ឯកឧត្តម សាម៉ន បណ្ឌិត្យ ដឹកនាំកិច្ចប្រជុំក្រុមការងារបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស ប្រចាំក្រសួង ព័ត៌មាន
កិច្ចប្រជុំក្រុមការងារ បង្ការទប់ស្កាត់អំពើជួញដូរមនុស្សប្រចាំក្រសួងព័ត៌មានបានធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ក្រោមវត្តមានប្រធានអង្គប្រជុំ ឯកឧត្តម សាម៉ន បណ្ឌិត្យ រដ្ឋលលេខាធិការ និងជាអនុប្រធាន ក្រុមការងារ បង្ការទប់ស្កាត់អំពើជួញដូរមនុស្ស ប្រចាំក្រសួងព័ត៌មាន ។
បៀបវារៈ នៃកិច្ចប្រជុំរួមមាន ៖
១- ពង្រឹងកិច្ចការទំនាក់ទំនងផ្ទៃក្នុងដើម្បីរួមកិច្ចសហការ នៃការអនុវត្តការងារបន្តសម្រាប់ក្រុមការងារបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស ប្រចាំក្រសួង ព័ត៌មាន ដែលមាន ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការ ជាប្រធាន ។
២- បន្តកិច្ចសហការ ជាមួយក្រុមការងារ បង្ការទប់ស្កាត់អំពើជួញដូរមនុស្សអន្តរក្រសួង និង
៣- បង្កើនការយល់ដឹង បន្ថែម សម្រាប់ក្រុមការងារ ជាមួយ Commit ដែលជាសហគមន៍មួយនៅក្នុងតំបន់មហានុតំបន់ មេគង្គ មានចំនួន ៦ប្រទេស ក្នុងប្រទេសកម្ពុជា ក៏ជាសមាជិក ធ្វើកិច្ចការងារ បង្ការ ទប់ស្កាត់ ការជួញដូរមនុស្ស។
ឯកឧត្តម សាម៉ន បណ្ឌិត្យ បានបញ្ជាក់ដែរថា កិច្ចប្រជុំនេះ គឺធ្វើយ៉ាងណាឱ្យក្រុមការងារបន្តពង្រឹងកិច្ចសហការជាមួយ ក្រុមការងារអន្តរក្រសួង ដែលធ្វើលើកិច្ចការ បង្ការទប់ស្កាត់អំពើជួញដូរមនុស្ស ។ ដូច្នេះក្រុមការងារស្នូលរបស់ក្រសួងព័ត៌មាន ក្រោមការដឹកនាំ ដោយ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ មានតួនាទីសំខាន់ ក្នុងការផ្សព្វផ្សាយទៅបណ្តាសហគមន៍ជាតិ និងអន្តរជាតិ ហើយជាងនេះ ក៏ជំរុញឱ្យក្រុមការងារ បង្ការទប់ស្កាត់អំពើជួញដូរមនុស្ស ប្រចាំក្រសួងព័ត៌មាន ជាមួយ Commit ដែលជាសហគមន៍មានចំនួន ៦ប្រទេស ស្ថិតក្នុងមហាអនុតំបន់មេគង្គ ហើយប្រទេសទាំង ៦នេះ ធ្វើការទៅលើការទប់ស្កាត់ការជួញដូរមនុស្សជាសកល។
ឯកឧត្តម សាម៉ន បណ្ឌិត្យ បានបញ្ចាក់ដែរថា ក្នុងរយៈពេលកន្លងមកនេះ ក្រុមការងារបង្ការទប់ស្កាត់អំពើជួញដូរមនុស្សប្រចាំក្រសួងព័ត៌មាន បានធ្វើកិច្ចការងារជាច្រើនជាមួយអន្តរក្រសួង ក្នុងនោះបានធ្វើការជាមួយ ក្រសួងមហាផ្ទៃ ក្រសួងអប់រំយុវជន និងកីឡា ក៏ដូចជាមួយក្រសួងកិច្ចការនារី ដោយសម្រេចបានលទ្ធផលល្អប្រសើរ ៕ by AKP