រដ្ឋបាលខណ្ឌច្បារអំពៅ ជូនដំណឹងស្តីពីការហ៊ុមព័ទ្ធការដ្ឋានជួសជុលស្ពានព្រះមុនីវង្សចាស់
ភ្នំពេញ៖ រដ្ឋបាលខណ្ឌច្បារអំពៅ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែល ត្រូវធ្វើដំណើរឆ្លងកាត់ស្ពានព្រះមុនីវង្សចាស់ មេត្តាជ្រាបថា៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងអនុវត្តគម្រោងជួសជុល បង្កាន់ដៃស្ពាន ផ្លូវថ្មើរជើង និងអ៊ុតកៅស៊ូតួស្ពាន ចាប់ពីព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នេះតទៅ។
លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានបញ្ជាក់ថា ការដ្ឋានជួសជុលបង្កាន់ដៃស្ពាន ផ្លូវថ្មើរជើង និងអ៊ុតកៅស៊ូលើស្ពាន គឺអនុវត្តម្តងមួយចំហៀងនៃតួស្ពាន។ ទំហំតួផ្លូវព្រះមុនីវង្សចាស់សរុបប្រវែងទទឹង ១១ ម៉ែត្រ។ ការហ៊ុមព័ទ្ធការដ្ឋានដើម្បីជួសជុលអស់ប្រវែង ៣ម៉ែត្រ នៃទំហំតួផ្លូវប្រវែង ១១ម៉ែត្រ។
នៅសល់ទំហំទទឹងប្រវែង ៨ម៉ែត្រ បងប្អូនប្រជាពលរដ្ឋ អាចធ្វើចរាចរបានជាធម្មតា។
អាស្រ័យដូចបានជម្រាបជូនដំណឹងខាងលើ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាប និងយោគយល់អធ្យាស្រ័យនៅក្នុងកំឡុងពេលនៃដំណើរការការដ្ឋានជួសជុលស្ពានព្រះមុនីវង្សចាស់នេះ ដោយក្តីអនុគ្រោះ៕ អរគុណសន្តិភាព