Detail Top Banner

មជ្ឈមណ្ឌលជាតិកីឡាទូកក្ដោង នឹងរៀបចំហ្វឹកហ្វឺនផ្ទាល់ខ្លួន ដើម្បីពង្រឹងការអភិវឌ្ឍន៍ត្រៀម SEA Games 2023

សហព័ន្ធកីឡាទូកក្ដោងកម្ពុជា គ្រោងនឹងរៀបចំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាទូកក្ដោងផ្ទាល់ខ្លួន នាពេលដ៏ខ្លីខាងមុខ នៅតំបន់ឆ្នេររាម ខេត្តព្រះសីហនុ ដើម្បីជំរុញការហ្វឹកហាត់ និងការប្រកួតរបស់កីឡាករ-កីឡាការិនីឲ្យកាន់តែប្រសើរ ត្រៀមឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣។ នេះបើតាមការបញ្ជាក់របស់ប្រមុខសហព័ន្ធ ក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី១ និងបន្ដអាណត្តិទី២ កាលពីព្រឹកមិញ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)។

លោក ថោង រដ្ឋសក្ដិ អនុប្រធានសហព័ន្ធទី១ បានបញ្ជាក់ថា ក្នុងអាណត្តិថ្មី ឆ្នាំ២០១៩-២០២៣ សហព័ន្ធមានផែនការជាច្រើន ដែលត្រូវរៀបចំ និងអភិវឌ្ឍ ទាំងការបណ្ដុះបណ្ដាលធនធានកីឡាករ-កីឡាការិនី មន្ដ្រីបច្ចេកទេស ក្លិប និងការប្រកួតក្នុងស្រុកជាដើម ពិសេសការរៀបចំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាទូកក្ដោងផ្ទាល់ខ្លួន ដ្បិតបច្ចុប្បន្នសហព័ន្ធ មានកន្លែងហ្វឹកហាត់បណ្ដោះអាសន្ន នៅមូលដ្ឋានកងទ័ពជើងទឹករាម នាស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅឡើយ។

ជុំវិញគម្រោងរៀបចំកន្លែងហ្វឹកហាត់ផ្ទាល់ខ្លួននេះដែរ លោក សោម សុទ្ធរិទ្ធិពង្ស អគ្គលេខាធិការសហព័ន្ធ បានបន្ថែមថា សហព័ន្ធដាច់ខាតត្រូវតែធ្វើ ដើម្បីជាមូលដ្ឋាន សម្រាប់ការហ្វឹកហាត់ និងការប្រកួតរបស់ក្រុមជម្រើសជាតិ ហើយមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាទូកក្ដោងនេះ ក៏អាចនឹងបម្រើឲ្យកីឡាលើទឹកផ្សេងទៀត ដូចជាកីឡាម៉ូតូទឹកជាដើម ។ បច្ចុប្បន្នសហព័ន្ធ កំពុងធ្វើការសិក្សាជាមួយអ្នកជំនាញ ដើម្បីជំរុញការរៀបចំមជ្ឈមណ្ឌលនេះឲ្យបានទាន់ពេលវេលា ដែលមានមូលដ្ឋានៅជិតមូលដ្ឋានកងទ័ពជើងទឹករាមដែរ។

ទន្ទឹមជាមួយគ្នា លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងជាអនុប្រធានសហព័ន្ធទី២ បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលក្នុងអាណត្តិទី១ ទោះបីកីឡាទូកក្ដោង ទើបកកើតកាលពីឆ្នាំ២០១៥ តែមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ទាំងថ្នាក់ជាតិ និងអន្ដរជាតិ ។ ដូច្នេះផ្អែកលើផែនការអាណត្តិថ្មី លោកសង្ឃឹម​ថា នឹងជំរុញឲ្យប្រភេទកីឡាអូឡាំពិកនេះ មានលទ្ធភាពឆ្ពោះទៅដណ្ដើមមេដាយជូនជាតិ ក្នុងការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ ហើយលោកក៏អំពាវនាវឲ្យកីឡាករ-កីឡាការិនីបន្ដខិតខំប្រឹងប្រែង ដើម្បីសម្រេចគោល​ដៅ​ផងដែរ។

រីឯលោក សោម សុទ្ធរិទ្ធិពង្ស ជាអគ្គលេខាធិការ និង កញ្ញា ងួន តរុណី ជាអគ្គហេរញិក រួមជាមួយសាមជិក ៤រូបទៀត គឺមានលោក ឡុង សុខា លោក វ៉េត យុវនាថ លោក លឹម ច័ន្ទណារ៉េត និងលោកស្រី ទិព្វ ច័ន្ទវត្ដី ។

គួរបញ្ជាក់ថា ក្នុងអាណត្តិទី២ របស់សហព័ន្ធកីឡាទូកក្ដោងកម្ពុជា គឺពុំមានការផ្លាស់ប្ដូរច្រើននោះទេ ដោយសមាជិកប្រតិបត្តិ បានបោះឆ្នោតគាំទ្រលោកឧកញ៉ា ថាង ហ្គោដុន បន្ដធ្វើជាប្រធានសហព័ន្ធ ខណៈលោក ថោង រដ្ឋសក្ដិ និងលោក វ៉ាត់ ចំរើន បន្ដធ្វើអនុប្រធាន៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង