ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល​ការងារប្រចាំខែមករា និងទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២១

ខេត្តស្វាយរៀង៖ ព្រឹកថ្ងៃចន្ទ ១២កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះ នៅសាលប្រជុំនន្ទី អគារសាលាខេត្ត ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល​ការងារប្រចាំខែមករា និងទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តស្វាយរៀង ។
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន​ ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញាខេត្ត ឯកឧត្ដមសាកលវិទ្យាធិការសាកលវិទ្យាល័យស្វាយរៀង លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង ស្រុកទាំង៨ លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិបាវិត លោក លោកស្រី នាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះលោក លោកស្រីថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការក្នុងខេត្តស្វាយរៀងទាំងអស់ នារយះពេលកន្លងមកក្នុងកំឡុងឆ្នាំ២០២០ បើទោះជាមានបញ្ហាប្រឈមនានាបានកើតឡើងជាពិសេសបញ្ហាជកូវីដ-១៩ បញ្ហាគ្រោះធម្មជាតិ ជំនន់ទឹកភ្លៀង ប៉ុន្តែបានសហការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរ រួមជាមួយរដ្ឋបាលខេត្ត សម្រេចបាននូវសមិទ្ធផលល្អប្រសើរជាច្រើនទាំងការងារអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សង្គម ព្រមទាំងការចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩បានប្រកបដោយលទ្ធផលវិជ្ជមានគួឱ្យ​កត់សម្គាល់ ។
ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធនូវចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម ៖
១.ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងខេត្តឲ្យបានល្អប្រសើរ ។
២.ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ត្រូវបន្តខិតខំបំពេញតួនាទីភារកិច្ចបម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ប្រកបដោយសាមគ្គីភាព ឯកភាពផ្ទៃក្នុង ។
៣.រដ្ឋបាលក្រុង-ស្រុក ទាំងអស់ ត្រូវបន្តខិតខំដោះស្រាយបញ្ហាដែលកើតមានឡើងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យអស់លទ្ធភាព និងមានប្រសិទ្ធភាពខ្ពស់ ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសត្រូវពង្រឹងការគ្រប់គ្រង ថែរក្សាការពារដីរដ្ឋ ដីចំណីបឹង ទន្លេ ព្រែក ឱ្យបានល្អសម្រាប់ជាប្រយោជន៍សាធារណៈ ។
៤.រដ្ឋបាលក្រុង ស្រុក ត្រូវបង្កើនការរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ បរិស្ថាន អនាម័យនៅក្នុងមូលដ្ឋានរបស់ខ្លួន និងបន្ត ណែនាំ អប់រំផ្សព្វផ្សាយ និងទប់ស្កាត់ឲ្យបាននូវការសាងសង់សំណង់អនាធិបតេយ្យ និងសំណង់ផ្សេងៗដែលរំលោភ​លើ​ដីចំណីផ្លូវ ។
៥.ត្រូវបន្តរឹតបន្តឹងការអនុវត្តវិធានការបង្ការទប់ស្កាត់ការឆ្លងរីករាយដាលនៃជំងឺ​កូវីដ-១៩ ជាពិសេសការធ្វើចត្តាឡីស័កចំពោះប្រជាពលរដ្ឋមកពីក្រៅប្រទេសឲ្យបានម៉ត់ចត់ និងតឹងរឹងបំផុត ស្របតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល។
៦.រដ្ឋបាលក្រុងស្វាយរៀង អាជ្ញាធរពាក់ព័ន្ធត្រូវបន្តចុះពិនិត្យ និងរៀបចំសណ្តាប់​ធ្នាប់សាធារណៈនៅជំវិញផ្សារវាលយន្តជាបន្តបន្ទាប់ ដើម្បីឱ្យមានសោភណ្ឌភាពក៏ដូចជា សម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។
៧.ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ការបង្ការទប់ស្កាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀនឲ្យមានប្រសិទ្ធភាព៕
អត្ថបទដែលជាប់ទាក់ទង