អង្គការ Yundi និងមន្ទីរពេទ្យបេះដូង Fuwai ប្រទេសចិន ជួយព្យាបាល ជំងឺបេះដូងដល់​កុមារកម្ពុជា ដោយមិនគិតថ្លៃ

ភ្នំពេញ៖ ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ក្រោមការគាំទ្រ ពីព្រឹទ្ធសភា និងស្ថានទូតចិន ប្រចាំ​កម្ពុជា ខេត្តយូណាន ប្រទេសចិន បានសហការរៀបចំ ពិធីផ្សព្វផ្សាយចែករំលែក​បទពិសោធន៍ នៃការជួយកុមារកម្ពុជា ដែលបានបញ្ជូនទៅវះកាត់ និងព្យាបាលជំងឺបេះដូង​ចំហ នៅប្រទេសចិន ទទួលបានជោគជ័យ។

ថ្លែងទៅកាន់អង្គពិធី លោកបណ្ឌិត ជា មុនីឫទ្ធិ តំណាងការិយាល័យអង្គការ YUNDI ប្រចាំ​កម្ពុជាបានមានប្រសាសន៍ថា គម្រោងបេះដូង នៃក្តីស្រឡាញ់បានចាប់ផ្តើមតាំងពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ ក្នុងការជួយដល់កុមារកម្ពុជាដែលមានជំងឺបេះដូងចំហចំនួន ១៥០រូប​ទៅទទួលការវះកាត់និងព្យាបាលដោយឥតគិតថ្លៃនៅមន្ទីរពេទ្យបេះដូង Fuwai ខេត្ត​យូណាន​ ប្រទេសចិន។ ក្នុងរយៈពេល៣ឆ្នាំមកនេះ ក្រុមគ្រូពេទ្យស្មគ្រចិត្តកម្ពុជា-ចិន ក្រោមការសម្របសម្រួលពីអង្គការ YUNDI មន្ទីរពេទ្យបេះដូង FUWAI និងសមាគមអ្នក​ស្រាវ​ជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានបំពេញសកម្មនៅក្នុងរាជធានី និង៩ខេត្ត ដែលបាន​ពិនិត្យសុខភាពជូនដល់កុមារចំនួន៥៣២១០នាក់។

លោកវេជ្ជបណ្ឌិត សុខ ផាន ប្រធាន អ៊ុយនីតេ ជំងឺបេះដូងកុមារ នៃមន្ទីរពេទ្យកាល់ម៉ែត បានសាទរ នឹងលទ្ធផលនេះ ហើយបានប្តេជ្ញាបន្តការគាំទ្រ និងសម្របសម្រួល ជូនដល់​អង្គការ សង្គមស៊ីវិល និងអ្នកពាក់ព័ន្ធនានា ក្នុងការចូលរួមចំណែកលើកកម្ពស់​សុខុមាល​ភាព ជូនដល់ប្រជាជនកម្ពុជា។ ហើយលោកវេជ្ជបណ្ឌិតក៏សង្ឃឹមផងដែរថា តាមរយៈស្ថាន​ទូតចិនប្រចាំកម្ពុជា នឹងបន្តបង្កើនបរិមាណបន្ថែមទៀតជួយវះកាត់ និង​ព្យាបាលជំងឺ​បេះដូង​ចំហ ដល់កុមារកម្ពុជានិយាយដោយឡែក ជួយដល់ការ​បណ្តុះ​បណ្តាល​ជំនាញ​ឯកទេសសរសៃឈាមបេះដូង ជូនដល់គ្រូពេទ្យកម្ពុជានិយាយរួម ដើម្បី​បង្កើនសមត្ថភាព និងចូលរួមជួយដល់កុមារកម្ពុជាដែលមានជំងឺនេះ។

