សម្តេចពិជ័យសេនា ទៀ បាញ់ និងអនុព័ន្ធយោធា នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា អញ្ជើញចុះត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនមន្ត្រីកងរាជអាវុធហត្ថ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងប្រតិភូអមដំណើរ ព្រមទាំងអនុព័ន្ធយោធា នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា បានអញ្ជើញចុះត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនយោធិននៃកងរាជអាវុធហត្ថ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ក្នុងពិធីនេះ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងនាយទាហានជាន់ខ្ពស់ នៃកងរាជអាវុធហត្ថទទួលស្វាគមន៍យ៉ាងកក់ក្តៅ។កម្លាំងអាវុហត្ថ បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ តាំងពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីបញ្ជាការដ្ឋានអាវុហត្ថលើផ្ទៃប្រទេស។ សូមបញ្ជាក់ថា កាលពីថ្ងៃ១០ ខែកុម្ភៈ ឆ្នាំ២០២១ ថ្នាក់ដឹកនាំមួយចំនួនរបស់កម្ពុជា កងទ័ព និងអ្នកសារព័ត៌មាន ដែលមានអាយុចន្លោះពី១៨ ទៅ ៥៩ឆ្នាំ បានចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន។
ការទទួលវ៉ាក់សាំងកូវីដ១៩ ឈ្មោះស៉ីណូហ្វាម ធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត នៅទីតាំងចំនួន៥ ដែលមានអាយុចន្លោះពី១៨ ទៅ ៥៩ឆ្នាំ៖
១. មន្ទីរពេទ្យកាល់ម៉ែត សម្រាប់ឥស្សរជនជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ
២. មន្ទីរពេទ្យព្រះអង្គឌួង សម្រាប់ឥស្សរជន ជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើ
៣. មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្រាប់ឥស្សរជនជាអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត
៤. មន្ទីរពេទ្យកុមារជាតិ សម្រាប់អ្នកសារព័ត៌មាន
៥. មន្ទីរពេទ្យកេតុមាលា សម្រាប់ថ្នាក់ដឹកនាំកងទ័ព។ ដោយឡែក សម្រាប់អង្គភាពទ័ពមួយចំនួន នឹងមានការរៀបចំទៅដាក់ដល់ក្នុងអង្គភាពផ្ទាល់តែម្ដង។
វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ចិន ចំនួន ៦០ម៉ឺនដូសនេះ ជាប្រភេទវ៉ាក់សាំងស៉ីណូហ្វាម ដែលផលិតដោយរដ្ឋាភិបាលចិន បានបញ្ជូនមកដល់ប្រទេសកម្ពុជា កាលពីរសៀលថ្ងៃទី៧ ខែកុម្ភៈ ២០២១។ គិតត្រឹមយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងការពារជាតិកម្ពុជា បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ស៉ីណូហ្វាម (Sinopharm) របស់ចិន ជូនកងកម្លាំងកើនដល់ចំនួនសរុប ៤៤ ១៧១នាក់ ក្នុងនោះមាននារី ៣ ៧២១នាក់។
ដោយឡែកសម្រាប់ក្រសួងសុខាភិបាលវិញ គិតត្រឹមយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ បានចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាមរបស់ចិន ជូនជនស៊ីវិលបានចំនួន ១០,១១៥នាក់ហើយ ក្នុងនោះស្ត្រីមានចំនួន ៣២៩១នាក់។
សូមជម្រាបថា គិតត្រឹមម៉ោង៧.០០នាទីព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៦៥នាក់ (ករណីឆ្លងសហគមន៌នៅភ្នំពេញ ៥៨នាក់ ក្រុងព្រះសីហនុ ៦នាក់ និងករណីនាំចូល ១នាក់ យោធាមួកខៀវ) ចំនួនអ្នកឆ្លងសរុប ៦៩៧នាក់ ស្រី ២៧៨នាក់ ប្រុស ៤១៩នាក់ និងមានអ្នកជាសះស្បើយ ៤៧៧នាក់ ស្រី ១៦៩នាក់ ប្រុស ៣០៨នាក់ បច្ចុប្បន្នអ្នកកំពុងសម្រាកព្យាបាលសរុបកើនឡើង ២១៧នាក់ ស្រី ១០៧នាក់ និងបុរស ១១០នាក់ ៕