ការជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ជាផ្នែកមួយដ៏សំខាន់ក្នុងការលើកកម្ពស់ជីវភាពប្រជាកសិករ
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានបង្ហាញការគាំទ្រ និងសារសំខាន់នៃការចុះអនុស្សរណៈយោគយល់គ្នា ជាមួយក្រុមហ៊ុន លីលី ហ្វូដ អ៊ិនដាសទ្រី ស្តីពីការបញ្ជាទិញកសិផលបន្លែ ផ្លែឈើ ពីកសិករ ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ និងបង្កើត ទីផ្សារលក់កសិផលជូនប្រជាពលរដ្ឋកាន់តែងាយស្រួលមិនបារម្ភពីការអត់ទីផ្សារឡើយ។
ថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពី ការផ្គត់ផ្គង់ និងការបញ្ជាទិញផលិតផលកសិ-ពាណិជ្ជកម្មបន្លែ រវាងផ្សារកសិផល និងចំណីអាហារជាមួយក្រុមហ៊ុន លីលី ហ្វូដអ៊ិនដាសទ្រី ខូ អិលធីឌី នៅសណ្ឋាគារ «អេមព្រីសអង្គរ» ខេត្តសៀមរាប នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា អនុស្សរណៈយោគយល់គ្នានេះ ជាផ្នែកមួយនៃការអនុវត្តគម្រោងជំរុញទីផ្សារ សម្រាប់កសិកម្មខ្នាតតូច(AIMS) ដែលបាន ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រីរបស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសកសិករនៅតាមទីជនបទ។ ឯកឧត្តមបន្តថា តាមរយៈគម្រោងនេះ បានជំរុញឱ្យមានការចុះអនុស្សរណៈយោគយល់គ្នាជាបន្តបន្ទាប់ ជាមួយបណ្តា ផ្សារទំនើប និងក្រុមហ៊ុនបញ្ជាទិញមួយចំនួន ដោយភាពជាក់លាក់ និងការតភ្ជាប់ទីផ្សារដោយផ្ទាល់ពីអ្នកផលិតទៅកាន់ អ្នកបញ្ជាទិញ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញការគាំទ្រ និងសារសំខាន់នៃការចុះអនុស្សរណៈយោគយល់គ្នា ជាមួយក្រុមហ៊ុន លីលី ហ្វូដអ៊ិនដាសទ្រី ស្តីពីការបញ្ជាទិញកសិផលបន្លែ គឺជាការតភ្ជាប់ក្រុមផលិត អ្នកប្រមូលទិញ និងរោងចក្រកែច្នៃ ដែលជាកិច្ចការដ៏មានសារប្រយោជន៍ដល់ការបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
បានបង្កើតឱ្យមានការតភ្ជាប់ទីផ្សារឱ្យមានភាពជាក់លាក់ ទាំងបរិមាណទាំងគុណភាពទៅតាមតម្រូវការទីផ្សារ តាមរយៈការចុះអនុស្សរណៈជាមួយបណ្តាផ្សារ និងក្រុមហ៊ុនបញ្ជាទិញមួយចំនួន ជាមួយគ្នានេះគម្រោង AIMS បានបង្កើត ឱ្យមានទីផ្សារលក់ផលិតផលកសិ-ពាណិជ្ជកម្មសម្រាប់ថ្ងៃចុងសប្តាហ៍ ក្នុងគោលបំណងបង្ហាញសក្តានុពលក្នុងខេត្ត និង បង្កើតការតភា្ជប់ ដោយផ្ទាល់រវាងអ្នកផលិតនិងសហគ្រាសកែច្នៃតាមរយៈរដ្ឋបាលខេត្ត សភាពាណិជ្ជកម្ម មន្ទីរពាណិជ្ជកម្ម មន្ទីរកសិកម្ម និងអង្គការនានា ដែលសកម្មភាពទាំងនេះកំពុងមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ ហើយគម្រង AIMS នេះ សំដៅទៅលើកសិករខ្នាតតូច។
គួរជម្រាបផងដែរថា ការជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូចដែលហៅកាត់ជាភាសាអង់គ្លេសថា AIMS ដែលត្រូវបានប្រកាស ឱ្យដឹងនៅក្នុងកម្មវិធីបង្ហាញរបាយការណ៍របស់មូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍កសិកម្ម (IFAD) កាលពីចុងខែមករា ឆ្នាំ២០១៨។គម្រោង AIMS បានអនុវត្តដោយក្រសួងពាណិជ្ជកម្មដែលគ្រោងចំណាយថវិកាសរុប៤៥លានដុល្លារ ក្នុងនោះថវិកា ជាង៣៦លាន៣សែនដុល្លារបានមកពី IFADនិង៩លានដុល្លារផ្សេងទៀតជាទុនរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈធនាគារ អភិវឌ្ឍន៍ជនបទ(RDB)។ គម្រោងនេះមានរយៈពេល៦ឆ្នាំ គឺចាប់ពីដើមឆ្នាំ២០១៨ដល់ខែមីនាឆ្នាំ២០២៣ ដោយអនុវត្តនៅក្នុង ខេត្តគោលដៅចំនួន១៨៕ by AKP