អង្គការទេសន្ដរប្រវេសន៍អន្ដរជាតិ ស្នើកម្ពុជាដាក់ចូលជាបេក្ខភាពទទួលជ័យលាភី ទាក់ទងនឹងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស
ភ្នំពេញ៖ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានឲ្យដឹងថា អង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) ស្នើរាជរដ្ឋាភិបាលកម្ពុជា ដាក់បញ្ជូលជាបេក្ខភាពរបស់ខ្លួន ក្នុងការប្រឡងជ័យលាភីទាក់ទងទៅនឹងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខណៈដែលអង្គការIOM មើលឃើញកម្ពុជា ជាប្រទេសដែលស្វិតស្វាញ និងសកម្មបំផុតក្នុងការទប់ស្កាត់អំពើជួញដូរមនុស្ស។
ក្នុងកិច្ចប្រជុំឆ្លងរបាយការណ៍ ស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២០ និងលើកទិសដៅការងារ ឆ្នាំ២០២១ នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងមហាផ្ទៃ លោកជំទាវ ជូ ប៊ុនអេង បានផ្ដាំផ្ញើដល់អង្គពិធីទាំងមូលថា ពិភពលោកមានការព្រួយបារម្ភខ្លាំង ចំពោះអំពើជួញដូរមនុស្ស ហើយចាត់ទុកថា ជាបញ្ហាអាទិភាពសម្រាប់ពិភពលោក រហូតដល់បង្កើតជាកតិកាសញ្ញាពិភពលោក ស្ដីពីទេសន្ដរប្រវេសន៍ ដោយសារគេរកឃើញថា «ជនដែលត្រូវបានគេជួញដូរក្នុងចំណាមជនទេសន្ដរប្រវេសន៍ ត្រូវបានចេញឆ្ងាញពីស្រុកកំណើត។
លោកជំទាវ បញ្ជាក់យ៉ាងដូច្នេះថា «ហើយឥឡូវនេះកម្ពុជាក៏កំពុងតែឡើងកូតទៀតហើយ ដោយសារតែអង្គការ IOM ហ្នឹង បានមើលឃើញថា កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល តាមរយៈគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស មានភាពសកម្ម និងទទួលបានលទ្ធផលល្អ។ ចឹង អង្គការ IOM បានស្នើកម្ពុជាដាក់ចូលក្នុងបញ្ជីបេក្ខភាពប្រទេសទទួលបានជ័យលាភី ក្នុងការអនុវត្ត កតិកាសញ្ញាពិភពលោក»។
លោកជំទាវ បន្ដថា រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខាលើបញ្ហាខាងលើនេះហើយ ដើម្បីជូនដំណឹងទៅអង្គការ IOM ថា កម្ពុជាទទួលស្វាគមន៍ ដែលដាក់កម្ពុជា បេក្ខភាពជាប្រទេសទទួលជ័យលាភីក្នុងការអនុវត្តកតិកាសញ្ញាពិភពលោក ហើយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មានប្រទេសចំនួន២ ប៉ុណ្ណោះ បានចូលជាបេក្ខភាពកតិកាសញ្ញាពិភពលោក។
ឆ្លៀតឱកាសនោះ លោកជំទាវ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ក៏បានលើកឡើងថា អ្វីដែលជាសារៈសំខាន់ ក្នុងការធ្វើរបាយការណ៍ប្រចាំឆ្នាំរបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដើម្បីឆ្លុះបញ្ចាំងអ្វីដែលធ្វើនាពេលកន្លងមក តើវាគ្រប់គ្រាន់ហើយឬនៅ? ដើម្បីឆ្លើយតបទៅនឹងការជឿទុកចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ដែលប្រគល់ភារៈកិច្ចមកគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាពិសេស ការពារប្រជាពលរដ្ឋកម្ពុជា ទាំងភាពរងគ្រោះ និងលើកកម្ពស់គោរពសិទ្ធិ ជាពិសេសសេចក្ដីថ្លៃថ្នូរ៕ ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា