Detail Top Banner

ខ្សែភាពយន្តប្រវត្តិសាស្រ្តដំបូងគេរបស់កម្ពុជា ដែលរៀបរាប់ពីខ្សែជីវិតពិតរបស់សមមិត្ត ហ៊ុន សែន រឿង “កូន ប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី” នឹងត្រូវចាប់ផ្តើមផលិតក្រោយការប្រកាសសមាសភាពគណៈកម្មការផលិតភាពយន្ត

ខ្សែភាពយន្តប្រវត្តិសាស្រ្តដំបូងគេរបស់ព្រះរាជាណាចក្រកម្ពុជា ដែលរៀបរាប់ពីខ្សែជីវិតពិតរបស់សមមិត្ត ហ៊ុន សែន ដែលបច្ចុប្បន្នជាស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងត្រូវចាប់ផ្តើមផលិតក្រោយការប្រកាសសមាសភាពគណៈកម្មការផលិតភាពយន្ត ដែលមានឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការ ក្រសួងព័ត៌មានជាប្រធានគណៈកម្មការផលិតភាពយន្តរឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី។
ឯកឧត្តម នាយឧត្តមសេនីយ៍ កត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរៈភូមិន្ទ មេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស និងជាទីប្រឹក្សាផលិតភាពយន្តរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី បានមានប្រសាសន៍ថា ដើម្បីឲ្យភាពយន្តប្រវត្តិសាស្ត្រដែលនិយាយពីប្រវត្តិពិតរបស់រដ្ឋបុរស និងដើម្បីឲ្យការផលិតប្រកបដោយគុណភាព ត្រូវទៅនឹងសម័យកាល យើងស្វែងរកសម្ភារៈផ្សេងៗសម្រាប់បំពាក់ដល់​តួរអង្គនានាក្នុងឆាកប្រយុទ្ធនាសម័យសង្គ្រាមប្រវត្តិសាស្រ្តឲ្យដូចទៅនឹងទិដ្ឋភាពពិតៗក្នុងអំឡុង​របបបនប្រល័យពូជសាសន៍ពិតប្រាកដ។
ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការផលិតភាពយន្តរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី មានប្រសាសន៍ថា ដោយសារដំណើររឿងនៃខ្សែភាពយន្តមានលក្ខណៈប្រវត្តិសាស្ត្រកម្រិតថ្នាក់ជាតិ ជាប្រវត្តិនៃខ្សែជីវិតជាក់ស្តែងរបស់សម្តេចតេជោផងនោះ ដូច្នេះក្នុងនាម ឯកឧត្តម ជាប្រធានគណៈកម្មការផលិតភាពយន្ត ត្រូវការពេលសិក្សាអំពីលក្ខណៈសម្បត្តិតួរអង្គឯក ស្ថានភាពក្នុងសម័យកាល និងទីតាំងសម្រាប់ថត ដើម្បីធ្វើឲ្យខ្សែភាពយន្តមួយនេះដូចទៅនឹងអ្វីដែលបានកើតឡើងក្នុងអតីតកាលពិតៗ។
ឯកឧត្តម ម៉ៅ អាយុទ្ធ មានប្រសាសន៍បន្ថែមទៀតថា បើទោះជាយើងមានឧបករណ៍ សម្ភារៈសម្រាប់ផលិតគ្រប់គ្រាន់ក៏ដោយ អ្វីដែលសំខាន់នោះគឺតួសម្តែង ដូច្នេះឯកឧត្តម សង្ឃឹមថាបងប្អូនសិល្បះករជើងចាស់ និងជំនាន់ក្រោយ និងរួមគ្នាប្រឹងប្រែងឲ្យសមត្តភាពដើម្បីឲ្យខ្សែភាពយន្តប្រវត្តិសាស្រ្តថ្នាក់ជាតិដែលរៀបរាប់ជីវិតពិតរបស់ស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ផលិតប្រកបដោយភាពជោគជ័យ។
ដោយសារដំណើររឿងនៃខ្សែភាពយន្តមានលក្ខណៈប្រវត្តិសាស្ត្រកម្រិតថ្នាក់ជាតិ ជាប្រវត្តិនៃខ្សែជីវិតជាក់ស្តែងរបស់សម្តេចតេជោផងនោះ ទើបសម្តេចសម្រេចឲ្យបង្កើត គណៈកម្មការផលិតខ្សែភាពយន្តនេះឡើងដោយក្នុងនោះមានឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន ជាប្រធាន លោក ហ៊ុយ វាសនា អនុប្រធាន ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹប សុវត្ថិ ទីប្រឹក្សា ឯកឧត្តម នាយឧត្តម សេនីយ៍ សៅ សុខា ទីប្រឹក្សា ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ទីប្រឹក្សា ឯកឧត្តម ឧត្តមសេនីយ៍ឯក ជឿន សុវណ្ណថា ទីប្រឹក្សា ឯកឧត្តម វ៉ាន់ ឆារស៍ជួន ជាទីប្រឹក្សា និងឯកឧត្តម អស់លោកជាច្រើនរូបជាសមាជិក និងអនុប្រធានគណៈកម្មការ។
សូមជម្រាបថារឿង «កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌រមី» កន្លងមករឿងនេះត្រូវបានតាក់តែងនិពន្ធជាល្ខោននិយាយ និងចាក់ផ្សាយនៅតាមប្រព័ន្ធផ្សព្វផ្សាយនានានៅកម្ពុជា ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រិយមិត្តអ្នកស្ដាប់ទូទាំងប្រទេស និងជាខ្សែរឿងដែលមានប្រជាប្រិយភាពបំផុត៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង