Detail Top Banner

ថ្ងៃនេះ ម៉ោងនេះ ផ្សែងហុយចេញពីរោងចក្រ “ហ្គែនប៊ឺក” ហុយបំពុលពេញភូមិ

“ថ្ងៃនេះ ម៉ោងនេះ ផ្សែងហុយចេញពីរោងចក្រ”ហ្គែនប៊ឺក” ហុយបំពុលពេញភូមិ។
ផ្សែងដែលភាយចេញពីរោងចក្រ ធំក្លឹនដូចផ្សែងដែលដុតចេញពីថង់ផ្លាស់ស្ទិក និងក្លឹនដូចបាយជ្រូកលាយឡំគ្នា ហើយក៏មានកំទេចផេះហុយសំពោង។ (ចំហាយផ្សែងដែលហុយចេញពីថង់ផ្លាស់ស្ទីក ពេលដែលស្រូបចូលទៅអាចធ្វើឲ្យរលាកប្រព័ន្ធផ្លូវដង្ហើម ជាពិសេសក្មេងៗ) អ្នកនៅម្តុំភាគខាងលិចរោងចក្ររអ៊ូឈឺក្បាលស្ទើគ្រប់គ្នា។”
ប៉ុន្តែនេះគឺជាផ្សែងដែលហុយចេញពីរោងចក្រកែឆ្នៃស្រាបៀរហ្គែនប៊ើក ដែលកំពុងចេញពីឡចំហុយ។
យើងដឹងហើយថា ផ្សែង គឺប៉ះពាល់បរិស្ថាន និងសុខភាព សាលារាជធានីភ្នំពេញក៏បានប្រកាសផងដែរ អំពីបញ្ហារោងចក្រកែឆ្នៃគ្រប់ប្រភេទ ត្រូវរុះរើទៅបង្កើតនៅក្រៅរាជធានី ក៏ប៉ុន្តែក្រុមហ៊ុនមួយនេះ មិនបានគោរពតាមការណែនាំនោះទេ ហើយថែមទាំងជួលជាងនិងកម្មករពីក្រៅប្រទេសមានវៀតណាម ថៃ មកធ្វើការផ្នែកបច្ចេកទេសនិងសំណង់ ព្រមទាំងមានរថយន្តកុងទិនន័របានបើកបរចូលរោងចក្រទាំងថ្ងៃទាំងយប់ ព្រមទាំងស៊ីផ្លេរំខានការសម្រាកគេងក្នុងពេលរាត្រីរបស់បងប្អូនប្រជាពលរដ្ឋ និងបើកបរកិនបាក់ បំបែកលូរបង្ហូរទឹកស្អុយសាធារណៈក្នុងភូមិស្ពានខ្ពស់ ដែលធ្វើឲ្យបាក់ធ្លាក់ចូលបណ្តាញលូបង្កឲ្យមានការកកស្ទះទឹកហូរ ធ្វើឲ្យមានទឹកដក់តាមផ្លូវសាធារណៈក្នុងភូមិមានជះក្លិនស្អុយក្នុងភូមិ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ទៀតផងនៅរដូវវស្សា។
ទោះបីជាមានផលប៉ះពាល់យ៉ាងដូច្នោះ​ក៏ជំនាញមន្ត្រីពាក់ព័ន្ធនានា មិនបានមកពិនិត្យមើលពីសុខទុក្ខ ឬការប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋនោះទេ។
ប្រជាពលរដ្ឋក្នុងភូមិបឹងឈូក ភូមិស្ពានខ្ពស់ និងភូមិនានាដែលមានប្រជាពលរដ្ឋកំពុងរស់នៅព័ទ្ធជុំវិញរោងចក្រមួយនេះ សំណូមពរដល់លោកអភិបាលរាជធានីភ្នំពេញ ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធនានាមេត្តាមានវិធានការផង ព្រោះថា វាកំពុងធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋនៅក្នុងសហគមខ្លាំងណាស់។
អត្ថបទដែលជាប់ទាក់ទង