Detail Top Banner

ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត ចុះស្រាវជ្រាវករណី គណនីWechat និងគណនីហ្វេកប៊ុកគ្រុប មួយបានបង្ហោះព័ត៌មានប្រឌិត

ខេត្តស្វាយរៀង៖ ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ខេត្ត នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ បានចាត់ឱ្យ ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដឹកនាំក្រុមការងារ និងកម្លាំងជំនាញ សហការជាមួយតំបន់សេដ្ឋកិច្ចពិសេសហ្គីហ្កា នៅរោងចក្រស៊ី.វ៉ាយ.ថប់ (ខេមបូឌា) ឯ.ក ចុះស្រាវជ្រាវករណី គណនីWechat និងគណនីហ្វេកប៊ុកគ្រុប មួយបានបង្ហោះពាក់ព័ន្ធទៅ និងខ្លឹមសារថា “យោងតាមសាលាក្រុងបាវិត បានជូនដំណឹងថា នៅក្រុងបាវិតមានករណីមនុស្ស២ ឬ៣នាក់ ឆ្លងជំងឺកូវីដ១៩ហើយ”។
ចំពោះករណីនេះ គណៈកម្មការកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ខេត្ត សូមជម្រាបជូនដល់ឯកឧត្ដម លោកជំទាវ លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋឱ្យបានជ្រាបថា នៅក្នុងភូមិសាស្រ្តក្រុងបាវិត មានសភាពស្ងប់ស្ងាត់ធម្មតា គឺមិនមានការឆ្លងជំងឺកូវីដ១៩ ដូចដែលបុគ្គលខាងលើបានលើកឡើងនោះទេ។ ដោយឡែកបុគ្គលដែលបានបង្ហោះព័ត៌មានក្លែងក្លាយនេះ ក៏បានទទួលស្គាល់កំហុស និងធ្វើលិខិតសុំទោស ព្រមទាំងធ្វើកិច្ចសន្យាបញ្ឈប់ផ្សព្វផ្សាយព័ត៌មានខុសឆ្គងបែបនេះបន្តទៀតនៅថ្ងៃក្រោយ ដូចច្នេះ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណៈជនមេត្តាជ្រាប និងកុំមានការយល់ច្រឡំ។
ទន្ទឹមនេះ រដ្ឋបាលខេត្ត សូមអំពាវនាវ និងលើកទឹកចិត្ត ដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន មេត្តាជួយផ្ដល់ព័ត៌មានពិត និងមានប្រភពច្បាស់លាស់ ដើម្បីចូលរួមទាំងអស់គ្នាក្នុងការបង្ការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងសូមថ្កោលទោសយ៉ាងដាច់អហង្ការ និងប្រឆាំងដាច់ខាត ចំពោះរាល់ព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនមានប្រភពច្បាស់លាស់ ដែលជាប្រភពនាំឲ្យសាធារណជនមានការភ័ន្តច្រឡំ និងបង្កនូវចលាចលនៅក្នុងសង្គម ៕
អត្ថបទដែលជាប់ទាក់ទង