បុគ្គលិកក្រុមហ៊ុន Hong Anh មានទីតាំងនៅខេត្តស្ទឹងត្រែងចំនួន ៣៥នាក់ ស្រី ៧នាក់ ធ្វើដំណើរចូលមកពីប្រទេសវៀតណាម ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក
ខេត្តរតនគិរី៖ នៅថ្ងៃពុធ ១៣កើត ខែផល្គុនឆ្នាំជូតព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១៣និង០០នាទីម្សិលមិញ ប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវខេត្តរតនគិរី បានត្រួតពិនិត្យ និងសំរួលបែបបទជូនបុគ្គលិកក្រុមហ៊ុន Hong Anh មានទីតាំងនៅខេត្តស្ទឹងត្រែងចំនួន ៣៥នាក់ ស្រី ៧នាក់ ធ្វើដំណើរចូលមកក្នុងប្រទេសកម្ពុជា ដោយប្រើប្រាស់លិខិតឆ្លងដែន មានទិដ្ឋាការប្រភេទ E ចេញដោយអគ្គកុងស៊ុលកម្ពុជាប្រចាំនៅទីក្រុងហូជីមីញ និងមានវិញ្ញាបនបត្រសុខភាពបញ្ជាក់ថា អវិជ្ជមានកូវីដ ១៩ ។ ទោះជាយ៉ាងណាដោយអនុវត្តន៍តាមគោលការណ៍ របស់ក្រសួងសុខាភិបាល ស្ថាប័នចត្តាឡីស័ក បានយកបុគ្គលិកក្រុមហ៊ុន ចំនួន ៣៥នាក់ស្រី ៧នាក់ រក្សាទុកនៅ(សណ្ឋាគារមិត្តភាពក្រុមហ៊ុនទ្រីភាព) ដែលមាន ទីតាំងនៅ ភូមិប៉ក់ធំឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី នៅក្បែរច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ដើម្បីរង់ចាំលទ្ធផលធ្វើតេស្តទាំងពីរលើក រយ:ពេល១៤ថ្ងៃ ពីមន្ទីរពិសោធន៍នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។
យោងតាមការប្រាប់ឲ្យដឹងពីវេជ្ជបណ្ឌិត អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តថា បច្ចុប្បន្នអ្នកដែលត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កនៅសណ្ឋាគារមិត្តភាពក្រុមហ៊ុនទ្រីភាព ព្រំដែនអូរយ៉ាដាវកម្ពុជា-វៀតណាម មានចំនួន ២០៤នាក់ ស្រី ២៧នាក់ ជាបុគ្គលិកក្រុមហ៊ុនវិនិយោគវៀតណាម ក្នុងនោះមានខ្មែរ ១នាក់(ប្រុស) ជាមន្ត្រីបរិស្ថានខេត្ត ឆ្លងដែនពីវៀតណាម។ ដោយឡែកលទ្ធផលសំណាកតេស្តកូវីដ១៩ ចំនួន ១១២នាក់ គឺអវិជ្ជមាន ហើយអ្នកដែលនៅសេសសល់ លទ្ធផលនឹងចេញបន្តបន្ទាប់ពីមន្ទីរពិសោធន៍នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា៕