ឃាត់ជនជាតិវៀតណាម៥នាក់ ពុំមានលិខិតស្នាម លួចឆ្លងដែនចូលមកស្នាក់នៅខេត្តព្រះសីហនុបាន ២០ថ្ងៃ រួចត្រូវបានមេខ្យល់បញ្ជូនមកធ្វើការនៅកាស៊ីណូថ្មដាបាន ២០ថ្ងៃទៀត
ខេត្តពោធិ៍សាត់៖ កម្លាំងនគរបាលស្រុកវាលវែង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មដា បានឈានដល់ការឃាត់ខ្លួនជនជាតិវៀតណាម ៥នាក់ ពុំមានលិខិតស្នាម លួចឆ្លងដែនចូលមកស្នាក់នៅខេត្តព្រះសីហនុបាន ២០ថ្ងៃ រួចត្រូវបានមេខ្យល់បញ្ជូនមកធ្វើការនៅកាស៊ីណូថ្មដាបាន ២០ថ្ងៃទៀត។
ការឃាត់ខ្លួនជនជាតិវៀតណាមខាងលើ ត្រូវបានធ្វើឡើងនាវេលាម៉ោង ១.៣០នាទីរសៀលថៃ្ងទី២១ ខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីរកឃើញជនជាតិវៀតណាមទាំងនោះ បានរត់ចេញពីតំបន់សេដ្ឋកិច្ចពិសេសក្រុមហ៊ុន MDS របស់លោកឧកញ៉ា ទ្រី ភាព នៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
សេចក្តីរាយការណ៍បានឱ្យដឹងថា ជនជាតិវៀតណាម ដែលត្រូវបានឃាត់ខ្លួននោះមានឈ្មោះ៖
១-ប៊ួយ ចឹងតង ភេទប្រុស អាយុ៣៧ឆ្នាំ
២-ឡេ វឹងហុងគក់ ភេទប្រុស អាយុ១៩ឆ្នាំ
៣-តៅ ហៀន ភេទប្រុស អាយុ៣២ឆ្នាំ
៤-ដាំង វាងបួន ភេទប្រុស អាយុ៣២ឆ្នាំ
៥-វៀន តាន់លីង ភេទប្រុស អាយុ២៥ឆ្នាំ។
សេចក្តីរាយការណ៍បានបន្តថា ក្រោយពីកម្លាំងនគរបាលស្រុកវាលវែង ដឹកនាំដោយលោកអធិការងទទួលការងារអន្តោប្រវេសន៍ បានឃាត់ខ្លួនសាកសួរ និងពិនិត្យពុំឃើញមានលិខិតឆ្លងដែនទាំងអស់ហើយក្រុមហ៊ុន MDS មិនទទួលស្គាល់យកធ្វើការវិញនោះ ពួកគេក៏ត្រូវបានបញ្ជូនបន្តមកធ្វើចត្តាឡីស័ក ១៤ថ្ងៃ នៅមណ្ឌលរលាំង និងបន្តប្រគល់ជូនសមត្ថកិច្ចអនុវត្តន៍ច្បាប់។
តាមការសាកសួរបឋម ជនជាតិវៀតណាម ៥នាក់នោះ គឺមានជនជាតិវៀតណាមម្នាក់ មិនស្គាល់ឈ្មោះជាមេខ្យល់ បាននាំចូលឱ្យមកស្នាក់នៅខេត្តកំពង់សោម រយៈពេល ២០ថ្ងៃ កន្លងមកហើយ ដោយមិនបានស្គាល់ឈ្មោះច្រកចេញចូល បន្ទាប់មកបានបញ្ជូនមកដាក់ធ្វើការនៅកាស៊ីណូថ្មដា ចំនួន ២០ថ្ងៃទៀត៕