Detail Top Banner

ប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកយុវជន ដណ្ដើមពានរង្វាន់ព្រឹទ្ធាចារ្យ ហែម ថុន លើកទី៤ ឆ្នាំ២០២១

ក្លឹបកីឡាហែលទឹកក្រសួងសាធារណការ និងដឹកជញ្ជូនឈរនៅចំណាត់ថ្នាក់លេខ១ ក្លឹបហែលទឹកក្រសួង​ព័ត៌មាន​ឈរនៅចំណាត់ថ្នាក់លេខ២ ខណៈក្លឹបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឈរនៅចំណាត់ថ្នាក់លេខ៣ ដោយក្លឹបទាំងបីនេះប្រជែងមេដាយមាសបានច្រើនជាងគេ ។

នៅក្នុងការប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកយុវជន ដណ្ដើមពានរង្វាន់ព្រឹទ្ធាចារ្យ ហែម ថុន លើកទី៤ ឆ្នាំ២០២១ ដែលបានបញ្ចប់ដោយជោគជ័យ កាលពីចុងសប្តាហ៍កន្លងទៅ នៅអាងហែលទឹកពហុកីឡដ្ឋានជាតិ​អូឡាំពិក។

លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក​បានបង្ហាញលទ្ធផលរបស់គណៈកម្មការ​បច្ចេកទេស​ថា ក្លឹបហែលទឹកក្រសួងសាធារណការ និងដឹកជញ្ជូន ដែលឈរនៅចំណាត់ថ្នាក់លេខ១នេះ គឺដណ្តើមបានមេដាយមាស៨ ប្រាក់៧ និងសំរឹទ្ធ៤ សរុប១៩គ្រឿង, ចំណាត់ថ្នាក់លេខ២ ក្រសួងព័ត៌មាន បានឈ្នះមេដាយមាស៧ ប្រាក់១ និងសំរឹទ្ធ១ ខណៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ៣ បានមេដាយ​មាស៦ ប្រាក់៨ និងសំរឹទ្ធ៥គ្រឿង។ ចំពោះក្លឹបហែលទឹកនាគរាជកំពង់ចាម លេខ៤ មេដាយមាស១ ប្រាក់៣ និងសំរឹទ្ធ៥ និងលេខ៥ ក្លឹប Oasis Swim Academy មេដាយមាស១ ខណៈ២ក្លឹបដែលមិនទទួលបាន​មេដាយសោះ គឺក្លឹបសាលាបារំាង Decart និងសាលាអន្តរជាតិ ISPP។

ព្រឹត្តិការណ៍ហែលទឹកជើងឯកយុវជន ពានរង្វាន់ព្រឹទ្ធាចារ្យហែម ថុន លើកទី៤ ឆ្នាំ២០២១នេះ មានកីឡាករ កីឡាការិនីចូលរួមប្រកួតប្រជែងមេដាយចំនួន៩៨នាក់ ក្នុងនោះមានកីឡាករ៦៣នាក់ មកពីក្លឹបចំនួន៩ ដែល​ការប្រកួតមានរយៈពេល២ថ្ងៃគឺថ្ងៃទី១៩-២០ ខែធ្នូ ឆ្នាំ២០២១។ ការប្រកួតហែលទឹកនេះ ត្រូវបានធ្វើឡើង​ក្រោម​គំនិតផ្តួចផ្តើមរបស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក ដើម្បីជាការរម្លឹកគុណូបការៈ និងស្នាដៃរបស់លោក ហែម ថុន និង​បំផុស​ឲ្យកីឡាករ កីឡាការិនី យុវជនខ្មែរ និងបរទេសចូលរួមក្នុងគោលបំណងពង្រឹងសមត្ថភាព គុណភាព​កីឡាករ កីឡាការិនីកម្ពុជាឲ្យកាន់តែល្អប្រសើរបន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង