ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកទទួលបានលទ្ធផលយ៉ាងល្អប្រសើរក្នុងឆ្នាំ២០២០
តាមការខិតខំបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវរបស់យន្តការដឹកនាំសុវត្ថិភាពចរាចរណ៍ផ្លូវគោក រួមទាំងមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក មន្ត្រីសាធារណៈការ និងដឹកជញ្ជូន មន្ត្រីកងរាជអាវុធហត្ថ និងសមត្ថកិច្ចពាក់ព័ន្ធ បានធ្វើឲ្យការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេសសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរក្នុងឆ្នាំ២០២០។ នេះបើតាមប្រសាសន៍លើកឡើងរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកក្នុងទិវាអន្ដរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៥ នាព្រឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
សម្ដេចក្រឡាហោម បានបញ្ជាក់ថា ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកទូទាំងប្រទេសលទ្ធផលល្អប្រសើរក្នុងឆ្នាំ២០២០ បើធៀបនឹងឆ្នាំ២០១៩ ក្នុងនោះបានកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ចំនួន៩៤២លើក ស្មើ២៣% កាត់បន្ថយអ្នកស្លាប់ចំនួន៣៣៥នាក់ ស្មើ១៧% និងកាត់បន្ថយអ្នករបួសចំនួន១,៤៥៥ ស្មើ២៤% និងបានសង្គ្រោះជីវិតប្រជាពលរដ្ឋចំនួន១៧៩០នាក់ឲ្យរួចផុតពីការបាត់បងជីវិត និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។
សម្ដេចក្រឡាហោម បានសង្កត់ធ្ងន់ផងដែរថា ដើម្បីឆ្លើយតបទៅនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានប្រកាសយកឆ្នាំ២០២០កន្លងទៅ ជាឆ្នាំនៃការរឹតបន្តឹងអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ដោយបានដាក់ចេញនូវវិធានការនានាក្នុងការទប់ស្កាត់ និងកាត់បន្ថយកំណើនគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកដែលបានកើនឡើងនៅឆ្នាំ២០១៩ ក្នុងនោះបានសម្រេចធ្វើវិសោធនកម្មអនុក្រឹត្យ ស្ដីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងកំពុងតែធ្វើវិសោធនកម្មច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកឲ្យកាន់តែសមស្របតាមស្ថានភាពជាក់ស្ដែង និងកាន់តែមានប្រសិទ្ធភាព ដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងអ្នកស្លាប់របួសឲ្យនៅចំនួនតិចតួចបំផុត។
ក្នុងនាមគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្ដេចក្រឡាហោម បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះពលីកម្មរបស់មន្ត្រីមានសមត្ថកិច្ចអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ការរក្សាសណ្ដាប់ធ្នាប់ចរាចរណ៍ផ្លូវគោក ការផ្សព្វផ្សាយអប់រំច្បាប់ ការកសាងជួសជុលកែលម្អស្ថានភាពផ្លូវថ្នល់ ការសង្គ្រោះជនរងគ្រោះ និងកិច្ចការសំខាន់ជាច្រើនទៀត ទទួលបានលទ្ធផលល្អប្រសើរក្នុងឆ្នាំ២០២០កន្លងទៅនេះ៕ អរគុណសន្តិភាព