Detail Top Banner

ក្រសួងសុខាភិបាល ជ្រើសទីតាំងមណ្ឌលចត្ដាឡីស័កព្រែកព្នៅ ទៅជាកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩ ចាប់ពីយប់នេះតទៅ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានសម្រេចដាក់មណ្ឌលចត្ដាឡីស័ករាជធានីភ្នំពេញ ដែលស្ថិតនៅខណ្ឌព្រែកព្នៅ ក្លាយទៅជាមន្ទីរពេទ្យសម្រាប់ព្យាបាលជំងឺកូវីដ១៩ ខណៈដែលមន្ទីរព្យាបាលជំងឺកូវីដ១៩ ចំនួន៣ទីតាំងផ្សេងទៀតបានពេញអស់។

ការជ្រើសមណ្ឌលចត្ដាឡីស័ករាជធានីភ្នំពេញនេះ ទៅជាកន្លែងពិនិត្យព្យាបាលជំងឺកូវីដ១៩ បន្ទាប់ពី រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានដឹកនាំគណៈប្រតិភូមន្ដ្រីសុខាភិបាល ជាមួយសាលារាជធានីភ្នំពេញ ចុះមកពិនិត្យទីតាំង មណ្ឌលចត្ដាឡីស័កនេះ នៅយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

តាមការបញ្ជាក់របស់ លោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានឱ្យដឹងថា «មន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩នេះ គឺអាចដាក់អ្នកជំងឺបានចំនួន៥០០គ្រែ ដែល នឹងមានទីតាំងធំទូលាយ មានបន្ទប់គ្រូពេទ្យ សម្រាប់ត្រៀមព្យាបាលអ្នកជំងឺគ្រប់គ្រាន់ ហើយនឹងចាប់ផ្ដើមដាក់អ្នកជំងឺពីយប់នេះតទៅ»។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ទីតាំងព្យាបាលជំងឺកូវីដ១៩ មានចំនួន៤ទីតាំងហើយ គឺនៅមន្ទីរពេទ្យ មិត្ដភាពខ្មែរ-សូវៀត, មណ្ឌលសុខភាពចក្រអង្រែ, មជ្ឈមណ្ឌលកំចាត់មេរោគរបេង និងហង់សិន និងមន្ទីរព្យាបាលជំងឺកូវីដ១៩ព្រែកព្នៅ៕

 

 

អត្ថបទដែលជាប់ទាក់ទង