ការរៀបចំសណ្តាប់ធ្នាប់ អនាម័យ និងសោភ័ណភាពក្នុងក្រុងប៉ៃលិន ជាសមត្ថកិច្ចអាជ្ញាធររាជធានី.ក្រុង
ខេត្តប៉ៃលិន៖ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់នៅលើដងផ្លូវក្នុងក្រុងប៉ៃលិន អោយមានរបៀបរៀបរយ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ អាជ្ញាធរក្រុងប៉ៃលិនបានចុះរៀបចំសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវអមសងខាងផ្លូវ ចាប់ពីចំណុចផ្សារប៉ាហ៉ី សណ្ឋាគារប៉ៃលិនសុីធី រហូតដល់ភ្នំយ៉ាត ។
លោក ចក់ ឬទ្ធី អភិបាលរងក្រុង ដោយមានការណែនាំពីលោក ស៊ុន យី អភិបាលក្រុងប៉ៃលិន បានដឹកនាំកម្លាំងសន្តិ សុខសាលាក្រុងនិងអធិការក្រុង ចុះរៀបចំសណ្តាប់ និងសម្អាតបរិស្ថាននៅតាមបណ្តោយផ្លូវក្នុងក្រុងប៉ៃលិន។ ក្នុងនោះអាជ្ញាធរក្រុង បានណែនាំអោយបងប្អូនអាជីវករ ក្រុមហ៊ុន សហគ្រាស ដេប៉ូ និងប្រជាពលរដ្ឋរើរុះធុងសម្រាម ស្លាកសញ្ញា សម្ភារៈ និងឥវ៉ាន់ផ្សេងៗ ថយពីចំណីលូអមសងខាងផ្លូវប្រវែង ៣ម៉ែត្រ ដើម្បីសណ្តាប់ធ្នាប់ក្នុងក្រុងមានភាពស្រស់បំព្រង មានរបៀបរៀបរយ មានអនាម័យល្អ និងដើម្បីរដ្ឋបាលខេត្តក៏ដូចជារដ្ឋបាលក្រុងរៀបចំកែលំអអោយមានផ្លូវសម្រាប់ថ្មើរជើង អ្នកជិះកង់ និងទាក់ទាញទេសចរណ៍ផងដែរ។
លោក ចក់ ឬទ្ធី អភិបាលរងក្រុង បានលើកឡើងថា ការរួមគ្នារៀបចំសណ្តាប់ធ្នាប់និង ធ្វើអនាម័យបរិស្ថាននាពេល នេះ គឺជាការដាស់តឿន និងណែនាំដល់ប្រជាពលរដ្ឋឱ្យមានការភ្ញាក់រលឹក ព្រមទាំងចូលរួមធ្វើអនាម័យ និងបរិស្ថានក្នុងខេត្ត ឱ្យមានសោភ័ណភាពល្អ ដើម្បីប្រឡងប្រណាំងទីក្រុងស្អាត ជាពិសេសគឺទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកំសាន្តក្នុងខេត្តប៉ៃលិន ឱ្យបានកាន់តែច្រើនឡើង ដែលជាកត្តាមួយចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ច ជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។
លោកអភិបាលរងក្រុងបានបន្តថា កន្លងមករដ្ឋបាលខេត្តប៉ៃលិន បានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា រួមទាំងការដាំដើមឈើ ការដាំផ្កាលម្អបន្ថែម និងការថែទាំ ព្រមទាំងការកែលម្អហេដ្ឋារចនាសម្ព័ន្ធសួនច្បារ ឱ្យបានកាន់តែល្អឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋលើផ្នែកបរិស្ថាន សុខភាព ក៏ដូចជាបន្ថែមក្រវាត់ពណ៌បៃតងក្នុងទីក្រុង ប្រកបដោយសោភ័ណ ភាពស្រស់បំព្រង។
យើងត្រូវដឹងថា៖ «បើសិនមិនមានការចូលរួមពីប្រជាពលរដ្ឋទេ ហើយពឹងផ្អែកតែទៅលើបុគ្គលិកអនាម័យ ឬពឹងតែទៅ លើមន្ត្រីមន្ទីរបរិស្ថាន រដ្ឋបាលក្រុង និងក្រុមហ៊ុនប្រមូលសំរាម គឺអនាម័យបរិស្ថានក្នុងក្រុងប៉ៃលិនយើង មិនស្អាតនោះទេ ដូច្នេះបញ្ហានេះ វាទាល់តែមានការចូលរួមទាំងអស់គ្នា ពោលគឺក្នុងនាមយើងជាម្ចាស់ផ្ទះ ម្ចាស់ទីតាំង ម្ចាស់ទឹកម្ចាស់ដី គឺត្រូវរួមគ្នាសម្អាតនៅមុខផ្ទះ ឬក្នុងផ្ទះរៀងៗខ្លួនឲ្យបានជាប្រចាំ ដោយនៅមុខផ្ទះ ឬទីតាំងអ្នកណា អ្នកហ្នឹងសម្អាត ឲ្យបានស្អាតជាប្រចាំ ហើយត្រូវវេចខ្ចប់កាកសំណល់សំរាមឲ្យបានល្អ និងនាំយកទៅទុកដាក់ឲ្យបានត្រឹមត្រូវ មិនត្រូវបោះចោលសំរាមគ្មានសណ្តាប់ធ្នាប់នៅតាមទីសាធារណៈនោះទេ ទើបយើងអាចសម្អាតអនាម័យបរិស្ថានបានល្អ និងមានសោភ័ណ ភាព» ៕ by AKP