Detail Top Banner

លោក តាន់ ម៉េងឆាង ចុះសម្របសម្រួលការធ្វើកិច្ចសន្យាប្រគល់ថវិកាដើម្បីសង​ម្ចាស់ក្របី១១ក្បាលដែលឈឺ និងស្លាប់ ដោយសារចាក់ថ្នាំការពារ​នៅឃុំ​ចំណាក្រោម ស្រុកស្ទោង

ខេត្តកំពង់ធំ៖ កាលពីរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ លោក តាន់ ម៉េងឆាង ប្រធាន​ផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ធំ និងលោកមេឃុំ មេភូមិបានចូលរួមជាសាក្សី សម្រប​សម្រួល ការធ្វើកិច្ចសន្យាប្រគល់ថវិកាចំនួន(​៦លានរៀល)​ដើម្បសងម្ចាស់ក្របី ១១ក្បាល ដែលឈឺនិងស្លាប់ បានកើតឡើងកាលពីថ្ងៃទី២២-២៣-២៤ ខែតុលា ឆ្នាំ២០២០។

សូមបញ្ជាក់ថា នៅថ្ងៃកើតហេតុ ឈ្មោះ ចយ ចាយ ភេទប្រុស ថ្ងៃខែឆ្នាំកំណើត ០៨/០៣/​១៩៩២ រស់នៅភូមិជីអាប់ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ បានទៅទិញ​ថ្នាំវ៉ាក់សាំងការពារជំងឺសត្វគោ ក្របីចំនួន ២ដប ពីឈ្មោះ ថង វណ្ណសាធ ភេទប្រុស មុខរបរ​ជាអាជីវករលក់ថ្នាំសត្វនិងចំណីសត្វ ក្រោយមក ឈ្មោះ ចយ ចាយ បានយកថ្នាំ​នោះ​មកចាក់លើក្របី ៣ថ្ងៃក្រោយ បានធ្វើឱ្យមានសត្វក្របីឈឺ និងស្លាប់ចំនួន ១១ក្បាល​តែម្តង។

បន្ទាប់ពីមានការសម្របសម្រួល ពីជំនាញនិងអាជ្ញាធរ ភាគីទាំងពីរ គឺលោក ថង វណ្ណសាធ មុខរបរជាអាជីវករលក់ថ្នាំសត្វនិងចំណីសត្វរស់ នៅភូមិលាបទង ឃុំកំពង់ចិន​ត្បូង ស្រុកស្ទោងនិងម្ចាស់ក្របីដែលឈឺនិងស្លាប់រស់នៅភូមិជីអាប់ ឃុំចំណាក្រោម ស្រុក​ស្ទោង បានព្រមព្រៀងគ្នា ដើម្បីទទួលយកថវិកា ដែលជាសំណង ចំនួន ៦លានរៀល លើសត្វក្របី ដែលបានស្លាប់និងឈឺចំនួន ១១ក្បាលនោះ។

គួរបញ្ជាក់ផងដែរថា ដើម្បីជាសក្ខីភាព ម្ចាស់ក្របីដែលឈឺនិងស្លាប់ទាំងអស់​គ្នា​បានផ្តិត​មេដៃ ទុកជាចំណាំចំពោះមុខអាជ្ញាធរឃុំ/ភូមិ និងមន្ត្រីជំនាញ ដោយមិនមានបន្តការ​ចោទ​ប្រកាន់ រឺប្តឹងក្នុងករណីនេះតទៀតឡើយ៕

អត្ថបទដែលជាប់ទាក់ទង