គំនិតផ្ដួចផ្ដើមរៀបចំ «យុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែង ប្រកបដោយអព្យាក្រឹតកាបូន»
នៅទីស្តីការក្រសួងបរិស្ថានថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ទិន ពន្លក អនុប្រធានទី២ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជារដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំ និងសម្របសម្រួលកិច្ចប្រជុំជាមួយ ឯកឧត្តម ជា ចន្ទន៍ធូ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព លោកបណ្ឌិត ហាក់ ម៉ៅ ប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ លោកបណ្ឌិត ហេង ចាន់ធឿន អនុប្រធាននាយកដ្ឋាន និងលោក ជូលៀន ទីប្រឹក្សាបច្ចេកទេស ព្រមទាំងមន្រ្តីពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជាដំណាក់កាលទី៣ ស្តីពី គំនិតផ្ដួចផ្ដើមរៀបចំ «យុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែង ប្រកបដោយអព្យាក្រឹតកាបូន» ដោយយោងតាមសុន្ទរកថារបស់សម្តេចតេជោនាយករដ្ឋមន្រ្តីថ្លែងក្នុង «កិច្ចប្រជុំកំពូលស្តីពីការប្តេជ្ញាចិត្តពាក់ព័ន្ធនឹងអាកាសធាតុ» តាមរយៈប្រព័ន្ធវីដេអូអនឡាញ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ដើម្បីបង្ហាញពីគោលជំហររបស់កម្ពុជាក្នុងការចូលរួមដោះស្រាយការប្រែប្រួលអាកាសធាតុនាពេលខាងមុខ។
ឯកឧត្តម ទិន ពន្លក បានលើកឡើងថា ការរៀបចំយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូនគឺជាបរិបទមួយសំខាន់ក្នុងនាមជាសមាជិកនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីអាកាសធាតុ និងស្របតាមការប្តេជ្ញាចិត្តរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលបានថ្លែងនៅក្នុងកិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុ។ ឯកឧត្តមក៏បានណែនាំអំពីចំណុចគន្លឹះមួយចំនួនមុននឹងដំណើរការរៀបចំយុទ្ធសាស្ត្រនេះពិសេសគួរសិក្សាអំពីការវាយតម្លៃផលប៉ះពាល់សេដ្ឋកិច្ចក្នុងការអនុវត្តយុទ្ធសាស្ត្រ។ ចំពោះគោលដៅកំណត់សម្រាប់យុទ្ធសាស្ត្រនេះមិនទាន់បានកំណត់នោះទេ ទាមទារឱ្យមានការសិក្សាបន្ថែមសិន។ កិច្ចប្រជុំក៏បានពិនិត្យលទ្ធភាពពីការគាំទ្រទាំងបច្ចេកទេសនិងថវិកាក្នុងការរៀបចំយុទ្ធសាស្ត្រនេះដែលបច្ចុប្បន្នមានដៃគូមួយចំនួនបង្ហាញពីការគាំទ្ររួមមាន៖ ស្ថានទូតចក្រភពអង់គ្លេសគាំទ្រលើការសិក្សាបឋម AFD គាំទ្រវិស័យថាមពល កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជាគាំទ្រលើទីប្រឹក្សាមួយចំនួននិងការរៀបចំសិក្ខាសាលា ចំណែកធនាគារពិភពលោក និងវិទ្យាស្ថានអភិវឌ្ឍន៍បៃតង មិនទាន់ធ្វើការសម្រេចចិត្តនៅឡើយ។ ឯកឧត្តម ទិន ពន្លក ណែនាំឱ្យរៀបចំសំណើសុំគោលការណ៍សម្រេចពីឯកឧត្តមរដ្ឋមន្ត្រីទៅលើសំណើគាំទ្ររបស់ដៃគូពាក់ព័ន្ធ ។
ខាងក្រោមនេះ គឺមានតារាងស្តីពីគុណភាពខ្យល់នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា នាវេលាព្រឹក ម៉ោង៧:០០នាទី ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ ៖