រដ្ឋមន្ត្រីក្រសួងព័ត៌មាន នឹងយកខ្សែភាពយន្តរឿង អ្នកទោសខ្មែរក្រហម ចាក់ផ្សាយនៅ ទូរទស្សន៍ជាតិកម្ពុជា ដើម្បីឱ្យសាធារណជនបានទស្សនា

ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្ដែងនូវការគាំទ្រ ចំពោះខ្សែភាពយន្តរឿង អ្នកទោសខ្មែរក្រហម របស់លោក មឿង សុន មកចាក់ផ្សាយនៅទូរទស្សន៍ជាតិកម្ពុជា ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ក៏ដូចជាសាធារណជន​​បានទស្សនា។

នៅក្នុងឱកាសទទួលជួប លោក មឿង សុន អតីតប្រធានមូលនិធិទ្រទ្រង់អរិយធម៌ខ្មែរ នាព្រឹកថ្ងៃទី២២ ខែមករាឆ្នាំ២០២១ នៅទីស្តីការក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ទាក់ទងនឹងខ្សែភាពយន្ត រឿង អ្នកទោសខ្មែរក្រហមនេះ ត្រូវបានចាក់ផ្សាយនៅពេលថតចប់ ។ ឯកឧត្តមរដ្ឋមន្រ្តី បានសន្យាថា ខ្សែភាពយន្តរឿង អ្នកទោសខ្មែរក្រហម របស់លោក មឿង សុន នឹងយក​មកចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា ដើម្បីឱ្យប្រជាពលរដ្ឋ បានទស្សនា បានដឹងពីជីវប្រវត្តិលំបាក​ពិត ក្នុងសម័យខ្មែរក្រហមឱ្យច្បាស់បន្ថែមទៀត។

លោក មឿង សុន បានគូសបញ្ជាក់ខ្លឹមសារនៃរឿង ដោយបានបង្កប់នូវប្រវត្តិដ៏ជូរចត់ ខ្លោចផ្សា ក្រោមការដឹកនាំរបស់ប៉ុលពត ។ ដូច្នេះ លោក បានថ្លែងអំណរគុណ ចំពោះ ឯកឧត្តម ខៀវ កាញារីទ្ធ ដែលបានជួយពិនិត្យ និងកែតម្រូវ ដើម្បីធ្វើយ៉ាងណា បញ្ចប់រឿងឲ្យបានល្អប្រសើ ហើយយកទៅចាក់បញ្ចាំងជាសាធារណៈ ជូនទស្សនិកជន​បានទស្សនាទាំងអស់គ្នា ។

លោកបានបញ្ជាក់ថា មូលនិធិទ្រទ្រង់អរិយធម៌ខ្មែររបស់លោក បានបង្កើតឡើងនៅថ្ងៃទី៣០ ខែវិឆ្ឆិកា ឆ្នាំ២០០៧ ដែលជា អង្គការមិនមែនរដ្ឋាភិបាល គឺបង្កើតឡើង ដើម្បីចងក្រងអ្នកប្រាជ្ញ បណ្ឌិត និស្សិត បញ្ញវន្ត ប្រវត្តិវិទូ ក្នុងនិងក្រៅប្រទេស ដែលមានឆន្ទៈ និងជំនាញផ្នែកអរិយធម៌ខ្មែរ មកធ្វើការចែករំលែកចំណេះដឹងឱ្យគ្នាទៅវិញទៅមក និងសម្រាប់សិក្សាស្រាវជ្រាវ ដើម្បីចាត់ចែងបោះពុម្ពផ្សាយ និងផលិតជាខ្សែវីដេអូ អំពីប្រវត្តិសាស្រ្ត វប្បធម៌ ប្រពៃណីទំនៀមទម្លាប់ខ្មែរដែលមានទំនាក់ទំនងគ្នា នៅគ្រប់ទីកន្លែង ក្នុងដែនដីសុវណ្ណភូមិយើងនេះ ។

ក្នុងឱកាសនោះដែរ លោក មឿង សុន និងភរិយា ក៏បាននាំយកអង្ករចំនួន ១០តោន មកប្រគល់ជូន ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ដើម្បីចូលចំណែកក្នុងសកម្មភាពមនុស្សធម៌ ដែលយកទៅចែកជូន កុមារកំព្រា កុមារពិការ ប្រជាពលរដ្ឋក្រីក្រ និងយកទៅប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅវត្តគល់ទទឹង វត្ត ពុទ្ធមណ្ឌល វត្តលង្កា វត្តស្រះចក វត្តស្វាយដង្គុំ វត្តចិនដំដែក វត្តនាគវ័ន វត្តប្រាសាទនាងខ្មៅ និង វត្តតាងិល៕​ by AKP

អត្ថបទដែលជាប់ទាក់ទង