ឃាត់ខ្លួនជនជាតិបារាំងម្នាក់ ពីបទរស់នៅខុសច្បាប់ ប្រើប្រាស់គ្រឿងញៀន ប្រើប្រាស់អាវុធដោយខុសច្បាប់ និងបំផ្លិចបំផ្លាញទ្រព្យអ្នកដ៏ទៃ ដកហូតបានអាវុធជាច្រើនដើម
ភ្នំពេញ៖ បុរសជនជាតិបារាំងម្នាក់ ត្រូវបានការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃផែនការងារអន្តោប្រវេសន៍ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ទិត វិសិដ្ឋ ស្នងការរង ទទួលផែនការងារអន្តោប្រវេសន៍ និងលោកនាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី បានសហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាល ខណ្ឌជ្រោយចង្វារ ធ្វើការចាប់ឃាត់ខ្លួន ពាក់ព័ន្ធនឹងករណី ស្នាក់នៅខុសច្បាប់ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រើប្រាស់អាវុធដោយខុសច្បាប់ និងបំផ្លិចបំផ្លាញទ្រព្យអ្នកដ៏ទៃ ដកហូតបានអាវុធជាច្រើនដើម។
ការចាប់ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចក្នុងបុរីសុភមង្គល ផ្ទះជួលលេខH12B ផ្លូវជាតិលេខ៦ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្រោយពីទទួលបានបទបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនជាតិបារាំងខាងលើនេះមាន ឈ្មោះ BAUDRY SEBASTIEN ភេទប្រុស អាយុ៤៣ឆ្នាំ។
បច្ចុប្បន្នកម្លាំងជំនាញ បានបញ្ជូនជនជាតិបារាំងខាងលើនេះ យកទៅកាន់វិទ្យាស្ថានជាតិសុខភាពសាធារណៈ ដើម្បីពិនិត្យរកមេរោគឆ្លងកូវីដ-១៩ លទ្ធផលបញ្ជាក់គឺគ្មានជំងឺកូវីដ-១៩នោះទេ និងកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការបន្តតាមនីតិវិធីច្បាប់៕ ដោយ១៩