថា រាល់ការងារដែលអនុវត្តទៅបានទទួលជោគជ័យ គឺអាស្រ័យមានកក្តារួមផ្សំជាច្រើន តែកក្តាដែលសំខាន់បំផុតនោះគឺ ” សាមគ្គីភាពផ្ទៃក្នុង ហេតុនេះត្រូវតែរក្សាឲ្យបានរឹងមាំ”៕