ឯកឧត្តម វ៉ង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានថ្លែងថា គម្រោងនេះពិតជា​អត្ថន័យ​ដ៏ធំធេង ដែលមិនគ្រាន់តែជួយដល់កមារកម្ពុជា និងក្រុមគ្រូពេទ្យកម្ពុជាប៉ុណ្ណោះ​ទេ តែថែមទាំងបានពង្រឹង និងពង្រីកចំណងទាក់ទងជាប្រពៃណីរវាងប្រទេសយើងទាំងពីរ អោយកាន់តែរឹងមាំបន្ថែមមួយកម្រិតទៀត។

ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានព្រឹទ្ធសភាទី២ បានថ្លែងសារគន្លឹះដោយ​បាន​គូស​បញ្ជាក់ ថា ប្រទេសកម្ពុជានិងចិន នឹងបន្តចែករំលែកផលប្រយោជន៍ដល់គ្នា​ទៅវិញ​​ទៅមក ដោយឈរលើគោលការណ៍ឈ្នះ-ឈ្នះ និងបន្តរួមសហគ្នា នៅក្នុង​សហគមន៍​ជោគវាសនារួមគ្នា ដើម្បីផ្តល់ផលប្រយោជន៍ កាន់តែច្រើនដល់ប្រជាជន នៃ​ប្រទេសយើងទាំងពីរ ហើយឯកឧត្តមកិត្តិសង្គហបណ្ឌិតមានជំនឿយ៉ាងមុតមាំថា ក្រោមម្លប់​ដ៏ត្រជាក់ នៃទំនាក់ទំនងរវាងប្រមុខដឹកនាំកំពូលនៃប្រទេសយើងទាំងពីរ និង​ក្រោមកម្លាំងគាំទ្រពីស្ថាប័នពាក់ព័ន្ធនានា រួមទាំងស្ថានទូតចិន ប្រចាំកម្ពុជា នោះកុមារ​កម្ពុជា ដែលមានជំងឺបេះដូងកាន់តែច្រើន នឹងត្រូវបានបញ្ជូនទៅពិនិត្យ និងព្យាបាលដោយ​ឥតគិតថ្លៃ នៅប្រទេសចិន ហើយមានសុខភាពល្អបរិបូរណ៍ ដូចកុមារដទៃទៀតដែលជា​ទំពាំងស្នងឫស្សី និងជាធនធានមនុស្សរបស់កម្ពុជា។ ឯកឧត្តមបានបន្ថែមថា មន្ទីរពេទ្យ​បេះដូង​ហ្វូវ៉ាយខេត្តយូណាន និងអង្គការអ៊ីនឌី បានដើរតួនាទីយ៉ាងសំខាន់ក្នុងនាម​ជា​សង្គម​​ស៊ីវិលមួយរបស់ប្រទេសចិនក្នុងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង​សុខាភិបាល និងស្ថាប័នពាក់ព័ន្ធនានានៅកម្ពុជា លើការជួយលើកកម្ពស់សុខុមាលភាព​ជូនដល់ប្រជាជនកម្ពុជានៅមូលដ្ឋាន ជាពិសេសកុមារដែលមានជំងឺបេះដូងចំហ ហើយ​ក៏បាននិងកំពុងពង្រឹងនិងពង្រីកនូវទំនាក់ទំនងរវាងប្រជាជាតិនៃប្រទេសយើងទាំងពីរ កម្ពុជានិងចិន លើវិស័យសុខាភិបាលស្របតាមគំនិតស្តីពីក្តីស្រឡាញ់ពីបេះដូង តាមរយៈ​ការតភ្ជាប់ដួងចិត្តរបស់ប្រជាជន នៃយុទ្ធសាស្រ្តខ្សែក្រវាត់និងផ្លូវ ដែលនេះវាបានផ្លាស់ប្តូរ​មុខមាត់​ថ្មីនៃទំនាក់ទំនង រវាងប្រជាជាតិយើងទាំងពីរ លើផ្នែកសុខុមាលភាព ប្រជាជន​ផងដែរ៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង