Detail Top Banner

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងសម្ភោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ៤រោច ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងទី០១ ខែកុម្ភៈ ឆ្នាំ២០២១ នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត​បាក់ខែង និងសម្ភោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន។

រោងចក្រប្រព្រឹត្តកម្មទឹកស្អាតចម្ការមន មានសមត្ថភាពផលិតទឹកស្អាត ៥២ ០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ដែលពីមុនអាចផលិតទឹកស្អាតបានត្រឹមតែ ១២ ០០០ម៉ែត្រគូប​ក្នុងមួយថ្ងៃ​ប៉ុណ្ណោះ។ នៅក្នុងគម្រោងពង្រីកសមត្ថភាពរោងចក្រនេះ រួមមានការពង្រីកបណ្ដាញ​បំពង់​ទឹក​ស្អាតប្រវែង ៥៨០គីឡូម៉ែត្រ ក្នុងនោះប្រជាពលរដ្ឋប្រមាណជា ២៨០ ០០០នាក់ បាន​ទទួល​ទឹ​កស្អាតប្រើប្រាស់ផ្ទាល់ពីបណ្ដាញទឹករបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ ជាពិសេសប្រជាពលរដ្ឋចំណូលទាប រស់នៅតាមសហគមន៍ ស្ថិតនៅតំបន់ជាយ រាជធានី​ភ្នំពេញបែកខាងត្បូង ដោយឡែកគម្រោងផ្គត់ផ្គង់ទឹកស្អាត​បាក់ខែង គឺជាគម្រោងទី២ របស់​​ផែនការមេដំណាក់កាលទី៣ នៅពេលសិក្សារបាយការណ៍​សមិទ្ធិលទ្ធភាព​នៅឆ្នាំ​២០១៧ បានកំណត់ទីតាំងរបស់គម្រោងស្ថិតនៅសង្កាត់បាក់ខែង មានចម្ងាយ ១០​គីឡូ​ម៉ែត្រ ខាងជើងស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារ)។ គម្រោងសាងសង់ស្ថិតនៅសង្កាត់បាក់ខែង លើផ្ទៃដីទំហំធំ និងផ្លូវទាំងសងខាងមាន​ទំហំធំ​ទូលាយងាយស្រួលក្នុងការដំឡើងបំពង់មេដែលមានអង្កត់ ផ្ចិតធំ ដើម្បីដាក់ឆ្លងកាត់​តាម​បាត​ទន្លេសាប រួចតភ្ជាប់មកតំបន់មួយចំនួននៅរាជធានីភ្នំពេញ។ គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង គឺជាគម្រោងសាងសង់ដ៏​ធំមួយ​មិនធ្លាប់មានពីមុនមកនៅកម្ពុជា មានសមត្ថភាពផលិតទឹកស្អាត ៤០០ ០០០ម៉ែត្រ​គូប​ក្នុង​ថ្ងៃ (សម្រាប់ជំហានទី១ និងជំហានទី២)។ ដំណើរការសាងសង់រោងចក្រនេះ នឹងអនុវត្តជា​ពីរ​ជំហានស្របគ្នាតែម្ដង និងគ្រោងដាក់ដំណើរការសាកល្បងក្នុងសមត្ថភាពផលិតទឹក​ស្អាត​ពាក់កណ្ដាល (ជិត២០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ) នៅត្រីមាសទី១ ឆ្នាំ២០២៣ ហើយ​នឹង​ដាក់​ដំណើរការពេញសមត្ថភាពទាំងពីរជំហាន (ជិត ៤០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ) នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីមោទនភាពចំពោះសមិទ្ធផលនាពេលនេះ ដែលនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការបំរើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងសង្គម​ជាតិ។ ជាថ្មីម្តងទៀត នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍រំលឹកថា តំបន់ព្រែកតាសេកនេះ ពីមុនគឺជាតំបន់ពួនស្ទាក់របស់ពួកខ្មែរក្រហម​ដើម្បីវៃឆ្មក់ចូលទី​ក្រុង​ភ្នំពេញ ជាតំបន់ព្រៃមិនមានមនុស្សរស់នោះទេ ក៏ប៉ុន្តែបច្ចុប្បន្នតំបន់នេះបានក្លាយ​ជាទី​ប្រជុំជន ដែលមានគម្រោងអភិវឌ្ឍជាច្រើនហូរហែរ។​ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាតម្រូវការទឹកក្នុងទីក្រុងភ្នំពេញ បច្ចុប្បន្នត្រូវការទឹកជាង ៧០ម៉ឺនម៉ែត្រគូប ខណៈការផលិតបានត្រឹមជាង៦០ម៉ឺនម៉ែត្រគូប ខ្វះប្រមាណ ១៥ម៉ឺនម៉ែត្រគូប។ ប្រជាពលរដ្ឋ៤ម៉ឺនគ្រួសារខ្វះទឹកប្រើប្រាស់ តម្រូវការទឹកក្នុងរាជធានីភ្នំពេញ គឺកើនឡើង​រាល់​ថ្ងៃ ដូច្នេះត្រូវតែប្រឹងប្រែងក្នុងការអភិវឌ្ឍសមត្ថភាពផលិត និងផ្គត់ផ្គង់ទឹកស្អាត។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ស្ថាប័នរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់​ក្នុងការ​កាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនី និងទឹក។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអណរគុណចំពោះក្រសួងឧស្សាហកម្ម និងរដ្ឋាករទឹកស្វ័យក្រុងភ្នំពេញ និង​ក្រុមហ៊ុនរបស់ប្រទេសបារាំង ដែលបានចូលរួមក្នុងការអភិវឌ្ឍវិស័យទឹកស្អាតនះ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីការត្រៀម បញ្ជាទិញវ៉ាក់សាំងកូវីដ១៩ ពី​ប្រទេសអង់គ្លេសនិងចិនបន្ថែមទៀត ក្នុងតម្លៃសមស្របណាមួយ ខណៈអូស្រ្តាលី នឹង​ផ្ដល់វ៉ាក់សាំង៣លានដូស ដល់កម្ពុជាផងដែរ។ កម្ពុជាក៏ត្រូវការជំនួយពីបារាំងនិងអឺរ៉ុបផងដែរ មិនមែនត្រូវការជំនួយតែពីចិននោះទេ។

សម្តេចតេជោ ហ៊ុន សែន បានទទូចឲ្យអ្នកដំណើរ ចូលមកកម្ពុជា ត្រូវធ្វើចត្តាឡីស័ក​១៤ថ្ងៃ ដោយមិនអាចបន្ធូរបន្ថយ និងខកខានបានឡើយ ដើម្បីទប់ស្កាត់ ការរីករាលដាល ជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ កម្ពុជាជាថ្មីម្ដងទៀត។ សម្តេចតេជោ ក៏បានអំពាវនាវ​ដល់ពលករខ្មែរ មកពីប្រទេសថៃ ក៏ដូចជាអ្នកដំណើរមកពីប្រទេសផ្សេងៗ ដែលចូលមក​កម្ពុជា ត្រូវតែត្រួតពិនិត្យសុខភាពហើយធ្វើ ចត្តាឡីស័ករយៈពេល​១៤ថ្ងៃ ជាដាច់ខាត​ដោយមិនអាចកាត់បន្ថយថ្ងៃ ធ្វើចត្តាឡីស័កនោះទេ ។ បច្ចុប្បន្ននេះ​មាន​ពលករ ខ្មែរមក​ពីប្រទេសថៃ ចំនួនជាង៧ពាន់នាក់ នៅខេត្តចំនួន៧ បានកំពុងធ្វើចត្តាឡីស័ក ហើយត្រូវ​តែធ្វើចត្តាឡីស័ក ឲ្យបានរយៈពេល១៤ថ្ងៃ ដោយមិនត្រូវធ្វើការ កាត់បន្ថយ ពេលធ្វើ​ចត្តាឡីស័ក​នោះទេ ។

ក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យ​ប្រជាពល​រដ្ឋ កុំភ្លេចវិធានការ «៣កុំ» និង «៣ការពារ»។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរ​ព្រះគុណព្រះមហាក្សត្រ ព្រះមហាក្សត្រី ព្រះសង្ឃ និងប្រជាពលរដ្ឋទាំងអស់ ដែលបាន​ផ្តល់ព្រះរាជអំណោយ និងជំនួយជួយ​ទិញវ៉ាក់សាំង។

សម្តេចតេជោ បានលើកឡើងថា ព្រះរាជកាយវិការ និងកាយវិការទាំងនេះ បង្ហាញពីស្មារតីនៃសាមគ្គីភាព​នៅក្នុង​សង្គម​កម្ពុជា។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុចប៊ូតុងភ្ជាប់មុខដំណ​បំពង់​មេ​នាំទឹក និងប្រកាស​បើកការសាងសង់ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងចាប់​ពី​ពេល​នេះតទៅ៕

អត្ថបទដែលជាប់ទាក់ទង