រដ្ឋបាលខេត្តព្រះសីហនុ អំពាវនាវដល់ពលរដ្ឋចេញចូលទីតាំងមួយចំនួន និងដឹងខ្លួនប៉ះពាល់ជាមួយជនជាតិចិន២នាក់ ដែលឆ្លងកូវីដ១៩ សូមទៅធ្វើតេស្ត និងធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ
(ព្រះសីហនុ)៖ រដ្ឋាបាលខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹង ដោយអំពាវនាវប្រជាពលរដ្ឋ ដែលធ្លាប់ចេញចូល នៅសណ្ឋាគារជីនប៉ីទាំង៣សាខា និងអគារស្នាក់នៅរួមរបស់បុគ្គលិកក្រុមហ៊ុនជីនប៉ិន ចាប់ពីយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ និងសណ្ឋាគារហ័ងហ្គ័នជាយី ចាប់ពីយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ឬដឹងថាខ្លួនបានប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩ ដែលជាជនជាតិចិនទើបរកឃើញវិជ្ជមានទាំង២នាក់ សូមអញ្ជើញទៅធ្វើតេស្តរកកូវីដ១៩។
រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរក្រសួងសុខាភិបាលខេត្តព្រីហនុ ប្រចាំការនៅសាលាបឋមសិក្សា អនុវិទ្យាល័យ តេជោសែន កម្មករ ស្ថិតនៅវិថីឯករាជ្យ (ផ្លូវ១០០) សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ចាប់ពីម៉ោង១រសៀល ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះតទៅ ដើម្បីក្រុមការងារពិនិត្យយកសំណាកធ្វើតេស្ត និងធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ។
សូមជម្រាបថា ស្ត្រីជនជាតិចិន២នាក់ ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ នៅខេត្តព្រះសីហនុ ដោយបច្ចុប្បន្នអ្នកជំងឺកំពុងដាក់ឲ្យនៅដាច់ដោយឡែក និងផ្តល់ការព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
គិតត្រឹមថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៦៣៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៧៦នាក់ និងអ្នកជំងឺ១៤២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